រដ្ឋមន្ត្រី​សុខាភិបាល​អំពាវនាវ​ឲ្យ​យុវជន​និង​ប្រជាជន​ទូទាំងប្រទេស​បរិច្ចាគ​ឈាម

345
ចែករម្លែក
  • 25
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​យុទ្ធនាការ​“​ផ្តល់​ឈាម​ផ្តល់​ក្តី​ស្រឡាញ់​”​បាន​ត្រូវ​រៀបចំឡើង​នៅក្នុង​ទីតាំង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៃ​ក្រសួងសុខាភិបាល​នា​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​ដែលជា​ទិវា​នៃ​ក្តី​ស្រឡាញ់​។

កម្មវិធី​សប្បុរសធម៌​នៃ​កាយវិការ​ជួយសង្គ្រោះ​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​នេះ មានការ​ចូលរួម​ពី​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​, លោក គីម រិទ្ធី អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​។​លោក​ឃួ​ង​ស្រេង​អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​,​លោក​ហុក​គីម​ចេង​អគ្គនាយក​បច្ចេកទេស​សុ​ខា​ភិ​បាល​រួម​ជា​សិស្ស​និស្សិត​ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជាង​៥០០​នាក់​។​

នៅក្នុង​ទិវា​បរិច្ចាគ​ឈាម​ដែលមាន​រយៈពេល​មួយថ្ងៃ​ពេញ​នេះ​លោក​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ឲ្យ​យុវជន​និង​ប្រជាជន​នៅ​ទូទាំងប្រទេស​បបួលគ្នា​ចូលរួម​ផ្តល់​ឈាម​ឲ្យ​បាន​ច្រើន​កុះករ​នៅតាម​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នៅ​ភ្នំពេញ​និង​នៅតាម​បណ្តា​ខេត្ត​នានា​ដើម្បី​ចែករំលែក​សេចក្តីស្រលាញ់​និង​ដើម្បី​ជួយ​ជីវិត​ជនរងគ្រោះ​ដែល​កំពុង​ត្រូវការ​ឈាម​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ជំ​រុញឱ្យ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​និង​បង្កើត​ឲ្យ​មាន​យុទ្ធនាការ​បរិច្ចាគ​ឈាម​ច្រើន​ថែមទៀត​ដើម្បី​ធ្វើ​ឲ្យ​យុវជន​ប្រជាជន​យើង​បាន​ចូលរួម​បរិច្ចាគ​ឈាម​កាន់តែច្រើន​។​

គួររំលឹកថា «​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រលាញ់​» គឺជា​ពាក្យស្លោក​ដ៏​សំខាន់​មួយ ជាពិសេស​ក្នុងឱកាស ដែល​យុវជន​តែងតែបាន​ចាត់ទុក​ថ្ងៃទី​១៤ ខែកុម្ភៈ ជា​ទិវា​នៃ​ក្តី​ស្រលាញ់ ហើយ​នាំគ្នា​ផ្តល់​ឈាម ដើម្បី​បង្កើតជា​ទម្លាប់​ល្អ​មួយ ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌ និង​ចែករំលែក​សេចក្តីស្រលាញ់ សម្រាប់​សង្គមជាតិ​យើង​ទាំងមូល​។

​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ក៏មាន​កាដូ​អនុស្សាវរីយ៍​ដូចជា អាវយឺត​ផ្តល់​ឈាម​និង​ផ្កា​កុលាប​សម្រាប់​សប្បុរសជន​បរិច្ចាគ​ឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​៕S/