រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រាប់ថា កុំ​បារម្ភ​បើ​ឃើញ​ក្បួន​យោធា​និង​គ្រឿងយុទ្ធោបករណ៍​កាត់​ក្រុង​យប់​នេះ​

1419
ចែករម្លែក

ភ្នំពេញៈ​
​ប្រភពពី​មន្ត្រីរដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នៅមុននេះ​បន្តិច​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកណ្តាល​និង​ក្រុងភ្នំពេញ​ថា នៅ​យប់​នេះ​(​ថ្ងៃទី​១១​ខែសីហា​)​នឹងមាន​ក្បួនកងទ័ព​និង​គ្រឿងយុទ្ធោបករណ៍​ធ្វើដំណើរ​ឆ្លងកាត់​រាជធានី​ភ្នំពេញ ហើយ​ឆ្ពោះទៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​ដូចនេះ​សូមកុំ​ព្រួយបារម្ភ​និង​ភ្ញាក់ផ្អើល​ចំពោះ​ព្រឹត្តិការណ៍​នេះ។​

កងទ័ពកម្ពុជាជានិច្ចកាលត្រៀមខ្លួនការពារបូរណភាពទឹកដី(រូបឯកសារ)

​មន្ត្រីរដ្ឋបាល​សាលា​រាជធានី បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា ក្បួនទ័ព​និង យុទ្ធោបករណ៍​យោធា ធ្វើដំណើរ​ចេញមក​ពី​ក្រុង​តាខ្មៅ​ខេត្តកណ្តាល តាមផ្លូវ​ជាតិ​លេខ​២ រួច​ឆ្ពោះ​ចូលមក​ភ្នំពេញ​ដោយ​ឆ្លងកាត់​តាម​មហាវិថី​ព្រះ​នរោត្តម សំដៅទៅ​ស្ពាន​ជ្រោយចង្វា ឆ្លងទៅ​ផ្លូវជាតិ​លេខ​៦​អា ។​ក្បួនទ័ព​និង​សម្ភារៈ​សឹក​ទាំងនេះ​មាន​គោលដៅ​ទៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​
​គួររំលឹកថា ព្រឹត្តិការណ៍​នេះ​ជួន​ពេល​នឹង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ទុកពេល​៦​ថ្ងៃ​ឲ្យ​ឡាវ​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​ទឹកដី​កម្ពុជា ដែល​ខ្លួន​បាន​បញ្ជូន​ចូល​មកលើ​ទឹកដី​កម្ពុជា​យ៉ាង​គឃ្លើន​ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​ទន្ទឹមនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏​គ្រោង​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ឡាវ​នៅ​ព្រឹក​ថ្ងៃទី​១២​ខែសីហា​នេះដែរ​ដើម្បី​ដោះស្រាយ​នូវ​វិបត្តិ​មួយ​នេះ​៕
​ដោយៈ​បូព៌​ព្រឹក្ស​

កងទព័កម្ពជាជានិច្ចកាលត្រៀមខ្លួនការពារមាតុភូមិ(រូបឯកសារ)