រដ្ឋបាលខេត្ត​ព្រះសីហនុ​រៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​ឧប្បហេតុ​គ្រោះថ្នាក់​ចរាចរណ៍​

243
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: រដ្ឋបាលខេត្ត​ព្រះសីហនុ​គ្រោង នឹង​រៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​វេទិកា​៧​មករា​ក្រុងព្រះសីហនុ នា​ថ្ងៃទី​២៦​ខែវិច្ឆិកា​២០១៩ ​ក្រោម​ប្រធានបទ «​ថ្ងៃនេះ ថ្ងៃស្អែក​កុំ​អោយមាន​គ្រោះថ្នាក់​ចរាចរណ៍​»​។​

​លោក បូរី វង្ស​សា​និត្យ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​នៅ​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​ថា ទិវា​អន្តរជាតិ​មួយ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ស្រទាប់ និង​សិស្សានុសិស្ស ជាច្រើន​កុះករ​ទៀតផង​។

​មន្ត្រី​ផ្លូវការ​រដ្ឋបាលខេត្ត​ថ្លែងថា កម្មវិធី​នេះ​ធ្វើឡើង​ក្រៅតែពី​រំលឹក​ទៅដល់​ជនរងគ្រោះ​ដែល​ស្លាប់​និង​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ក៍​ផ្តោតទៅលើ​ការអប់រំ​បំផុស​ចលនា​មហាជន​អោយ​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ដោយ​ការ​ប្រុង​ប្រ​យ​ត្ន័ កុំ​ហូប​គ្រឿង​ស្រវឹង​ពេល​បើកបរ ហើយ​អ្នកជិះ​ម៉ូតូ​ត្រូវតែ​ពាក់មួក​សុវត្ថិភាព ។

​មន្ត្រី​ដដែល​បញ្ជាក់ដែរថា ជារួម​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើតមាន​មិនទាន់​ថមថយ​នៅឡើយ ដែល​ធ្វើអោយមាន​មនុស្ស​ស្លាប់​និង​របួស​ជា​បន្តបន្ទាប់​មាន​ចំនួន​ច្រើន​ឥត​គណនា និង​ធ្វើអោយ​ខាតបង់​ទ្រព្យសម្បត្តិ ថវិកា​ទាំង​រដ្ឋ​និង​ឯកជន​ផងដែរ​៕ ល​