រតនៈ​, រជ្ជកាល​, រំលេច​, រំលិច​, រំលង​, លម្អ​, ឫសី​, ឫស្សី​, សង្ក្រាន្ត

240
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​រតនៈ រៈតៈ​ន៉ៈ ( ន​. ) (​រត្ន​; រតន “​វត្ថុ​ឬ​របស់​ដែល​ញ៉ាំង​ចិត្ត​ឲ្យ​រីករាយ​; …”) កែវ​; ពេជ្រ​, ត្បូង​គ្រប់ ប្រភេទ​; សូម្បី​មាស​, ប្រាក់​ក៏​ហៅ រតនៈ ដែរ ឬ​ហៅថា រត​នវ​ត្តុ ក៏បាន​; វ​ត្តុ​, ធម្មជាតិ​ដ៏​ប្រសើរ វិសេស​ឬ​មនុស្ស​ប្រសើរ​វិសេស​. សត្វ​វិសេស ក៏​ហៅ រតនៈ បានដែរ ។​

​រជ្ជកាល រុ័​ច​-​ជៈ​– បា​. ( ន​. ) កាល​ឬ​សម័យ​ដែល​ក្សត្រិយ៍​អង្គ​មួយៗ​ទ្រង់​សោយរាជ្យ : ក្នុង​រជ្ជកាល​នៃ​ព្រះបាទ​សម្ដេចព្រះ​នរោត្តម … (​ហៅថា រជ្ជសម័យ ក៏បាន​) ។

​រំលេច ( កិ​. ) ធ្វើ​ឲ្យ​លេច​ព័ណ៌​, ឲ្យ​លេច​ក្បាច់រចនា : រំលេចព័ណ៌​, រំលេចត្បូង ។

​រំលិច ( ន​. ) អន្លង់​ទឹក​មាន​សណ្ឋាន​ទ្រវែង ខាងដើម​និង​ខាងចុង​ទាល់ មិនមាន​ផ្លូវ​ហូរ​ទឹក​ចេញ​, ច្រើន​មាន​ជិត​ស្ទឹង​ឬ​ជិត​ព្រែក : ក្បាល​រំលិច​, ចុង​រំលិច ។

​រំលង ( កិ​. ) កន្លង : រំលង​បួន​ថ្ងៃ​ពីនេះ​ទៅ ។ ធ្វើ​ឲ្យ​កន្លង​លើ : លោត​ផ្លោះ​រំលង​សម្រាស់ ។ បង្ហូ​ស : រំលង​ផ្ទះ​ពីរ​មិនបាន​ចូល ។ ព​. ទ​. បុ​. បោះ​សន្ទូច​រំលង​ភ្នំ រំលង​អ្នកធំ​បង្ហួស​ទៅរក​អ្នកតូច​ជាមុន ឬ​រំលង​មិន​តាម​លំដាប់​មុខក្រសួង ។

​លម្អ ( ន​. ) សេចក្ដី​ល្អ​, ភាវៈ​ល្អ គឺ​បែប​ភាព​, បែបបទ​, លំនាំ​, សណ្ឋាន​, ទ្រង់​, កិរិយា​… ដែល​ល្អ : លម្អរូប​; ខន្តី​ជា​លំអ​របស់​អ្នកប្រាជ្ញ ។

​ឫសី រឹ​-​សី ( ន​. ) (​ឫ​ឞិ​; ឥសិ “​អ្នក​ស្វែង​សីលាទិគុណ​, អ្នក​ស្វែង​សីលធម៌​”) អ្នកបួស​, ឥសី​, តាបស​; កវី​អ្នក​តែង​វេទ​, តែង​មន្ត​; អ្នកប្រាជ្ញ ។ ខាង​ពុទ្ធសាសនា​ហៅ ព្រះពុទ្ធ​, ព្រះ​បច្ចេកពុទ្ធ​, ព្រះអរហន្ត​ថា ឫសី ឬ​ឥសី ដែរ ព្រោះ​ពុទ្ធា​ទិ​បណ្ឌិត​ទាំងនោះ​ជា​អ្នក​ស្វែង​គុណធម៌ មាន​សីលគុណ​ជាដើម ។

​ឫស្សី រឹស​-​សី ( ន​. )​សារជាតិ​មួយ​ប្រភេទ ដុះ​ទំពាំង​បែកចេញ​ជា​គុម្ព ដើម​មាន​ថ្នាំង​, មាន​ច្រើន​ប្រភេទ : ឫស្សីស្រុក​, ឫស្សីព្រៃ​, ឫស្សីរលៀក​, –​ត្រាច់​, –​ឃ្លៃ​, –​ថ្ង​, –​ទ្រនំ​មាន់​,… (​និយាយថា រសី ក៏មាន​ខ្លះ​) ។

​សង្ក្រាន្ត សង់​ក្រាន សំ​. ( ន​. ) (​សង្ក្រាន្តិ​) ដំណើរ​ឃ្លាត​ចាក​ទី​; ការឈាន​ចូលដល់​; ដំណើរ ដែល​ព្រះអាទិត្យ​ចរ​ចូល​ដល់ទី​ចួប​មួយ​ជុំ​រាសិចក្រ គឺ​ដំណើរ​ដែល​ដើម​និង​ចុង​នៃ​រាសិចក្រ​ចួប​គ្នា ពេញ​គ្រប់​ជាមួយ​ឆ្នាំ (​ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី​), ពិធី​ចូលឆ្នាំថ្មី (​សង្ក្រាន្ត​មាន​បី​ថ្ងៃ​គឺ​ថ្ងៃទី ១ ជា​ថ្ងៃ​ចូលឆ្នាំ​, ថ្ងៃទី ២ ជា ពារ​កណ្ដាល ឬ​ហៅថា វ័ន​បត (​ថ្ងៃ​ខ្វាក់​), ថ្ងៃទី ៣ ជា ពារ​ឡើងស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅថ្ងៃនេះ​ឯង : ថ្ងៃ​សង្ក្រាន្ត​, ពិធី​សង្ក្រាន្ត ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​