យុវជន​ម្នាក់​ព្រួយបារម្ភ​ពី​គូ​ដណ្តឹង​ខ្លួន​ត្រូវ​មេខ្យល់​នាំទៅ​លក់​នៅ​ចិន​ព្រោះ​មិនឃើញ​ឆ្លងឆ្លើយ​

445
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ​ក្រោយ​ទទួល​ឆាត​(Chat)​ពី​ស្ត្រី​ដែល​សង្ស័យ​ជា​មេខ្យល់ ដោយ​ប្រាប់ថា បើ​ចង់​ឲ្យ​គូ​ដណ្តឹង​ត្រឡប់មកវិញ ផ្ញើ​លុយ​ទៅ​ឲ្យ​រូបគេ ហើយក៏​ត្រូវបាន​ប្លក់​(BLOCK) ហ្វេ​ស​ប៊ុ​ក​ចោល ។​ទើប​ធ្វើឱ្យ​យុវជន​ម្នាក់​ដែលជា​គូ​ដណ្តឹង​របស់​នារី​នោះ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ពី​អនាគត​ប្រពន្ធ​របស់ខ្លួន​។​បុរស​នោះបាន​បន្តទៅ​ដាក់ពាក្យ​បណ្តឹង​ជា​បន្តបន្ទាប់​សុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏ដូចជា​ស្ថានទូត​ចិន​ជួយ​អន្តរាគមន៍ ធ្វើយ៉ាងណា​ឲ្យ​គូ​ដណ្តឹង​របស់ខ្លួន​បាន​ត្រឡប់មក​មាតុប្រទេស​វិញ​។​

​យុវជន​រូបនោះ​ឈ្មោះ​អ៊ុក​សុជាតិ​អាយុ​៣៣​ឆ្នាំ​រស់នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ជា​អតីត​ពលករ​កូរ៉េ​និង​កំពុង​រៀន​ភាសារ​ជប៉ុន​ត្រៀម​ទៅធ្វើ​ពលករ​ប្រទេស​ជប៉ុន​នៅពេល​ខាងមុខនេះ​។​ចំណែក​គូ​ដណ្តឹង​ឈ្មោះ​ញ៉​សុខ​ច័ន្ទ​ហៅ​តក់​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ស្ទឹង​ស្លូត​ឃុំ​អ្នក​លឿង​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង​។​រីឯ​ស្ត្រី​ជា​មេខ្យល់​ដែល​រង​ការចោទប្រកាន់​នោះ​ឈ្មោះ​ថោង​ស្រីរ័ត្ន​ភេទ​ស្រី​អាយុ​ជាង​២០​ឆ្នាំមាន​លំនៅ​ភូមិ តាំង​ស្រី ឃុំ​មេ​ព្រីង ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

​សូមជម្រាបថា​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​យុវជន​ជា​គូ​ដណ្តឹង​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​គីឡូម៉ែត្រ​លេខ​៦ ដើម្បី​ឲ្យ​សមត្ថកិច្ច​អន្តរ​គម​ន៍ ដោយ សង្ស័យថា គូ​ដណ្តឹង​របស់ខ្លួន​ត្រូវបាន​មេខ្យល់​នាំយកទៅ​លក់​នៅ​ប្រទេស​ចិន​។​ព្រមទាំង​ទទូច​សុំ​ឲ្យ​សមត្ថកិច្ច​ហៅ​បងស្រី​របស់​មេខ្យល់​មក​សាកសួរ​។​

ការដាក់​ពាក្យបណ្តឹង​បន្ទាប់ពី​នារី​ជា​គូ​ដណ្តឹង​បាន​ទាក់ទង​តាម​ហ្វេ​ស​ប៊ុ​កថា​ខ្លួន​ត្រូវបាន​គេ​នាំយកទៅ​ប្រទេស​ចិន​ហើយ​កំពុងតែ​អត់​ផ្ទះសំណាក់​នៅ​ព្រំប្រទល់​ក្នុងប្រទេស​វៀតណាម​និង​ចិន ។​នារី​ដែលជា​គូ​ដណ្តឹង បាន​ចាក​ចេញពី​ប្រទេស ទៅជា​មួយ​នារី​ដែល​គេ​សង្ស័យ ថា ជា​មេខ្យល់​ដោយ​ពុំបាន​ប្រាប់​ឪពុកម្តាយ និង​គូរ​ដណ្តឹង​ឲ្យ​បានដឹង​ឡើយ​។​

​យោងតាម​បុរស​ដែលជា​គូ​ដណ្តឹង​ឈ្មោះ​អ៊ុក​សុជាតិ​បាន​ឲ្យ​ដឹងថា​ខ្លួន​បាន​ស្គាល់​នាង​សុខ​ច័ន្ទ​តាមរយៈ​ការលេង​ហ្វេ​ប៊ុ​ក​ហើយ​បាន​ស្រលាញ់គ្នា​រយៈពេល​ប្រមាណ​៣​ឆ្នាំ​ខណៈពេលដែល​ខ្លួន​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ​។​បន្ទាប់ពី​ស្រឡាញ់គ្នា​យ៉ាង​ល្អូក​ល្អឺ​ន​ពេល​មកពី​កូរ៉េ​វិញ​ខ្លួន​ក៏បាន​ចូល​ដណ្តឹង​នាង​កាល​ពីមួយ​ឆ្នាំមុន​ដើម្បី​យក​ធ្វើជា​គូ​អនាគត​។​

