រាជរដ្ឋាភិបាល​ដាក់​កំហិត​ក្នុងការ​ធ្វើដំណើរ​ក្នុង​ផ្ទៃ​ប្រទេស​

226
ចែករម្លែក

ដោយៈ​សម្បត្តិ ,តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ទីបំផុត​ដើម្បី​បង្ការ​និង​ទ​ប​’​ស្កាត់​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​រសៀល​ថ្ងៃទី​៩​ខែមេសា​នេះ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​បទបញ្ជា​ស្តីពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស​ក្នុង​គោលដៅ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​។​បទបញ្ជា​នេះ​បាន​ប្រាប់​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ បិទ​ការធ្វើដំណើរ​ក្នុងប្រទេស ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្ដា​ខេត្ត និង​ការធ្វើដំណើរ​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយទៀត រហូតដល់​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ​ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០៩ រហូតដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ ។
​បទបញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​បាន​បញ្ជាក់ថា​
១. ហាមឃាត់​ការធ្វើដំណើរ​នៅក្នុង​ផ្ទៃ​ប្រទេស​រួមមាន ការធ្វើដំណើរ​ឆ្លងកាត់​ចេញចូល​រាជធានី​ភ្នំពេញ ការធ្វើដំណើរ​ឆ្លងកាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត ។​
២. ការហាមឃាត់​នេះ ត្រូវបាន​លើកលែង​ចំពោះ ៖
-​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក​
-​រថយន្ត និង​មធ្យោបាយ​ធ្វើដំណើរ​របស់​មន្ត្រីរាជកា​រ​ស៊ីវិល​គ្រប់​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញការងារ​ប្រចាំថ្ងៃ​ដែល​ម្ចាស់​យានយន្ត​ត្រូវ​បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​នូវ​អត្តសញ្ញាណប័ណ្ណ​ការងារ​របស់ខ្លួន​
-​រថយន្ត និង​មធ្យោបាយ​ធ្វើដំណើរ​របស់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​គោលដៅ​បំពេញភារកិច្ច​របស់ខ្លួន​
-​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន​
-​រថយន្ត​ពន្លត់អគ្គីភ័យ​
-​រថយន្ត​បម្រើសេវា​ដឹកជញ្ជូន​សំរាម និង​កាកសំណល់​
-​ការដឹកជញ្ជូន​កម្មក​រ​ទៅកាន់​ទីកន្លែង​ការងារ​នៅតាម​រោងចក្រ​សហគ្រាស ដែល​ត្រូវមាន​ប័ណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឬ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​
-​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅកាន់​មន្ទីរពេទ្យ​រដ្ឋ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួលបាន នូវ​សេវា​សុខភាព​ចាំបាច់​និង​បន្ទាន់ដោយ​កំណត់​ចំនួន​មនុស្ស​មិន​ឲ្យ​លើសពី ៤​នាក់​សម្រាប់​ករណី​នីមួយៗ​។​

៣ បទបញ្ជា​នេះ​មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី​ម៉ោង ២៤ ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២០ រហូតដល់​ម៉ោង ២៤ ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ ។

សូមអានបទបញ្ជា