រកឃើញ​រ៉ឺម៉ក​មាន​ភាពមិនប្រក្រតី​ជាច្រើន​គ្រឿង​ក្នុងការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

122
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​សៀមរាប បាន​និយាយថា​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​បាន​រកឃើញ​រ៉ឺម៉ក​មាន​ភាពមិនប្រក្រតី​ជាច្រើន​គ្រឿង​។​


​លោក​ឧត្ដមសេនីយ៍ត្រី សេង ច័ន្ទ​ណាត ស្នងការរង​នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្តសៀមរាប បាន​និយាយថា​ថ្ងៃ​ដំបូង​នៃ​ការអនុវត្តន៍​អនុក្រឹត្យ​ថ្មី​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ស្តីពី​ការផាកពិន័យ​អន្តរការណ៍​ឃើញថា នៅ​ខេត្តសៀមរាប​ប្រជាពលរដ្ឋ​មានការ​គោរព​ច្បាប់​បានល្អ​ជាង​មុន ។​ប៉ុន្ដែ​សម្រាប់​អ្នកបើកបរ​ផាស​អាប់​និង​ម៉ូតូ​រឺ​ម៉ក​មាន​ភាពមិនប្រក្រតី​ច្រើន​ការបើកបរ​របស់​ពួកគាត់​មិនមាន​ប័ណ្ណបើកបរ និង​រ៉ឺម៉ក​គ្មាន​ស្លាក​លេខ​។​

​លោក​បាន​បន្ដ​ថានគរ​បាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​២​នៃ​ខែឧសភា​នេះ​ការ​រឹតបន្ដឹង​និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​បានដាក់​ចំនួន​១៥​គោលដៅ នៅ​ទូទាំង​ខេត្ដ ដែល​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ តម្លាភាព ស្មើភាព​គ្មាន​ការលើកលែង​និង​មាន​សីលធម៌​វិជ្ជាជីវៈ​ព្រមទាំង​ឥរិយាបថ​ថ្លៃថ្នូរ​ទន់ភ្លន់​និង​ម៉ឺងម៉ាត់​។​


​លោក​ស្នងការរង​បន្តថា​ប្រជាពលរដ្ឋនៅក្នុង​ខេត្តសៀមរាប​ដែល​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​មាន​ប្រមាណ​៩០​ភាគរយ​បាន​គោរព​ច្បាប់​។​រី​ឯក​អ្នកបើកបរ​រថយន្ត​ក៏មាន​ការគោរព​ច្បាប់​បានល្អ​ជាង​មុន​ដែរ​ដែល​កត្តា​ទាំងនេះ​អាចជា​ការ​មកពី​មានការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​ការផាកពិន័យ​ខ្ពស់ជាង​មុន​ទ្វេដង​។​

​លោក​បាន​បញ្ជាក់ថា​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​នៅ​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២០​រកឃើញ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​ចំនួន​១២៣​គ្រឿង​។​ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១១៦​គ្រឿង​និង​រថយន្ដ​ធន​តូច​៧​គ្រឿង​នៅក្នុង​គោលដៅ​១៥​គោលដៅ​ទូទាំង​ខេត្ដ​សៀមរាប​។​

លោក​បន្ដថា​ប្រជាពលរដ្ឋ​មួយចំនួនធំ​ដែលមាន​កំហុស​គឺ​បាន​យល់​ព្រមឱ្យ​សមត្ថកិច្ច​ពិន័យ​។​គឺមាន​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែលមាន​ការតវ៉ា​ថា​ការពិន័យ​នេះ​ថ្លៃ​ពេក​ពួកគាត់​មិនមាន​លុយ​បង់​ដោយសារ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​កូ​វិដ​-១៩៕S/

​រូបភាព​:​រកឃើញ​រ៉ឺម៉ក​មាន​ភាពមិនប្រក្រតី​ជាច្រើន​គ្រឿង​ក្នុងការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​៕​គូលែន​