រថយន្តបើកស្វ័យប្រវត្តិកំពុងជួយដឹកជញ្ជូនអាហារនៅសហរដ្ឋអាម៉េរិកក្នុងរដូវកូវីដ១៩

411
ចែករម្លែក

រថយន្តធម្មតា រថយន្តដឹកទំនិញ មនុស្សយន្តដើរលើចិញ្ចើមថ្នល់ និងរថយន្តក្រុងបើកស្វ័យប្រវត្តិ ត្រូវបានយកចេញពីបន្ទប់ពិសោធន៍និងយានដ្ឋាននានាដើម្បីដាក់តាមដងផ្លូវអាម៉េរិកដើម្បីជួយចែកចាយគ្រឿងទេសអាហារនិងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ។

ទោះបីជាក្រុមហ៊ុនរថយន្តបើកស្វ័យប្រវត្តិបានផ្អាកការធ្វើតេស្តលើដងផ្លូវនៅសហរដ្ឋអាម៉េរិកព្រោះវាមិនត្រូវបានគេចាត់ទុកជាអាជីវកម្មសំខាន់ក៏ដោយ ក៏ប៉ុន្តែការផ្តោតសំខាន់លើការដឹកជញ្ជូនបានអនុញ្ញាតឱ្យពួកវាត្រឡប់មកវិញនៅលើដងផ្លូវដើម្បីប្រមូលទិន្នន័យបន្ថែម។

ចាប់តាំងពីពាក់កណ្តាលខែមេសា រថយន្តបើកស្វ័យប្រវត្តិនៃអង្គភាព Cruise របស់ក្រុមហ៊ុន General Motors Co (GM.N) បានបិទស្លាក “ឆ្លើយតបនឹងជំងឺកូវីដ១៩” នៅលើកញ្ចក់មុខរបស់វា នៅពេលពួកវាដឹកអាហារពីធនាគារស្បៀង SF-Marin និងធនាគារស្បៀង SF New Deal ឱ្យមនុស្សចាស់ដែលកំពុងខ្វះខាត។ ឡាននីមួយៗមានអ្នកបើកបរសុវត្ថិភាពពីរនាក់ ដោយមានម្នាក់ពាក់ម៉ាស់និងស្រោមដៃដើម្បីទម្លាក់ប្រអប់អាហារនៅតាមមាត់ទ្វារផ្ទះនីមួយៗ។

លោក រ៉ុប ហ្គ្រែន អនុប្រធានកិច្ចការរដ្ឋាភិបាលនៅអង្គភាព Cruise បាននិយាយថា “យើងមិនបានព្យាយាមធ្វើឱ្យមនុស្សងាកចេញពីការបើកបរទេ។ អ្វីដែលខ្ញុំមើលឃើញគឺជំងឺរាតត្បាតនេះពិតជាបង្ហាញថា រថយន្តបើកស្វ័យប្រវត្តិពិតជាអាចប្រើប្រាស់មានប្រយោជន៍នាពេលអនាគត។ នោះនឹងរួមបញ្ចូលទាំងការដឹកជញ្ជូនដោយមិនមានការប៉ះពាល់គ្នាដូចអ្វីដែលយើងកំពុងធ្វើនៅទីនេះ”។

ក្រុមហ៊ុន Pony.ai ដែលគាំទ្រដោយក្រុមហ៊ុន Toyota និយាយថា រថយន្តរបស់ខ្លួនបានធ្វើដំណើរតាមផ្លូវនៅរដ្ឋកាលីហ្វ័រញ៉ាបន្ទាប់ពីផ្អាកដំណើរការ។ ឥឡូវនេះពួកវាកំពុងចែកចាយគ្រឿងទេសនៅទីក្រុងអៀវីនពីផ្សារលក់ទំនិញអនឡាញ Yamibuy និង ធ្វើការជាមួយទីក្រុងហ្វ្រេម៉ុនដើម្បីដឹកអាហារសម្រាប់កម្មវិធីជម្រកគ្រាអាសន្នក្នុងស្រុក។

ទន្ទឹមនឹងនេះដែរនៅដើមខែមេសា ក្រុមហ៊ុន Nuro ដែលគាំទ្រដោយក្រុមហ៊ុន Softbank បានក្លាយជាក្រុមហ៊ុនទី ២ នៅរដ្ឋកាលីហ្វ័រញ៉ាដែលទទួលបានការអនុញ្ញាតឱ្យដំណើរការរថយន្តស្វ័យប្រវត្តិនៅលើផ្លូវសាធារណៈ៕ ដោយ៖ កញ្ញាដាលីស

រថយន្តស្វ័យប្រវត្តិកំពុងក្លាយជាផ្នែកសំខាន់នៃការដឹកជញ្ជូនអាហារនៅសហរដ្ឋអាម៉េរិកអំឡុងរដូវកូវីដ១៩