រថយន្ត​ពីរ​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​ បណ្តាល​ឲ្យ​ក្រឡាប់​មួយគ្រឿង ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់

461
ចែករម្លែក

ដោយ:​ចាន់តូ​/​កណ្តាល ៖ រថយន្ត​ម៉ាក​រ៉េ​ហ្វ​រ បើក​ដោយ​បុរស​ម្នាក់ ខណៈ​បើក​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវបាន​រថយន្តហាយ​លែ​ន​ឌ័​របុក​ពេញទំហឹង ​បណ្ដាល​ឲ្យ​រថយន្តហាយ​លែ​ន​ឌ័​រ​ក្រឡាប់​ផ្ងារ​ជើង​ឡើងលើ រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់​និង​រង​ការខូចខាត​ទាំងសងខាងយ៉ាងដំណំ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៩​ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​តា​ក្តុល ឃុំ​តា​ក្តុល ស្រុក​តាខ្មៅ ខេត្តកណ្តាល​។​ ជនរងគ្រោះ​ទាំង​បួន​នាក់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​រ៉េ​ហ្វ​រ ស៊េរី​២០០១ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​.2 Z2590 បាន​ចត​ក្បាល​ទៅ​ទិស​ខាងជើង​ជិត​រោងការ ហើយក៏​មាន​បុរស​ម្នាក់​ចេញពី​រោងការ​ឡើង​បើករថយន្ត បត់​ឆ្លងផ្លូវ​បាន​ពាក់​កណ្តាលផ្លូវ ក៏​ស្រាប់​តែមាន​រថយន្ត​ហាយ​លែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ កណ្តាល 2B.9460 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នង​ល្បឿន​យ៉ាង​លឿន បាន​បុក ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​រ៉េ​ហ្វ​រ​វិល​ជាច្រើន​ជុំ​រង​ការខូចខាត​ផ្នែក​ខាងស្តាំ​ក្រពឹត​មួយ​ចំហៀង​និង​ដាច់​ក្រឡេក​ង់​មុខ​អស់​មួយ​តែ​មិនមាន​រងរបួស​នោះទេ​។​ ចំណែកឯ​រថយន្ត​ហាយ​លែ​ន​ឌ័​រ​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ ក៏មាន​ផ្សែង​ហុយ​ចេញពី​ម៉ា​ស៊ី​ន​យ៉ាងច្រើន​ពេលនោះ​ប្រជាពលរដ្ឋ​យក​បំពង់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ទាន់ពេលវេលា​។​ រថយន្តរង​ការខូចខាត​ស្ទើរតែ​ទាំងស្រុង​។​

មួយសន្ទុះ​ក្រោយមក​ក៏មាន​មនុស្ស​លូន​ចេញមកក្រៅ​២​នាក់ ហើយ​២​នាក់​ទៀត​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ទាញ​ចេញពី​ក្នុង​រថយន្ត​ហាយ​លែ​ន​ឌ័​រ៤​នាក់​ ប្រុស​ទាំងអស់​មក​ខាងក្រៅ​ ហើយ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​ផង​ដែរ។

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ ហើយ​ទាក់ទង​ជំនាញ​មក​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ចរាចរណ៍​ផ្លូវគោក​ស្នងការដ្ឋានខេត្តកណ្តាល​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​B/Ha