រថយន្ដ​ដាច់​ជា​ពីរ​កំណាត់ អ្នកបើកបរ​ស្លាប់​ភ្លាមៗ ដោយ​បើករថយន្ដ​ទៅបុក​នឹង​ដើមឈើ​

136
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: បុរស​ម្នាក់​បើករថយន្ត​តូ​យូ​តា​ តា​កូ​ម៉ា​មួយគ្រឿង រេ​ចង្កូត​ទៅ​បោក​ផ្ទប់​នឹង​ដើម​ប្រេងខ្យល់​តាម​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ដាច់​ជា​ពីរ​កំណាត់ អ្នកបើកបរ​បោក​នឹង​ទ្វារ​រថយន្ត​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង៣០​នាទី​យប់​ថ្ងៃទី​៩​ ខែមេសា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ចូល​បុរី​អង្គរ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​។​

​ជនរងគ្រោះ​(​ស្លាប់​)​មានឈ្មោះ ឆុន សាម៉ុន ភេទ​ប្រុស​អាយុ ៥២​ឆ្នាំ មុខរបរ​ធ្វើ​ចុងភៅ ពេលទំនេរ​ធ្វើ​សំណង់​បន្ថែម ស្នាក់នៅ​ភូមិ​សែន​សុខ​៤ សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពពី​បុរស​ម្នាក់​ឃើញ​ហេតុការណ៍​នេះ បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ​ ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​តូ​យូ​តា តា​កូ​ម៉ា​មួយគ្រឿង​ពណ៌​សម្បក​ឪឡឹក​ពាក់​ផ្លាកលេខ ភ្នំពេញ 2D 4130 ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​ដូច​ជាមាន​បញ្ហា និង​ដូចជា​ឮសូរ​សំឡេង​ផ្ទុះ​អ្វី​ម្យ៉ាង​សង្ស័យ​ទិញ​ប៉ះ​រថយន្ត​កែច្នៃ បណ្ដាល​ឲ្យ​រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ​បោក​ផ្ទប់​នឹង​ដើម​ប្រេងខ្យល់នៅ​ចិញ្ចើមផ្លូវ​ដាច់​រថយន្ត​ជា​ពីរ​កំណាត់ ចំណែក​អ្នកបើកបរ​បោក​ផ្ទប់​ជាមួយ​ទ្វារ​រថយន្ត និង​ដើម​ប្រេងខ្យល់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​មកដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។ ដោយឡែក​សព​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល/Ha​