រិ​ន សារ​ដ្ឋ និង សោម វិឆ័យ នរណា ក្លាយជា​ម្ចាស់​ពាន ដែល​អមដោយ​ថវិកា ៤.០០០ ដុល្លារ​

106
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock-OutSerie by K-Cement ទម្ងន់ ៦៣,៥០ គីឡូក្រាម ដែល​ចាប់ផ្ដើម ពីថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ មក​
​នោះ នឹង​ប្រកួត​ផ្ដាច់ព្រ័ត្រ នៅ​យប់​ថ្ងៃទី​២៣ ឧសភា នេះហើយ ។​

​ព្រឹត្តិការណ៍​នេះ មាន​អ្នក​ប្រដាល់​ចូលរួម ចំនួន ៣២ រូប មកពី​ក្លិប​ចំនួន ៣២ មកពី​ក្លិប សមាគម​នានា ចំនួន ៣២ នៅ​ទូទាំងប្រទេស​។ ការប្រកួត តាម​រូបមន្ដ​ជម្រុះ គឺ​អ្នកចាញ់​ខ្ទាត​ចេញ ពី​ការប្រកួត រហូត​នៅសល់ ៤ រូប សម្រាប់​ប្រកួត វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​

​អ្នក​ប្រដាល់ ចំនួន ២ រូប ដែល​មិនទាន់​ស្គាល់​ចាញ់ នៅក្នុង​ព្រឹត្តិការណ៍​នេះ នឹង​ប្រជែង​គ្នា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។ អ្នកឈ្នះ បាន​ពាន និង​រង្វាន់​អម​ចំនួន ៤.០០០ ដុល្លារ ចំពោះ​អ្នកចាញ់ បាន​ពាន​មួយ និង​រង្វាន់​អម​ចំនួន ២.០០០ ដុល្លារ ។​

​សោម វិឆ័យ ក្លិប​ពន្លឺ​វិបុល ត្រូវ​តស៊ូ​ជាមួយ អ្នក​ប្រដាល់ រិ​ន សារ​ដ្ឋ ក្លិប​បញ្ជាការដ្ឋាន កងទ័ព​ជើ​ទឹក ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ នៅ​មិនទាន់​ស្គាល់​ចាញ់ ដូចគ្នា តែ​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ នឹងមាន​ម្នាក់ បន្ត​ឈ្នះ និង​មាន​ម្នាក់ ស្គាល់​ចាញ់ ជា​លើកដំបូង ។​

​កាល​ប្រកួត​ជម្រុះ​ជុំ​ទី​១ វិឆ័យ ឈ្នះ ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុងខណៈដែល សារ​ដ្ឋ ឈ្នះ សល់ ពិសិដ្ឋ ក្លិប​កុសល​កីឡា ដែល​រក្សា​ទម្ងន់​មិនបាន ។ វគ្គ​ជម្រុះ​ជុំ​ទី​២ វិឆ័យ ឈ្នះ គង់ សំបូរ ក្លិប​អាណាចក្រ​ប្រយុទ្ធ ខេត្តសៀមរាប ដោយ​ពិន្ទុ ចំពោះ សារ​ដ្ឋ ឈ្នះ អ៊ុង កំសត់ ក្លិប​ព្រៃទទឹង​កីឡា ដោយ​ពិន្ទុ ។​

​វគ្គ​ជម្រុះ ជុំ​ទី​៣ វិឆ័យ ឈ្នះ រឿ​ម វណ្ណៈ ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង ដោយ​ពិន្ទុ និង សារ​ដ្ឋ ឈ្នះ ខាំ សាបាន ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ពិន្ទុ ។ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ វិឆ័យ ឈ្នះ ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ពិន្ទុ ឯ សារ​ដ្ឋ ឈ្នះ វ៉ែន ហុង​ជី​វ៉ុ​ង ក្លិប​កងកេង​មាន​រិ​ទ្ធ ខេត្តបាត់ដំបង ដោយ​ពិន្ទុ​ដែរ ។​

​ជំនួប​ផ្ដាច់ព្រ័ត្រ​នេះ មិនដឹងថា នរណា ក្លាយជា​ម្ចាស់​ពាន​នោះឡើយ ។ ទាំងសងខាង សុទ្ធតែ​ត្រៀមខ្លួន បានល្អ​ដូចគ្នា ។ សារ​ដ្ឋ គេ​ជា​អ្នក​ប្រដាល់ ដែល​រហ័ស​កែង តែ វិឆ័យ រន្ទះ​ជើង​របស់គេ ស៊ី​ក​ញ្ចឹ​ង ក គូប្រកួត​បាន​ច្រើន​គ្នា​ណាស់ ចំពោះ​កណ្ដាប់ដៃ កែង និង ជង្គង់​របស់គេ ក៏​មិនអាច​មើលស្រាល បានដែរ ។​

ពុ​យ វណ្ណៈ និង វ៉ែន ហុង​ជី​វ៉ុ​ង​

​ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ វ៉ែន ហុង​ជី​វ៉ុ​ង ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ ។ អ្នកឈ្នះ នឹង​បាន​ទទួលពាន​លើកទឹកចិត្ត អមដោយ​រង្វាន់​ចំនួន ១.០០០ ដុល្លារ ។ ចំពោះ​អ្នកចាញ់​វិញ បានទទួល​ពាន​លើកទឹកចិត្ត និង​ប្រាក់រង្វាន់​លួង​ចិត្ត ចំនួន ៧០០ ដុល្លារ ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​ចាញ់ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដូចគ្នា គឺ ពុ​យ វណ្ណៈ ចាញ់​ពិន្ទុ សោម វិឆ័យ និង ជី​វ៉ុ​ង ចាញ់​ពិន្ទុ រិ​ន សារ​ដ្ឋ ។ កាល​ប្រកួត​ជម្រុះ ៣ ជុំ​ដំបូង នៅ​ជុំ​ទី​១ ពុ​យ វណ្ណៈ ឈ្នះ លីន សុខ​ឈុន ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ពិន្ទុ ចំពោះ ជី​វ៉ុ​ង ឈ្នះ សុខ សុវណ្ណ ក្លិប​កងពលធំ អន្តរាគមន៍​លេខ​២ ដោយ​ពិន្ទុ ។​

​វគ្គ​ជម្រុះ​ជុំ​ទី​២ វណ្ណៈ ឈ្នះ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក ដោយ​ពិន្ទុ ឯ ជី​វ៉ុ​ង ឈ្នះ សោម ស៊ី​ថៃ ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ពិន្ទុ ។ នៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣ វណ្ណៈ ឈ្នះ ឡុង បេន​លឿន ក្លិប​សាល​វ័​ន្ដ​កីឡា ដោយ​ពិន្ទុ ក្នុងខណៈដែល ជី​វ៉ុ​ង ឈ្នះ ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ដោយ​ពិន្ទុ ។ ចំណាត់​ថ្នាល់​លេខ​៣ ជា​របស់​នរណា ?​។​

​ចំពោះ​គូប្រកួត ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ ឡាញ់ ផល្លា ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ជី ឆៃលី ក្លិប​កង​យោពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ សឺ​ន ថៃ​សាន់ ក្លិប​ជ្រៃ​សែន​ជ័យ ខេត្តកំពង់ស្ពឺ ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v