រដ្ឋមន្ត្រីការបរទេស​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​អ៊ីរ៉ាក់​ចំពេល​មាន​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​

743
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ផ​ម​ផេវ (Mike Pompeo)​កាលពី​ថ្ងៃ​អង្គារ បាន​ធ្វើដំណើរ​ទៅ​ប្រទេស​អ៊ីរ៉ាក់​ដោយ​មិន​ប្រកាស​ជាមុន​ចំពេល​មាន​ភាព​តានតឹង​ជាមួយ​​អ៊ីរ៉ង់​។​

​លោក ម៉ៃ ផ​ម​ផេវ បាន​លុបចោល​ការធ្វើដំណើរ​ទៅ​ទីក្រុង​ប៊ែរ​ឡាំង ប្រទេស​អាល្លឺម៉ង់​ដើម្បី​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​អ៊ីរ៉ាក់​អំឡុងពេល​ឈប់​សំចត​រយៈពេល​៤​ម៉ោង​នៅក្នុង​​ក្រុង​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់​។​

​ទស្សនកិច្ច​នេះ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​មួយគ្រឿង​ត្រូវបាន​បញ្ជូន​ទៅ​តំបន់​នោះ​(​មជ្ឈិម​បូព៌ា​)​ដែល​ក្រុមមន្ត្រី​បាន​និយាយថា​ជា​ការឆ្លើយតប​​ទៅ​នឹង​ការគំរាមកំហែង​ចំពោះ​កងទ័ព​អាមេរិក​និង​សម្ពន្ធមិត្ត​របស់ខ្លួន ពី​អ៊ីរ៉ង់​។​

​កាលពី​ថ្ងៃ​អង្គារ មាន​សេចក្តីរាយការណ៍​ថា​សហរដ្ឋអាមេរិក​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52 ជាច្រើន​គ្រឿង​ទៅ​កាន់​តំបន់​នោះ​។​

​សហរដ្ឋអាមេរិក​បាន​ផ្តល់​ព័ត៌មាន​តិចតួច​អំពី​ភាព​ពិតប្រាកដ​នៃ​ការគំរាមកំហែង​ដែល​បាន​រាយការណ៍​នោះ ដែល​អ៊ីរ៉ង់​បាន​ច្រានចោល​ដោយ​ថា​ជា​សង្គ្រាមចិត្តសាស្ត្រ​។​

​លោក ច​ន ប៊ុល​ថុន ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​គ្រាន់តែ​បាន​ថ្លែង​ថា​សហរដ្ឋអាមេរិក​កំពុង​ធ្វើ​សកម្មភាព​ឆ្លើយតប​ចំពោះ​ស្ថានភាព​បង្ក​ការព្រួយបារម្ភ​និង​ការព្រមាន​​កើន​ឡើង​នោះ ដោយ​ប្រកាស​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​USS Abraham Lincoln ទៅ​តំបន់​នោះ កាលពី​ថ្ងៃអាទិត្យ​។​

​សហរដ្ឋអាមេរិក​ផ្តល់​សេចក្តីលម្អិត​តិចតួច​អំពី​ដំណើរ​ទស្សនកិច្ច​ដ៏​ខ្លី​របស់​លោក ម៉ៃ ផ​មផេវ​ទៅ​កាន់​ទីក្រុង​បាក​ដាដ​។ ទោះជា​យ៉ាងនេះក្តី ក៏​មាន​សេចក្តីរាយការណ៍​ថា លោក​​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក អា​ឌី​ល អាប់​ឌុល ម៉ាស​ឌី​។​

​ដោយ​និយាយ​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន បន្ទាប់​ជំនួប​នេះ លោក ម៉ៃ ផ​មផេវ​ក៏​បាន​ភ្ជាប់​ដំណើរទស្ស​ន​កិច្ច​នេះ​ទៅ​នឹង​ភាព​តានតឹង​កើនឡើង​នៅ​ពេល​ថ្មីៗ​នេះ​​ជាមួយ​អ៊ីរ៉ង់ ដែល​ជា​ប្រទេស​ជិតខាង​ជាមួយ​អ៊ីរ៉ាក់​៕​ដោយ​៖​សុខា​/sn

លោក ម៉ៃ ផ​ម​ផេវ (​រូប​ស្តាំ​) លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅ​អាល្លឺម៉ង់ ដើម្បី​ទៅ​កាន់​ទីក្រុង​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់​