រថយន្ត​ជាង​២០០​គ្រឿងក្នុង​១​ថ្ងៃ​ចូល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នៅ​ខេត្តសៀមរាប​

140
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​មាន​រថយន្ត​ជាង​២០០​គ្រឿងក្នុង​មួយថ្ងៃ​បាន​ចូលមក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ស្របពេល​មានការ​អនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខណ​:​អគ្គ​ស្នងការរង​នគរបាលជាតិ​ណែនាំ​កុំ​ទាន់​ពិន័យ​លើ​ករណី​លើស​សុពលភាព​ឆៀក​។​

​នា​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​នេះ​លោក​ប៉ែន​សូ​នី​ប្រធានការិយាល័យ​ដឹកជញ្ជូន​ផ្លូវគោក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​បានបញ្ជាក់​ថា​ក្នុង​មួយថ្ងៃ​មាន​រថយន្ត​ជាង​២០០​គ្រឿង​ត្រូវបាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត នៅ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​ហៅថា ឆៀក ស្ថិតក្នុង​ភូមិ​ជ្រៃ​ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​

​លោក​បាន​បន្តថា ចំនួន​នេះ​បាន​កើតមានឡើង​ចាប់ពី​ថ្ងៃទី​២៧ ខែមេសា រហូតដល់​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២០​នេះ​បាន​បង្ក​ឱ្យ​រថយន្ត​មានការ​កកស្ទះ​រង់ចាំ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ហើយ​ក្រៅពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តសៀមរាប​ក៏មាន​ប្រជាពលរដ្ឋ​មកពី​តាម​បណ្ដា​ខេត្ត​និង​រាជធានី​ភ្នំពេញ​ផងដែរ ។​

លោក​គី​វី​រិន្ទ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​សៀមរាប​មានប្រសាសន៍ថា​ស្របពេល​នៃ​ការ​រ​រឹតបន្តឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដែល​ចាប់ផ្ដើម​អនុវត្តន៍​កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​នេះ មន្ទីរ​សាធារណការ​ខេត្ត ក៏ដូចជា​មន្ទីរ​រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស នឹង​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព ។​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​គោរព​ច្បាប់​និង​ចូលមក​ទទួល​សេវា​នៅ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ខេត្តសៀមរាប​នេះ ។​

លោក​បាន​បន្តទៀតថា​ប្រការ​សំខាន់​សូមឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គប្បី​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ព្រោះ​សោកនាដកម្ម​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នា​ឆ្នាំ​២០១៩​កន្លងមក​បានធ្វើឱ្យ​មនុស្ស​ស្លាប់​ជិត​២​ពាន់​នាក់​និង​មនុស្ស​រាប់ពាន់នាក់​ផ្សេងទៀត​បាន​រងរបួស​។​រហូតដល់​អ្នកខ្លះ​បានក្លាយ​ទៅជា​មនុស្ស​ពិការ​អស់​មួយជីវិត​។​ពិសេស​បាន​បន្សល់ទុក​នូវ​ស្ត្រី​មេម៉ាយ​និង​ក្មេង​កំព្រា​ជាច្រើន​នាក់​ព្រមទាំង​បាន​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​ផ្ទាល់​និង​ទ្រព្យសម្បត្តិ​សាធារណៈ​ជាច្រើន​ផងដែរ​ដោយ​គិត​ជា​ទឹកប្រាក់​ពី​៣០០​ទៅ​៣៥០​លាន​ដុល្លារ​អាមេរិក ។​

​សូមបញ្ជាក់ថា តាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក ត្រង់​ជំពូក​ទី​៣ មាត្រា​៧​ថ្មី ចំណុច​ទី​៤ បាន​បញ្ជាក់ថា​ត្រូវ​ពិន័យ​អ្នកបើកបរ​រថយន្ត​ធុន​ស្រាល​ទឹកប្រាក់​ចំនួន​១៨០.០០០​រៀល​និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទឹកប្រាក់​ចំនួន​៣៧៥.០០០​រៀល​ចំពោះ​អំពើ​ល្មើស​បើកបរ​ដោយ​គ្មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន ឬ ប្រើ​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ហួស​សុពលភាព ។​

​សូម​រំលឹកថា កាលពី​យប់​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​នេះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ជម្រាបជូន​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ទាំងអស់ លើ​ករណី​លើស​សុពលភាព​ឆៀក កុំ​ទាន់​ពិន័យ​សិន ព្រោះ​ករណីនេះ មាន​រថយន្ត​ជាច្រើន កំពុង​ទៅ​ឆៀក ។​តែ​មិនទាន់​ឆៀក​បាន ណែន​ពេក​កន្លែង​ឆៀក នៅ​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់ ហើយ​រឿងនេះ​ក៏​មិន​នៅក្នុង​របៀបវារៈ​នៃ​ការត្រួតពិនិត្យ​របស់​យើង​ដែរ​។​ចំពោះ​រថយន្ត​៩​ចំណុច​មិនទាន់​បានចែង​ទេ ចាំ​ជំហាន​ខាងមុខ​ទៀត​។ រង់ចាំ​បញ្ជា​ជាថ្មី ចំណុច​កុំ​ទាន់​ពិន័យ​អោយសោះ​៕S/

​រូបភាព​:​មាន​រថយន្ត​ជាង​២០០​គ្រឿងក្នុង​មួយថ្ងៃ​បាន​ចូលមក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នៅ​ខេត្តសៀមរាប​៕​គូលែន​