រដូវវស្សា​ចូលមក​ដល់​ជាមួយនឹង​ជ្រលង​សម្ពាធ​ទាប​រុញ​មកពី​ប្រទេស​

97
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រដូវវស្សា​ចាប់​ផ្តើម​ចូលមក​ដល់​ហើយ​នៅ​តំបន់​មាត់សមុទ្រ​ជាមួយនឹង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​រុញ​មកពី​ប្រទេស​ថៃ​ធ្វើឱ្យមាន​ភ្លៀង​ចាប់ផ្តើម​ធ្លាក់ រាយប៉ាយ​នៅ​តំបន់​សមុទ្រ និង​បណ្តា​ខេត្ត​នៅ​ខាងត្បូង​ខេត្តកំពង់ធំ​ចាប់ពី​ថ្ងៃទី​៥​ខែឧសភា​ហើយ​វា​នឹង​ពេញលេញ​ទូទាំងប្រទេស​ចាប់ពី ថ្ងៃទី​៨​ខែ ឧ សភា​ទៅ​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​ថា​រដូវវស្សា​នៅ​តំបន់​មាត់សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ចាប់ផ្តើម​ចូលមក​ដល់​នៅ​ព្រលប់​ថ្ងៃទី​៤​ខែឧសភា​បង្កើន​ឥទ្ធិពល​ពេញលេញ​នៅ​ថ្ងៃទី​៦​ខែឧសភា​និង​គ្របដណ្តប់​ស្ទើរ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី​៨​ខែឧសភា​ទៅ​។​
​ចាប់ពី​ថ្ងៃទី​៥​ខែឧសភា​ទៅ​នៅ​តំបន់​មាត់សមុទ្រ​ត្រូវបាន​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បញ្ជាក់ថា​ចាប់ផ្តើម​មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ​រាយប៉ាយ​រាល់ថ្ងៃ​និង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​កាន់តែច្រើន​នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ជាមួយនឹង​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​ភ្លៀង​ធ្លាក់​រាយប៉ាយ​ដែល​កើតមាន ច្រើន​នៅពេល​រសៀល ចាប់ពី​ថ្ងៃទី​៥​ខែឧសភា​នៅ​តំបន់​មាត់សមុទ្រ ។

​នៅ​ថ្ងៃទី​៦ ខែ មាន ភ្លៀង​ធ្លាក់​ច្រើន​ចាប់ពី​ខេត្តកំពង់ធំ​ចុះមក​ក្រោម​(​ត្បូង​) រួមមាន​ខេត្ត កំពង់ ចាម ត្បូងឃ្មុំ​ស្វាយរៀង​ព្រៃវែង​រហូតដល់​តំបន់​មាត់សមុទ្រ​ដោយសារ​ឥទ្ធិពល​មូសុង​និរតី​ចាប់ផ្តើម​ជាមួយនឹង​ឥទ្ធិពល​ជ្រ​ល​សម្ពាធ​ទាប​រុញ​មកពី​ប្រទេស​ថៃ​។​

​លោក​ចាន់ យុ​ត្ថា​និយាយ​ឱ្យដឹងទៀតថា​រដូវវស្សា​ឆ្នាំនេះ​ចាប់ផ្តើម​ដោយមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ល្អ តែ​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ក៏មាន​ច្រើន​ដែរ​។​ប្រទេស​ហ្វីលីពីន​បានប្រកាស​ពី​រដូវវស្សា​មកដល់​ជាមួយ​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ភាគខាងត្បូង​និង​មាន​បាតុភូត​ដូចជា​ប្រព័ន្ធ​សម្ពាធ​ទាប​វិ​សម្ពាធ​និង​ព្យុះ​ឃើញ​មាន​សញ្ញាណ​ចាប់ផ្តើម​មាន​ហើយ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃ​១៤​ខែមេសា​ឆ្នាំ​២០២០​បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី​២​សម្រាប់​ឆ្នាំ​២០២០​ថា​ផ្អែកទៅលើ​ស្ថានភាព​សីតុណ្ហភាព​លើ​ផ្ទៃសមុទ្រ​ប៉ាស៊ីហ្វិក​ក្បែរ​ខ្សែ​អេក្វាទ័រ​បានបង្ហាញ​ឲ្យ​ឃើញថា​ក្នុង​ឆ្នាំ​២០២០​នេះ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល រង​នូវ​ឥទ្ធិពល​ពី​បា​តុ ភូត​(Neutral)។

