រុស្ស៊ីនឹងបង្ហោះផ្កាយរណបទីមួយសម្រាប់ត្រួតពិនិត្យអាកាសធាតុនៅតំបន់អាក់ទិកឆ្នាំនេះ

446
ចែករម្លែក

អគ្គនាយកក្រុមហ៊ុនអវកាស Lavochkin លោក វ៉្លាឌីមៀរ កុលមីកូវ បាននិយាយថា រុស្ស៊ីនឹងបាញ់បង្ហោះផ្កាយរណប Arktika-M ជាលើកដំបូងសម្រាប់តាមដានអាកាសធាតុនិងបរិស្ថាននៅតំបន់អាក់ទិកនៅចុងឆ្នាំនេះ។

លោកកូលមីកូវបាននិយាយថា “គិតត្រឹមឥឡូវនេះ យានអវកាសទីមួយ Arktika-M ត្រូវបានបង្កើតឡើងហើយកំពុងធ្វើការសាកល្បងវិទ្យុអេឡិចត្រូនិច…ការបាញ់បង្ហោះគ្រោងនឹងធ្វើនៅចុងឆ្នាំ ២០២០”។ លោកបានបន្ថែមថា ផ្កាយរណប Arktika-M ទីពីរកំពុងស្ថិតក្នុងការអភិវឌ្ឍនៅឡើយហើយនឹងត្រូវបង្ហោះនៅឆ្នាំ ២០២៣។

នៅក្នុងខែកុម្ភៈប្រភពឧស្សាហកម្មអវកាសបាននិយាយថា ការបាញ់បង្ហោះផ្កាយរណប Arktika-M ដំបូងពីមជ្ឈមណ្ឌលអវកាស Baikonur គ្រោងធ្វើនៅថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២០។ យោងតាមប្រភពដដែល ផ្កាយរណបនេះនឹងត្រូវបាញ់បង្ហោះដោយប្រើរ៉ុក្កែត Soyuz-2.1b រួមជាមួយយាន Fregat ។

យោងតាមឯកសាររបស់សាជីវកម្មអវកាសរុស្ស៊ី Roscosmos ចេញផ្សាយនៅលើគេហទំព័រលទ្ធកម្មសាធារណៈបានឱ្យដឹងថា ការបាញ់បង្ហោះផ្កាយរណបរុស្ស៊ីទីពីរសម្រាប់ការព្យាករណ៍អាកាសធាតុនិងតាមដានអាកាសធាតុនិងបរិស្ថាននៅតំបន់អាក់ទិកគឺផ្កាយរណប Arktika-M ត្រូវបានពន្យារពេលដល់ឆ្នាំ ២០២៣ ពីឆ្នាំ ២០២១។

ផ្កាយរណបទំនាក់ទំនងពីចម្ងាយនិងទំនាក់ទំនងបន្ទាន់ Arktika-M របស់រុស្ស៊ីនឹងប្រមូលទិន្នន័យឧតុនិយមនៅតំបន់ប៉ូលនៃផែនដី ដែលនឹងជួយធ្វើឱ្យប្រសើរឡើងនូវការព្យាករណ៍អាកាសធាតុហើយនឹងជួយឱ្យអ្នកវិទ្យាសាស្ត្រសិក្សាពីការប្រែប្រួលអាកាសធាតុកាន់តែប្រសើរ៕ ប្រែសម្រួល : កញ្ញាដាលីស

ផ្កាយរណប Arktika-M នឹងបង្ហោះនៅចុងឆ្នាំ២០២០