រហូតមកដល់ពេលនេះ វិទ្យាស្ថានប៉ាស្ទ័រ ពិនិត្យរកកូវីដ ១៩ ជាង​១០០០ករណី រកឃើញ៣៥ករណី

96
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺរលាកសួតបង្ក ដោយវីរុសកូវីដ១៩” នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងអះអាងថារហូតមកដល់ពេលនេះក្រសួងសុខភិបាលតាមរយៈវិទ្យាស្ថានប៉ាស្ទ័របានធ្វើតេស្តរកមេរោគកូវីដ ១៩ បានចំនួន១១១២ករណី ដោយក្នុងនោះ រកឃើញអ្នកផ្ទុកកូវីដ១៩នេះ ចំនួន៣៥ករណី ។

លោកស្រីវេជ្ជបណ្ឌិត បានឱ្យដឹងថាកម្ពុជាបានរកឃើញនូវករណីឆ្លងចំនួន២ករណីថែមទៀត នៅលើខ្លួនជនជាតិម៉ាឡេស៊ី២នាក់ ដែលធ្វើឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសកម្ពុជាបានកើនដល់៣៥នាក់ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ។

ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា៖រាល់ការធ្វើតេស្តរកមេរោគកូវីដ១៩ មិនតម្រូវឲ្យបង់ប្រាក់នោះទេ មិនដូចពាក្យចចាមអារ៉ាម លើកឡើងនោះឡើយ។

ពាក់ព័ន្ធនឹងកូវីដ១៩នេះដែរ លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ក៏ដូចជាមន្រ្តីរាជការដែរនោះគួរចៀសវាងការធ្វើដំណើរនិងកាត់បន្ថយនូវការធ្វើដំណើរទៅក្រៅប្រទេសបើសិនជាគ្មានការចាំបាច់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។លោកស្រីបានបន្តថា តែបើសិនជាខានមិនបានទេ មានការអនុញ្ញាតពីថ្នាក់ដឹកនាំកម្រិតណាមួយ មន្រ្តីអាចទៅបាន ប៉ុន្តែពេលត្រឡប់មកវិញ ត្រូវព្យាយាមអនុវត្តវិធានការការពារខ្លួន ដែលត្រូវតាមដានសុខភាពផ្ទាល់ខ្លួន រយៈពេល១៤ថ្ងៃ ដើម្បីការពារកុំឱ្យមានការចម្លងកូវីដ១៩ ទៅគ្រួសារ ឬអ្នកដទៃទៀត។

ក្នុងសន្និសីទសារព័ត៌មាននោះដែរ លោកស្រី ឱ វណ្ឌឌីន បានបង្ហាញថា បុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំ ដែលបានឆ្លងវីរុស COVID-19 ពីបុរសជនជាតិជប៉ុន និងបានកំពុងទទួលការព្យាបាលនៅបន្ទប់ដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យខេត្ដសៀមរាប មានសុខភាពរឹងមាំធម្មតា មិនមានបញ្ហាអ្វីប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនោះទេ។ តាមការពិនិត្យសុខភាពជាប្រចាំ ចំនួនវីរុសក្នុងខ្លួនរបស់គាត់បានថយចុះជាបណ្ដើរហើយ ដូច្នេះ យើងសង្ឃឹមថា សុខភាពគាត់ នឹងវិវឌ្ឍទៅកាន់ភាពល្អប្រសើរ និងជាសះស្បើយក្នុងពេលខាងមុខ។

សូមជម្រាបថា គិតមកដល់ពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា សរុបចំនួន ៣៥នាក់នោះរួមមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)។

ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប។

ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។

ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។

ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។

ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ។

ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ។

ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ។

ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ។

ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ។

ទី១១៖ បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំនៅខេត្តព្រះវិហារ ។

ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។។

ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណខេត្តបន្ទាយមានជ័យ។

ទី១៥, ទី១៦៖ បុរសជនជាតិខ្មែរ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា។

ទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង។

ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប។

ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក។

ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប។

ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ។ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ។

ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប។ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង។

ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។ទី៣៤៖ ជនជាតិម៉ាឡេស៊ីនិងទី៣៥៖ ជនជាតិម៉ាឡេស៊ី៕/B