រដ្ឋ​មន្ត្រី​សុខាភិបាល​អ៊ីស្រាអែល​ឆ្លងកូវី​ដ​១៩ នាំ​អោយ​នាយក​រដ្ឋមន្ត្រី​ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​ជា​លើក​ទី​២

178
ចែករម្លែក

​រដ្ឋ​មន្ត្រី​សុខាភិបាល​អ៊ីស្រាអែល​លោក យ៉ា​អាកូវ លី​ត​ហ្ស៍​ម៉ាន់ បាន​ពិនិត្យ​សុខភាព​ឃើញ​មាន​វីរុស​កូវី​ដ​១៩​នៅក្នុង​ខ្លួន ជាហេតុ​បង្ខំ​អោយ​នាយក​រដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​​សាជាថ្មី ,​នេះ​បើ​តាម​ពួក​មន្ត្រី​បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​មេសា​។​

​មុន​នេះ​ក្នុង​សប្តាហ៍​នេះ លោក​ណេ​តាន់​យ៉ា​ហ៊ូ ក៏​បាន​ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​បន្ទាប់ពី​បុគ្គលិក​របស់​លោក​ម្នាក់​មាន​ផ្ទុក​វីរុស​កូរ៉ូណា ហើយ​លោក​ទើប​បញ្ចប់​ការ​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​កាលពី​យប់​ថ្ងៃ​ពុធ​។​

​ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​និយាយថា ការដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​៧​ថ្ងៃ​របស់​នាយក​រដ្ឋមន្ត្រី​ត្រូវបាន​ធ្វើ​ឡើង​ដោយសារតែ​លោក​បាន​ប៉ះពាល់​លោក លី​ត​ហ្ស៍​ម៉ាន់ ដែល​កើតកូ​វីដ​១៩​។​

​សារព័ត៌មាន​អ៊ីស្រាអែល​បាន​និយាយថា មេ​ទីភ្នាក់ងារ​ចារកម្ម​អ៊ីស្រាអែល​លោក យ៉ូស​ស៊ី កូ​ហេន ក៏​ត្រូវ​បង្ខំ​ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​ដោយសារតែ​លោក​ក៏​ប៉ះពាល់​លោក​លី​ត​ហ្ស៍​ម៉ាន់​ផងដែរ​។​

​នាយករដ្ឋមន្ត្រី បេចា​មីន ណេ​តាន់​យ៉ា​ហ៊ូ (ស្តាំ)អាយុ​៧០​ឆ្នាំ និង​រដ្ឋ​មន្ត្រី​សុខាភិបាល លោក យ៉ា​អាកូវ លី​ត​ហ្ស៍​ម៉ាន់ អាយុ​៧១​ឆ្នាំ

​អ៊ីស្រាអែល​បាន​រាយការណ៍​ការ​ឆ្លងកូវី​ដ​១៩​ចំនួន​ជាង​៦.២០០​នាក់ និង​២៩​នាក់​បាន​ស្លាប់​។​អ៊ីស្រាអែល​ក៏​អនុវត្ត​បទបញ្ជា​តឹងរឹង​ដោយ​តំរូវអោយ​ប្រជាជន​នៅក្នុង​ផ្ទះ បិទ​ហាង​ដែល​បាន​រុញ​ភាព​អត់​ការ​​ងារ​ឡើងដល់​២៤​ភាគរយ​៕​ប្រែ​សម្រួល​៖​វាសនា​