រត់​ម៉ារ៉ាតុន​ស្រុកស្រែ ជា​លើកដំបូង​

771
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ អាជ្ញាធរ​ស្រុក​ពួក បាន​គាំទ្រ​ការបង្កើត​កម្មវិធី​រត់​ម៉ារ៉ាតុន​ស្រុកស្រែ ជា​លើកដំបូង ដោយ​សហការ​ជាមួយ​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ស្រុក​ពួក កម្មវិធី​រត់​ម៉ារ៉ាតុន​ស្រុកស្រែ ជា​លើកដំបូង​នៅក្នុង​ស្រុក​របស់ខ្លួន ក្រោម​ប្រធានបទ កីឡា​នាំមក​នូវ​សុខភាព និង ដើម្បី​បំផុល​ចលនា​យុវជន ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ដោយមាន​អ្នកចូលរួម​ប្រមាណ​ជិត​២០០​នាក់ ក្នុងនេះ​មាន​សិស្សានុសិស្ស មកពី​អនុវិទ្យាល័យ​ចំនួន​៥ និង​វិទ្យាល័យ​ចំនួន​២​ទៀត​នៅក្នុង​ស្រុក​ពួក សរុប​មាន​ចំនួន​ប្រមាណ​ជាង​១០០​នាក់ និង​មន្ត្រីរាជការ​ជុំវិញ​រដ្ឋបាល​ស្រុក ប្រមាណ​ជា​៥០​នាក់ ។​

លោក ម៉ៅ វិសុទ្ធ អភិបាលស្រុក​ពួក មានប្រសាសន៍ថា ថ្វីត្បិតតែ​កម្មវិធី​នេះ មាន​លក្ខណៈ​មិនជា​ធំដុំ​ក៏ពិតមែន ព្រោះ​វា​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ តែ​យ៉ាងហោចណាស់​ក៏មាន​សិស្សានុសិស្ស​មកពី​សាលា​កំរិត​មធ្យមសិក្សា​ចំនួន​៧​ដែរ ដែល​បាន​ចូលរួម ហើយ​វា​មាន​អត្ថន័យ​ល្អប្រសើរ ដល់​ការអប់រំ​យុវវ័យ ។​

លោក​បាន​បន្តថា ក្នុងនោះ​យើង​បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​បញ្ហា​សុខភាព​យុវវ័យ ដែលជា​មូលដ្ឋាន​នៃ​ការ​ផ្តល់នូវ​ជំនឿ​ទុកចិត្ត​របស់​ពួកគេ​ទៅលើ​ការរៀនសូត្រ ព្រោះថា​សុខភាព​វា​ជា​កត្តា​ដ៏​សំខាន់​សំរាប់​ជីវិត​សិក្សា​របស់​ពួកគេ ។

សូមបញ្ជាក់ថា ការរត់​ម៉ា​រា់​តុ​ន​នេះ​មាន​ចម្ងាយ​ផ្លូវ​ប្រវែង​៤ គីឡូម៉ែត្រ ដែល​ចំណុច​ចាប់ផ្ដើម​ចេញដំណើរ និង ទី​ផ្តាច់ព្រ័ត្រ នៅ​ក្លឹប​បាល់ទាត់​ស្រុកស្រែ ស្ថិតនៅ​ចំណុច​ទំនប់​កិល សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងភូមិ​ប្រយុទ្ធ ឃុំ​ពួក។ ចំពោះ​ចំណាត់ថ្នាក់​ជ័យលាភី ត្រូវបាន​បែងចែក​ជា​ពីរ​ប្រភេទ គឺ​យុវជន និង យុវនារី ដែល​រង្វាន់​ជ័យលាភី​លេខ​១ ទទួលបាន​មេដាយមាស​១​គ្រឿង អមដោយ​ទឹកប្រាក់ ១៥​ម៉ឺន​រៀល ក្នុងនេះ​រង្វាន់​លើកទឹកចិត្ត​របស់លោក​អភិបាលស្រុក​ចំនួន ៥​ម៉ឺន​រៀល , ជ័យលាភី​លេខ​២ ទទួលបាន​មេដាយប្រាក់​១​គ្រឿង អមដោយ​ទឹកប្រាក់​ចំនួន ៦​ម៉ឺន​រៀល និង ជ័យលាភី​លេខ​៣ ទទួលបាន​មេដាយសំរិទ្ធ​១​គ្រឿង និង ទឹកប្រាក់​ចំនួន ៤ ម៉ឺន​រៀល ៕B/