រី​ចំណាន កល្យាណ សម្ងំ​រកស៊ី តាម​អន​ឡាញ​

184
ចែករម្លែក

​ភ្នំពេញ​៖ អតីត​បេក្ខជន​បវរកញ្ញា​ឯក តំណាង​ឲ្យ​កម្ពុជា ក្នុងការ​ប្រកួត​ដណ្ដើមយក​មកុដ រាជ​នី សម្រស់ ក្នុង​កម្មវិធី​ដ៏​ធំ​លំដាប់​ពិភពលោក ឆ្នាំ​២០១៩ “Miss Planet International 2019” កញ្ញា រី​ចំណាន កល្យាណ ពេលនេះ ទោះបី​ពេលនេះ នាង​មាន​សម្រស់ កាន់តែ​ស្អាត​ជាង​ពេលមុន​នាង ចូល​ប្រឡង​លើកដំបូង និង​កាល​ប្រឡង​អន្តរជាតិ ដែលមាន​បេក្ខភាព មកពី ៣៤ ប្រទេស​ក៏ដោយ ក៏​នាង​បាន​បាន​ងាក​យក​ពេលវេលា ពី​ការងារ​សិល្បៈ ដែល​នៅសល់ មក​សម្ងំ​រកស៊ី​តាម​អន​ឡាញ ដើម្បី​បង្កើន​ចំណូល​បន្ថែម ស្របពេល​វិបត្តិ​សេដ្ឋកិច្ច ដោយ​កូ​វីដ ១៩ នៅតែ​បន្ត​។​
​ ​
​កញ្ញា រី​ចំណាន កល្យាណ បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ ឱ្យដឹងថា “​សម្រាប់​ការងារ​សិល្បៈ គឺ​ខ្ញុំ​ធ្វើជា​តំណាងឱ្យ​ផលិតផល​មួយចំនួន ក៏ដូចជា​ការថត​ម៉ូត​ផ្សេងៗ​។ ចំពោះ​ការថត​រឿង គឺ​ខ្ញុំ​មិនបាន​ទទួល​ទេ បង (​រស្មី​កម្ពុជា​) ព្រោះ​ពុំមាន​ពេលវេលា​គ្រប់គ្រាន់ ដោយសារ​រវល់​នឹង​ការងារ បើកហាង​លក់ដូរ​វិញ​”​។

តារា​ម៉ូ​ឌែ​ល​រូបនេះ បាន​ប្រាប់ថា នាង​បើកហាង​លក់​គ្រឿងសម្អាង ផលិតផល​ថែរក្សា​ជាច្រើន​មុខ និង​សម្លៀកបំពាក់ ដោយ​នាង​យកប្រាក់​សន្សំ មក​បោះទុន​ប្រមាណ​ជិត ៥​ពាន់​ដុល្លារ​អាមេរិក ហើយ​។ នាង​កំពុង​រៀបចំ​ហាង និង លក់​តាម​អន​ឡាញ​បណ្តើរ​សិនៗ ហើយ​ចាំ​ហាង​រួចរាល់ នឹង​រក​ពេល​សម្ពោធ​ឱ្យ​ល្អ​។ នាង​សង្ឃឹមថា បងប្អូន​មហាជន ទាំង​អ្នក​នៅ​គាំទ្រ​សកម្មភាព​របស់​នាង ហើយ​ជាពិសេស​គាំទ្រ​ការលក់ដូរ​របស់​នាង​។ នាង​ក៏​សូម​ថ្លែងអំណរគុណ​ចំ​បោះ​ការគាំទ្រ​លើ ការងារ​សិល្បៈ​របស់​នាង​។

សូម​រំលឹកថា កញ្ញា រី​ចំណាន កល្យាណ បាន​ប្រឡូក​ចូល​សិល្បៈ ក្នុង​ឆ្នាំ ២០១៨​ហើយ​លេចមុខ ខ្លាំង នៅ​ឆ្នាំ​២០១៩ គឺ​នាង​បាន​តំណាងឱ្យ​កម្ពុជា ចូលរួម​ប្រកួត Miss Planet international ដែល កម្ពុជា គឺជា​ម្ចាស់ផ្ទះ ហើយ​នាង ជាប់​ត្រឹម ១៦ នាក់ ជម្រើស​ចុងក្រោយ​។
​ ​
​កញ្ញា រី​ចំណាន កល្យាណ ទទួលបាន​ការសរសើ​រ ពី​មហាជន ដែល​នាង​ពិតជា​មាន​រូប​សម្រស់ ស្រស់ស្អាត សមសួន​។ នៅពេលដែល រំលេច​សម្រស់​ដ៏​ល្អ​ឯក ក្នុង​ឈុត​ប្រពៃណី​កម្ពុជា និង​ពិតជា​ស័ក្តិសម ធ្វើជា​បវរ​កញ្ញាឯក តំណាង​ឲ្យ​កម្ពុជា ក្នុងការ​ប្រកួត​ដណ្ដើមយក​មកុដ រា​ជនី​សម្រស់ ក្នុង​កម្មវិធី ដ៏​ធំ​លំដាប់​ពិភពលោក “Miss Planet International ២០១៩” ៕ ដោយ​៖ បូ​រិ​ន​