ដែលជា​បាតុភូត​អន្តរកាល​រវាង​បា​តុ ភូត El Nino (​ក្តៅ​) និង La Nina (​ត្រជាក់​) ដោយ​ចាប់ពី​ខែមេសា​រហូតដល់​ខែតុលា​ឆ្នាំ​២០២០​រយៈពេល​៦​ខែ​បាតុភូតធម្មជាតិ​ដែលមាន​ឥទ្ធិពល​មកលើ​អាកាសធាតុ ព្រះ រាជា ណា​ចក្រ​កម្ពុជា មាន​បាតុភូត Neutral មាន​៦០​ភាគរយ បាតុភូត El Nino មាន​១០ ភាគរយ​និង បាតុភូត La Nina មាន ៣០​ភាគរយ​នៅក្នុង​ខែតុលា​។​

​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​សរសេរ​ទៀតថា​រដូវវស្សា​ឆ្នាំ​២០២០​ចូលមក​ដល់​លឿន​ជាង​ឆ្នាំ​២០១៩​ដែលជា​ប្រក្រតីភាព​រដូវវស្សា​តែង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែឧសភា​ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម​ទៅ​បង្គួរ​ដែល​ស្មើ​ឬ​លើ មធ្យមភាគ​ច្រើន​ឆ្នាំ​។​

បាតុភូត​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​នឹង​អាច​បន្ត​កើត មាន ច្រើន នៅក្នុង​ខែឧសភា និង​ខែមិថុនា​។​នៅក្នុង​ខែសីហា​និង​ខែកញ្ញា​ភ្លៀង​អាច​ធ្លាក់​រាយប៉ាយ​ល្អ​លើ​ផ្ទៃ​ប្រទេស​ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម​ទៅ​ច្រើន​ក្នុងនោះ​ក៏​នឹង​អាច​បណ្តាល​ឲ្យ​ខេត្ត​មួយចំនួន​ដែលមាន​ភូមិសាស្ត្រ​នៅ​ទី​ទំនាប​ជាប់​តំបន់​ជួរ​ភ្នំ​តំបន់​ខ្ពង់រាប​និង​តំបន់​ជាប់​នឹង​ផ្លូវទឹក​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង​ដែល​បណ្តាលមកពី​ការធ្លាក់​ភ្លៀង ច្រើន​លើសលប់​ក្នុង​រយៈពេល​ខ្លី​។​

​ក្នុង​សេចក្តីជូនដំណឹង​បានឱ្យដឹង​ទៀតថា​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​រដូវវស្សា​អាច​នឹង​បញ្ចប់​នៅក្នុង​សប្តាហ៍​ទី​២​នៃ​ខែវិច្ឆិកា​ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​តិច​ទៅ​មធ្យម​។​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​និង​តំបន់​មាត់សមុទ្រ​រដូវវស្សា​អាច​នឹង​បញ្ចប់​នៅក្នុង​សប្តាហ៍​ទី​៣​នៃ​ខែវិច្ឆិកា​ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​តិច​ទៅ​បង្គួរ​។​កូន​រដូវប្រាំង​អាច​នឹង​កើតមាន​នៅក្នុង​សប្តាហ៍​ទី​២​នៃ​ខែកក្កដា​រហូតដល់​ដំណាច់ខែ​កក្កដា​ឆ្នាំ​២០២០ ។​

​ចំណែកឯ​ស្ថានភាព​ព្យុះ​នៅក្នុង​ឆ្នាំ​២០២០​នេះ​ក្នុង​សេចក្តីជូនដំណឹង​បានសរសេរថា​អាច​នឹង​កើតមាន​ចំនួន​ពី​២៤​ទៅ​២៦​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​និង​មាន​ពី​៤​ទៅ​៥​ព្យុះ​ដែល​កើត​ផ្ទាល់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕S/​