រថយន្តបុកគោយន្តបណ្តាលឲ្យមនុស្សរងរបួស៩នាក់

100
ចែករម្លែក

ដោយ:សុខុម/ស្ទឹងត្រែង ៖ រថយន្តម៉ាកម៉ាស់ស្តាមួយគ្រឿងបានបើកបុកជាមួយគោយន្តពេញទំហឹងបណ្តាលឲ្យមនុស្សជិះលើគោយន្តកន្ត្រៃទាំងក្មេងចាស់ទទួលរងរបួសធ្ងន់ស្រាលចំនួន៩នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងលើផ្លូវលំចំណុចអូរុនស្ថិតនៅក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹងថា អ្នករួមដំណើរនៅលើគោយន្តកន្ត្រៃសរុបទាំងអស់មានចំនួន១៣ នាក់។ ចំណែកអ្នករងរបួសធ្ងន់និងស្រាមានចំនួន៩នាក់ ។

ដោយឡែកអ្នករបួសធ្ងន់ចំនួន៤នាក់និងស្រាលចំនួន៥នាក់ ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យខេត្តភ្លាមៗ។ សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបររថយន្តមានឈ្មោះព្រីង ពិសិដ្ឋ ភេទប្រុសមានអាយុ៣៧ឆ្នាំ មុនរបរជាអាជីវករ មានទីលំនៅរាជធានីភ្នំពេញ បានបើកបររថយន្តម៉ាកម៉ាស់ស្តា ពណ៌ត្រាវ ពាក់ស្លាកលេខភ្នំពេញ2AZ 1057 បើកបរមានទិសដៅពីលិចទៅកើត បានបើកទៅបុកជាមួយគោយន្តកន្ត្រៃម៉ាកគូបូតា ពណ៌ក្រហម បើកបរក្នុងទិសដៅពីកើតទៅលិច។

អ្នកបើកបរគោយន្តមានឈ្មោះប៉ាង ព្រឹត្តមានអាយុ២៩ឆ្នាំ មុខរបរកសិករ មានទីលំនៅ ស្ថិតនៅក្នុងភូមិឃុំកាំងចាម។

រថយន្តម៉ាកម៉ាស់ស្តាដែលបង្កគ្រោះថ្នាក់ខាងលើនោះរងការខូចខាតមួយកំណាត់ខាងមុខ។ ចំណែកគោយន្តកន្ត្រៃគឺមានការខូចខាតតែបន្តិចបន្តួចប៉ុណ្ណោះ៕/B