រូបចម្លាក់​របស់​ជំទាវ​ទីមួយ​អាម៉េរិក​ត្រូវគេ​ចាត់ទុកថា “​គួរឱ្យ​អាម៉ាស់​” ខណៈ​ប្រជាជន​ស្លូ​វេ​នី​សង់​រូបសំណាក​នេះ​ដើម្បី​គោរព​ដល់​វីរបុរស​របស់ខ្លួន​

760
ចែករម្លែក

​យោងតាម​កាសែត The Guardian បានឱ្យដឹងថា រូបចម្លាក់​លោកស្រី​មេ​ឡា​នី ត្រាំ ទំហំ​ប៉ុន​មនុស្ស​មែនទែន ដែល​សង់​ឡើង​នៅ​ជាយក្រុង​សេវ​នី​កា (Sevnica) ត្រូវបាន​សម្ពោធ​កាលពី​ថ្ងៃ​សុក្រ​ទី​៦​កក្កដា​។ រូបចម្លាក់​នេះ​ត្រូវបាន​ឆ្លាក់​ចេញពី​ដើមឈើ​មួយ​ដើម​ដោយ​ប្រើ​ម៉ាស៊ីន​អារឈើ ដោយ​វិចិត្រករ​ឈ្មោះ ប្រ៊ែ​ត ដូ​នី (Brad Downey) ដែល​និយាយថា​វា​ជា​វិមាន​ដំបូង​គេ​ដែល​ឧទ្ទិស​ដល់​ភរិយា​ប្រធានាធិបតី​របស់​អាម៉េរិក​។ ចម្លាក់​ដើមឈើ​នេះ​ពណ៌នា​លោកស្រី​មេ​ឡា​នី​ស្លៀកពាក់​ឈុត​ពណ៌​ខៀវ​និង​គ្រវី​ដៃ​ឆ្វេង​របស់​លោកស្រី ដូចដែល​លោកស្រី​បានធ្វើ​នៅ​ពិធី​ឡើងកាន់តំណែង​របស់​ប្តី​លោកស្រី គឺ លោក ដូ​ណា​ល់ ត្រាំ ក្នុង​ឆ្នាំ ២០១៧​។​

​មនុស្ស​មួយចំនួន​ចាត់ទុក​រូបសំណាក​នេះ​ថា “​ទីងមោង​” ដោយសារតែ​វា​មាន​ភាពសាមញ្ញ​ពេក​។​

​លោក​ដូ​នី​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ខ្ញុំ​អាច​យល់បាន​ថា​ហេតុអ្វី​មនុស្ស​គិត​ដូច្នេះ ព្រោះ​រូបរាង​វា​មិន​ដូច​លោកស្រី​បន្តិច​សោះ​”​។​

​ទោះយ៉ាងណា លោក​នៅតែ​យល់ឃើញថា រូបសំណាក​នេះ “​ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់​”​។ ប៉ុន្តែ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​ចូលចិត្ត​រូបចម្លាក់​ថ្មី​នេះ​ទេ​។​

​អ្នកស្រុក​ម្នាក់​បាន​និយាយថា “​ប្រសិនបើ​រូបសំណាក​នេះ​ចង់​មានន័យថា​ជា​ត្រាប់​កំប្លែង​រិះគន់ នោះ​វិចិត្រករ​រូបនេះ​ពិតជា​ជោគជ័យ​។ យើង​នៅ​ស្លូ​វេ​នី​បានត្រឹមតែ​សើច​ចុកពោះ​ប៉ុណ្ណោះ ហើយ​ក្នុងពេល​ដំណាលគ្នា​នេះ យើង​បាន​យកដៃ​ខ្ទប់​ក្បាល​របស់​ពួកយើង​ដោយសារតែ​កេរ្តិ៍ឈ្មោះ​អាក្រក់​របស់​គ្រួសារ​ត្រាំ​”​។​

​អ្នកស្រុក​ផ្សេងទៀត​បាន​ពណ៌នា​រូបចម្លាក់​នេះ​ថា​ជា “​គួរឱ្យ​អាម៉ាស់​” ហើយ​និយាយថា វា​មើលទៅ​ដូចជា តួ​គំនូរជីវចល​ឈ្មោះ Smurf ជាជាង​ជំទាវ​ទីមួយ​៕ ដោយ៖ កញ្ញាដាលីស

រូបសំណាក​ជំទាវ​ទីមួយ​មេ​ឡា​នី​ត្រាំ​ធ្វើ​ឱ្យគេ​សើច​ចុកពោះ​ពេញ​ប្រទេស​ស្លូ​វេ​នី
រូបសំណាក​ជំទាវ​ទីមួយ​មេ​ឡា​នី​ត្រាំ​ធ្វើ​ឱ្យគេ​សើច​ចុកពោះ​ពេញ​ប្រទេស​ស្លូ​វេ​នី