លុះ​ក្រោយមក​ពួកគេ​ក៍បាន​សម្រេចចិត្ត​ប្រឡង​ចូលរៀន​ភាសា​ជប៉ុន​ជាប់​ទាំងពីរ​នាក់​ដើម្បី​ទៅធ្វើ​ពលករ​នៅ​ប្រទេស​ជប៉ុន​តែ​ខ្លួន​គឺ​រៀន​ចប់​មុន​ហើយ​ត្រៀម​ទៅធ្វើ​ពលករ​ជប៉ុន​នៅ​ខែ​១២​ឆ្នាំនេះ ចំណែក​នាង​សុខ​ច័ន្ទ​គឺ​ទៅ​ជប៉ុន​នៅ​វគ្គ​បន្ទាប់​។​

​បុរស​ជា​គូ​ដណ្តឹង​បន្តទៀតថា​ស្រាប់តែ​នៅវេលា​ម៉ោង​ប្រមាណ​២​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៣​ខែសីហា គូ​ដណ្តឹង​របស់ខ្លួន​បាន​ទូរស័ព្ទ​មក​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ប្រាប់ថា ខ្លួន​ត្រូវបាន​ឈ្មោះ ថោង ស្រីរ័ត្ន នាំយកទៅ​ប្រទេស​ចិន ទៅដល់​ព្រំប្រទល់​ប្រទេស​វៀតណាម ចិន​តាំង​ពីថ្ងៃ​២០​សីហា ។

ពេល​ទៅ​ដែលមាន​មេខ្យល់​វៀតណាម​ប្រុស​ចេះ​ខ្មែរ​មិន​ស្គាល់ឈ្មោះ​នាំទៅ​សម្រាក​នៅផ្ទះ​សំណាក់​ហើយ​មាន​ជនជាតិ​វៀតណាម​បួន​នាក់​បាន​នាំទៅ​បង្ខាំង​ក្នុងផ្ទះ ដើម្បី​ត្រៀម​យកទៅ​ប្រទេស​ចិន​។ ការទាក់ទង​គ្នា​រហូតដល់​ម៉ោង​ប្រមាណ​ជាង​មួយ​រសៀល​ត្រូវ​គូ​ដណ្តឹង​ប្រាប់ថា​មាន​ថៅកែ​ជា​ជន​ជាតិចិន​ចេះ​ខ្មែរ​មិន​ស្គាល់ឈ្មោះ យក​រថយន្ត​មក​ដឹក​ចូល​ប្រទេស​ចិន​ហើយ ទាក់ទង​លែង​បាន​ដោយ​ហ្វេ​ស​ប៊ុ​ក ត្រូវគេ​BLOCK​ចោល ។​

​តាម​បុរស​ជា​គូ​ដណ្តឹង​ក៏បាន​ឲ្យ​ដឹង​ទៀតថា​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែសីហា​ខ្លួន​បានទទួល​ឆាត​ពី​ស្ត្រី​ដែល​សង្ស័យ​ជា​មេខ្យល់​ដោយ​ប្រាប់​ថាបើ​ចង់​ឲ្យ​នាង​ត្រឡប់មកវិញ​អោយ​ផ្ញើ​លុយ​ទៅ​ឲ្យ​។​ក្រោយមក​ហ្វេ​ស​ប៊ុ​ក​ក៍បាន​BLOCK​ទៀត​។​បន្ទាប់ពី​ដាក់ពាក្យ​បណ្តឹង​នគរបាល​ក៏បាន​ហៅ​បងស្រី​មេខ្យល់​មក​សាកសួរ​តែ​នាង​ប្រាប់ថា អត់​ដឹង​នោះទេ ។​

​ដោយ​ក្តីបារម្ភ​ពី​សុ​វត្តិភាព​គូ​ដណ្តឹង​បុរស​រូបនោះ​ក៍បាន​ទៅ​បន្ត​ដាក់ពាក្យ​បណ្តឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៩​កន្លងមកនេះ​។​នៅក្នុង​ពាក្យបណ្តឹង​យុវជន​ឈ្មោះ​អ៊ុក​សុជាតិ​ក៏បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ជួយសង្គ្រោះ​ឈ្មោះ​ញ៉​សុខ​ច័ន្ទ​ដែលជា​គូរ​ដណ្តឹង​ឲ្យ​បាន​ត្រឡប់មក​ប្រ​ទស​កម្ពុជា​វិញ​។​ទន្ទឹម​នោះ​យុវជន​រូបនោះ​ក៏មាន​ការព្រួយបារម្ភ​ពី​វាសនា​គូ​ដណ្តឹង​របស់ខ្លួន​ដែល​ចាញ់បោក​មេខ្យល់​នាំ​លក់​ប្រទេស​ចិន ៕S/

-​យុវជន​ឈ្មោះ​អ៊ុក​សុជាតិ​អាយុ​៣៣​ឆ្នាំ​រស់នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ដែលជា​អ្នកដាក់ពាក្យ​បណ្ដឹង​ស្វែងរក​គូ​ដណ្តឹង​
-​ស្ត្រី​ជា​មេខ្យល់​ដែល​រង​ការចោទប្រកាន់​នោះ​ឈ្មោះ ថោង ស្រីរ័ត្ន ភេទ​ស្រី​អាយុ​ជាង​២០​ឆ្នាំ