រដ្ឋសភា​បានអនុម័ត​ជា​ឯកច្ឆន្ទ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​

162
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​បាន​បន្ត​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤​នីតិកាល​ទី​៦​នៅ​ព្រឹក​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២០​។​សម័យប្រជុំ​រដ្ឋសភា​បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​។

​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន មាន ៥​ជំពូក និង​១២​មាត្រា ។ សេចក្តីព្រាងច្បាប់​នេះ បាន​តាក់តែងឡើង​ស្របតាម​រដ្ឋធម្មនុញ្ញ មាត្រា​២២​ថ្មី ដែល​បាន​ចែងថា នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ ដាក់​ប្រទេសជាតិ​ស្ថិតនៅក្នុង​ភាពអាសន្ន ក្រោយពី​បាន​មតិ​ឯកភាព​ពី​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធានព្រឹទ្ធសភា​។

សូមជម្រាបថា​៖​ការសម្រេច​ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​នេះ​គឺត្រូវធ្វើ​ឡើង​នៅពេលដែល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​៖​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​សង្គ្រាម​ឬ​ការឈ្លានពាន​ពី​កម្លាំង​បរទេស​។​គ្រោះអាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ​បណ្តាលមកពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ព្រមទាំង​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ដែល​គំរាមកំហែង​ឬ​អាច​បង្ក​គ្រោះថ្នាក់​រីក​រាលដាល​ដល់​កម្រិត​ទូទាំងប្រទេស​។​

​ក្រៅពី​បាន​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ខាងលើនេះ​សម័យប្រជុំ​រដ្ឋសភា​បានប្រកាស​ទទួលស្គាល់​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​ខេត្តតាកែវ​មួយរូប​គឺ​លោកស្រី នូ សុវណ្ណនី ជំនួស​តំណាងរាស្ត្រ​ចាស់ លោក ឡូយ​សុផាត​ដែល​បាន​លាលែង​និង​បាន​បោះឆ្នោត​ជ្រើសតាំង​ផ្លាស់ប្តូរ​សមាជិក​គណៈកម្មកា​រ​ជំនាញ​រដ្ឋសភា មួយចំនួន​ផងដែរ​៕S/

​ចំណងជើង​រូបថត​៖​រដ្ឋសភា​បានអនុម័ត​ជា​ឯកច្ឆន្ទ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​