រុស្ស៊ី​ព្រមាន​អ៊ីស្រាអែល បន្ទាប់ពី​យន្តហោះ​យោធា​រុស្ស៊ី​ត្រូវ​បាញ់​ទម្លាក់​ដោយ​ស៊ី​រី​

685
ចែករម្លែក

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានព្រមានអ៊ីស្រាអែលចំពោះការវាយប្រហារតាមផ្លូវអាកាសលើស៊ីរី ដូចករណីមួយដែលនាំដល់ការបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីពីសំណាក់កងការពារអាកាសស៊ីរី ដោយបានសម្លាប់ទាហានរុស្ស៊ីទាំង១៥នាក់នៅក្នុងយន្តហោះ។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានប្រញាប់ទូរស័ព្ទទៅលោកពូទីនដើម្បីសម្តែងការសោកស្តាយចំពោះការបាត់បង់យន្តហោះនេះ តែបាននិយាយថាស៊ីរីទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះស៊ើបការណ៍ Il-20។

រដ្ឋាភិបាលវិមានក្រឹមឡាំងបាននិយាយថា លោកពូទីនបានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់អ៊ីស្រាអែលរំលោភអធិបតេយ្យភាពរបស់ស៊ីរី និងក៏រំលោភកិច្ចព្រមព្រៀងរុស្ស៊ី-អ៊ីស្រាអែលស្តីពីការជៀសវាងការប៉ះទង្គិចនៅស៊ីរី។

មេដឹកនាំរុស្ស៊ី បានទទូចលោកណេតាន់យ៉ាហ៊ូ កុំអនុញ្ញាតអោយមានសភាពការណ៍ដូច្នេះទៀតនាពេលអនាគត។

លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលក៏សុំបញ្ជូនមេទ័ពអាកាសរបស់លោកទៅកាន់ក្រុងមូស្គូដើម្បីចែករំលែកព័ត៌មានលម្អិតនិងបានកត់សំគាល់អំពីសារសំខាន់នៃការបន្តកិច្ចសម្របសម្រួលរវាងអ៊ីស្រាអែលនិងរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោកពូទីន សម្តែងការចូលរួមមរណទុក្ខដល់គ្រួសារ សាច់ញាតិនិងមិត្តរបស់ទាហានរងគ្រោះពីការធ្លាក់យន្តហោះ Ilyushin Il-20

ក្នុងកិច្ចខិតខំរក្សាទំនាក់ទំនង នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានប្រញាប់ទូរស័ព្ទទៅពូទីនដើម្បីសម្តែងការសោកស្តាយចំពោះការស្លាប់ទាហាននិងការបាត់បង់យន្តហោះរុស្ស៊ី ហើយបានបន្ទោសលើកងកម្លាំងស៊ីរី

យោធារុស្ស៊ីបាននិយាយថា យន្តហោះបានត្រូវគ្រាប់ធ្លាក់នៅចម្ងាយ៣៥គីឡូម៉ែត្រ កាលពីយប់ថ្ងៃចន្ទពេលវាវិលមកកាន់មូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅស៊ីរី

យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានផ្តោតការវាយប្រហារលើទីតាំងយោធាស៊ីរីមួយដែលពាក់ព័ន្ធការផ្តល់សព្វាវុធសំរាប់ក្រុមជីវពលហេបូឡាដែលតំណាងអោយអ៊ីរ៉ង់និងបានព្រមានប្រាប់ទៅរុស្ស៊ីអំពីការវាយប្រហារក្នុងពេលឆាប់ៗ ដោយស្របតាមកិច្ចព្រមព្រៀងស្តីពីការមិនប៉ះទង្គិចគ្នា។យោធាស៊ីរីបានបាញ់កាំជ្រួចត្រូវយន្តហោះរុស្ស៊ីនៅពេលយន្តហោះទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានទៅដល់ដែនអាកាសអ៊ីស្រាអែល។

តែក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការព្រមានរបស់អ៊ីស្រាអែលនៅមិនដល់មួយនាទីទេ មុនធ្វើការវាយប្រហារតាមអាកាស ជាហេតុទុកអោយយន្តហោះរុស្ស៊ីស្ថិតនៅចំរង្វង់បាញ់ប្រហារ។រុស្ស៊ីបានចោទយោធាអ៊ីស្រា អែល ថាមានចេតនាប្រើប្រាស់យន្តហោះរុស្ស៊ីជាខែលដើម្បីគេចេញពីកាំជ្រួចស៊ីរី។

ក្នុងប្រតិកម្មរបស់ខ្លួន រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បានទូរស័ព្ទទៅសមភាគីអ៊ីស្រាអែល ដើម្បីប្រកាសប្រាប់ថា ភាគីអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុងចំពោះការធ្លាក់យន្តហោះនេះ និងបានព្រមានថារុស្ស៊ី “រក្សាសិទ្ធិសងសឹក”។

ទោះជាយ៉ាងណា លោកពូទីន បានប្រើសម្តីប្រយ័ត្នប្រយែងជាង ដោយលោកបានពណ៌នាឧបទ្ទវហេតុនេះថាជា” ព្រឹ ត្តិ ការណ៍សោកនាដកម្មដោយចៃដន្យជាប់គ្នាមួយខ្សែ” និងថា រុស្ស៊ីនឹងឆ្លើយតបជាមួយនឹង “ការចាត់វិធានការបន្ថែមដើម្បីការពារយុទ្ធជននិងទ្រព្យសម្បត្តិរបស់យើងនៅស៊ីរី”៕ដោយ៖វាសនា