រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ផ្តោត​គោលដៅ​ទៅលើ​ពួក​ប្រឆាំង ខណៈ​អគ្គិសនី​ចាប់ផ្តើម​មាន​ឡើងវិញ​នៅ​តំបន់​ខ្លះ​ក្នុងប្រទេស​

438
ចែករម្លែក

​មន្ត្រី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​រាយការណ៍​ពី​ការ​មាន​អគ្គិសនី​ត្រឡប់មកវិញ​ក្នុង​តំបន់​ខ្លះ​កាលពី​ថ្ងៃ​អង្គារ​ទី​១២​មីនា ខណៈ​អគ្គ​រដ្ឋអាជ្ញា​បាន​និយាយថា មេដឹកនាំ​ប្រឆាំង​ហ្វ័​ន ក្វា​យ​ដូ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ពីបទ​ធ្វើឱ្យ​ខូចខាត​ដល់​បណ្តាញ​អគ្គិសនី​ជាតិ​ដែល​ដាច់​កាលពី​សប្តាហ៍​មុន បណ្តាលឱ្យ​មនុស្ស​រាប់លាន​នាក់​រងទុក្ខវេទនា​។​

​ការប្រកាស​ដោយ​លោក​អគ្គ​រដ្ឋអាជ្ញា ថា​រិ​ក វី​លលៀម សា​អាប (Tarek William Saab) បាន​បង្កើន​ការ​ប្រឈម​របស់​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជាមួយ​លោក​ក្វា​យ​ដូ បើទោះបី​ជាមាន​សំណួរ​ថា​តើ​អាជ្ញាធរ​នឹង​ហ៊ាន​ធ្វើ​ចំណាត់ការ​ខ្លាំងៗ​យ៉ាងណា​ប្រឆាំងនឹង​បុរស​ម្នាក់ ដែល​ត្រូវបាន​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ដោយ​សហរដ្ឋអាមេរិក​និង​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ភាគច្រើន​។​

​លោក​ក្វា​យ​ដូ​ដែល​កំពុង​ព្យាយាម​បណ្តេញ​លោក​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​ចេញពី​តំណែង​និង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​នោះ បាន​បន្ទោស​អំពើពុករលួយ​និង​អសមត្ថភាព​សម្រាប់​ការ​ដាច់​ភ្លើង​ជិត​មួយ​សបា្ដហ៍​នៅ​ទូទាំងប្រទេស ដែល​មិន​ត្រឹម​ធ្វើឱ្យ​ប្រជាជន​ភាគច្រើន​ខ្វះ​អគ្គិសនី​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ខ្វះ​ទឹក​និង​ការទាក់ទង​ទៀតផង​។​

​បន្ថែម​ពីលើ​ភាព​តានតឹង​ជុំវិញ​ជោគវាសនា​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា សហរដ្ឋអាមេរិក​បាន​និយាយថា​ខ្លួន​កំពុង​ដក​អ្នកការទូត​ចុងក្រោយ​របស់ខ្លួន​នៅ​ទីក្រុង​កា​រ៉ា​កាស​។​

​លោក​ម៉ា​ឌូ​រ៉ូ​បាន​និយាយ​នៅតាម​កញ្ចក់​ទូរទស្សន៍​ជាតិ​បន្ទាប់ពី​បាន​សរសើរ​ការ​ប្រ​ព្រឹ​ត្ដ​ប្រកបដោយ​វិជ្ជាជីវៈ​របស់លោក​ជែ​ម ស្តូ​រី (James Story) ដែលជា​អ្នកការទូត​ជាន់ខ្ពស់​នៅ​ស្ថានទូត​អាមេរិក​យ៉ាង​ដូច្នេះ “​លា​ហើយ​”​។ លោក​ម៉ា​ឌូ​រ៉ូ​បាន​និយាយថា​លោក​នឹង​ស្វែងរក​ជំនួយ​ពី​ក្រុម​សម្ព័ន្ធមិត្ត​គុយបា​រុស្ស៊ី​ចិន​និង​អ៊ីរ៉ង់​ក្នុងការ​ស៊ើបអង្កេត​ការចោទប្រកាន់​របស់លោក​ថា​វា​ជាការ​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​តរបស់​អាមេរិក ដែល​លោក​អះអាងថា វាយប្រហារ​ចេញពី​ហូ​ស្តុ​ន​និង​ឈី​កា​ហ្គោ​។​

​សហរដ្ឋអាមេរិក​បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ថា​ជាការ​មិន​សម​ហេតុផល​និង​ជាការ​ប៉ុនប៉ង​ដើម្បី​បង្វែរ​ការចាប់អារម្មណ៍​ពី​ការបរាជ័យ​រ៉ាំរ៉ៃ​របស់ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

ប្រជាជន​កំពុង​នាំគ្នា​ដួស​ទឹក​សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុង​ទីក្រុង​កា​រ៉ា​កាស ខណៈ​អគ្គិសនី​នៅ​បន្ត​ដាច់​នៅ​ផ្នែក​ភាគច្រើន​ក្នុងប្រទេស