រដ្ឋបាល​ខេត្តកំពត​រៀ​ប​ចំ​ពិធី​ឆ្លង​ឆ្នាំ​សកល​ប្រកបដោយ​ភាពជោគជ័យ​

1241
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៨​ឈានចូល​២០១៩​ដែល​រៀបចំឡើង​ដោយ​រដ្ឋបាល​ខេត្តកំពត​បានបញ្ចប់​ប្រកបដោយ​ភាពជោគជ័យ​។​ពេញ​មួយថ្ងៃ​ចាប់ពី​ព្រឹក​ព្រលឹម​រហូតដល់​កណ្តាលអធ្រាត្រ​ភ្ញៀវ​ជិត​ឆ្ងាយ​មាន​វត្ត​មាននៅ​ទី​កម្សាន្ត​នានា​ក្នុង​ទឹកដី​ខេត្តកំពត​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​។​

​លោក​សយ​ស៊ី​ណុល​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​មានប្រសាសន៍ថា​កម្មវិធី​ឆ្លង​ឆ្នាំ​២០១៨ ឈានចូល​២០១៩ របស់​រដ្ឋបាលខេត្ត​បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​លើស​ការរំពឹងទុក​។ ទោះបី​ខេត្តកំពត​បានធ្វើ​ពិធី​ឆ្លង​ឆ្នាំ​ធ្វើជា​ផ្លូវការ​តាំងពី​ឆ្នាំ​២០១៦ ឆ្លង​ចូលឆ្នាំ​២០១៧​កន្លងមក ។​

ប៉ុន្តែ​ដំណើរការ​គ្រប់យ៉ាង​មិនមាន​ភាពល្អប្រសើរ​ដូច្នេះ​ទេ​។​ការ​ស្រូប​ទាញ​ភ្ញៀវ​បាន​យ៉ាងច្រើន​កុះករ​និង​ក្តីសប្បាយ​រីករាយ​ទាំងនេះ​ដោយសារ​ការយកចិត្តទុកដាក់​របស់លោក​អភិបាលខេត្ត​ក្នុងការ​រៀបចំ និង​ចាត់ចែង​បានល្អ​គ្រប់​ជ្រុងជ្រោយ​ទាំងអស់​។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​តាម​ការប៉ាន់ប្រមាណ​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​ខេត្តកំពត​ក្នុង​យប់​ឆ្លង​ឆ្នាំមាន​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​។​ក្នុងនោះ​រមណីយដ្ឋាន​បូកគោ​មាន​វត្តមាន​មាន​ភ្ញៀវ​ជាង​ពីរម៉ឺន​នាក់​។​យុវជន​ម្នាក់​មកពី​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​បាន​រៀបរាប់ថា​នេះ​ជា​លើកទីមួយ​ដែល​ខ្លួន​និង​ក្រុមគ្រួសារ​បានសម្រេច​ចិត្ត​សម្រាក​ឆ្លង​ឆ្នាំ​នៅ​ខេត្តកំពត​ព្រោះ​កន្លងទៅ​ការ​មកកាន់​ខេត្ត​នេះ​ត្រឹមតែ​ដើរលេង​នៅតាម​រមណីយដ្ឋាន​សំខាន់ៗ រួច​ត្រឡប់ទៅផ្ទះ​វិញ​ប៉ុណ្ណោះ​។

យុវជន​ដដែល​បាន​បញ្ចាក់​ថា​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៣១​ខែធ្នូ​នេះ​ពេលធ្វើ​ដំណើរ​តាម​ឆ្នេរ​ព្រែក​ឃើញ​មាន​កន្ទេល​តង់​ជាច្រើន​ដែល​គេ​បាន​ក្រាល​លើ​សួនច្បារ​ដោយ​នឹកស្មានថា​ជា​កន្លែង​សម្រាប់​ជួល​។ លុះ​ដឹងថា រដ្ឋបាល​ខេត្តកំពត​រៀ​ប​ចំ​សម្រាប់​ទទួលភ្ញៀវ​ដោយ​មិន​គិតលុយ​នោះ ក្រុមគ្រួសារ​ខ្លួន​ក៏​សម្រេចយក​កន្ទេល​ដែលមាន​ស្រាប់​ក្រាល​ទុក​បាន​មួយកន្លែង​នឹង​គេ​។
​ទិដ្ឋភាព​បែបនេះ​ធ្វើឱ្យមាន​ក្តីរំភើប​រីករាយ​ណាស់​ជា​ពន់ពេក​ហើយ​ឆ្នាំក្រោយ​បើ​មានឱកាស​នឹង​នាំគ្នា​មកទៀត​ព្រោះ​កំពត​កំពុងតែ​រីកចម្រើន​គួរឱ្យកត់សម្គាល់​៕S/​