យុវតីម្នាក់ធ្វើអត្តឃាតដោយ លោត ទម្លាក់ ពីលើចំរាក់ភ្នំក្រោម រងរបួសធ្ងន់

152
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ យុវតីម្នាក់បានដាច់ចិត្តធ្វើអត្តឃាតខ្លួនដោយលោតទម្លាក់ ពីលើចំរាក់ភ្នំក្រោមបណ្តាលអោយ រងរបួសធ្ងន់ហើយត្រូវបានក្រុមគ្រួសារបន្តដឹកយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារជនរងគ្រោះមានរបួសធ្ងន់ធ្ងរ(ផុងរលាក្បាល)។

ករណីធ្វើអត្តឃាតនេះបានកើតឡើងវេលាម៉ោង ១៨និង ៥០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅលើចំរាក់ភ្នំក្រោម ក្រុងសៀមរាប ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បាននិយាយថា នារីរងគ្រោះដែលបានធ្វើអត្តឃាតដោយខ្លួនឯង គឺលោតទម្លាក់ ពីលើចំរាក់ភ្នំក្រោមនោះ សមត្ថកិច្ចយើងបានស្រាវជ្រាវរកក្រុមគ្រួសារនារីរងគ្រោះឃើញហើយ។

លោកបានបន្តថា នារីរងគ្រោះមានឈ្មោះ រឿត រដ្ឋា អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិបាឡាំង ឃុំវត្តគោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិធ្លោកអណ្ដូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។

លោកបានបន្តទៀតថា នារីរងគ្រោះបានទៅធ្វើអត្តឃាតលោតទម្លាក់ពីលើចំរាក់ភ្នំក្រោម កម្ពស់ប្រហែល ២៥ម៉ែត្រ ត្រង់ចំណុច ខាងជើងកាំជណ្ដើរឡើងទៅកំពូលភ្នំ ដោយរូបនាងមានវិបត្តិផ្លូវចិត្ត និងសង្សារ។ ក្រោយជនរងគ្រោះ លោតទម្លាក់ពីចំរាក់ អ្នកលក់នៅទីនោះ បានឃើញ ក៏បានរាយការណ៍មកសមត្ថកិច្ច សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសៀមរាប បានទៅអន្តរាគមន៍សង្គ្រោះបន្ទាន់ ដោយទាក់ទងឡានពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិចស៊ឹងរិទ្ធីរ៉េត។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបន្តដឹកយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារជនរងគ្រោះមានរបួសធ្ងន់ធ្ងរ(ផុងរលាក្បាល)៕/B