រយៈពេល១២ថ្ងៃៈ ប៉ូលិស ផាកពិន័យយានយន្តល្មើសច្បាប់ជាង ២ម៉ឺនគ្រឿង

118
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ការរឹតបន្តឹងការអនុវត្តច្បាប់ចចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសរយៈពេល ១២ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចផាកពិន័យយានយន្តប្រមាណជាង ២ម៉ឺនគ្រឿង។ ចំណែកគ្រោះថ្នាក់ចរាចរណ៍រយៈពេល ១២ថ្ងៃ បានបណ្តាលឲ្យមនុស្សចំនួន ៤៣នាក់ បានស្លាប់ និងជាង ១០០នាក់បានរងបួស។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់រស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ថា លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចចរាចរណ៍ផ្លូវគោក ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញយានយន្តល្មើសច្បាប់សរុបចំនួន ២០.២១៨គ្រឿង ក្នុងនោះម៉ូតូចំនួន ១៥.១៦១គ្រឿង និងរថយន្តចំនួន ៥.០៥៧គ្រឿង ក្នុងនោះរថយន្តតូចចំនួន ៤១៤៣គ្រឿង និងរថយន្តធំចំនួន៩១៤គ្រឿង។ 

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបន្តថា សម្រាប់ការអនុវត្តការរឹតបន្តឹងការអនុវត្តច្បាប់ចចរាចរណ៍ផ្លូវគោកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញយានយន្តល្មើសចំនួន១.២១៤គ្រឿង ក្នុងនោះម៉ូតូចំនួន ៨៩០គ្រឿង។ បទល្មើសភាគច្រើនសម្រាប់ម៉ូតូ គឺមិនពាក់មួកសុវត្ថិភាព ល្មើសសញ្ញា លើសចំណុះ ស្រវឹង អត់ស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ។រថយន្តចំនួន ៣២៤គ្រឿង (តូច ២៥០គ្រឿង និងធំ ៧០គ្រឿង)។ សម្រាប់រថយន្តភាគច្រើន គឺលើសល្បឿន អត់ប័ណ្ណបើកបរ ល្មើសសញ្ញា អត់ខ្សែក្រវ៉ាត់ លើសចំណុះ ស្រវឹង អត់ស្លាកលេខនិងនិយាយទូរស័ព្ទពេលបើកបរ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល ១២ថ្ងៃគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ កើតឡើងចំនួន ៨០លើក ស្លាប់ចំនួន ៤៣នាក់និងរបួសចំនួន ១០៨នាក់ (របួសធ្ងន់ ៦៤នាក់។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១២ ខែឧសភាកើតឡើងចំនួន ៤លើក ស្លាប់ចំនួន ៣នាក់ និងរបួស២នាក់ (របួសធ្ងន់ ១នាក់)៕សរន