រូបថត​នៃ​បន្ទប់​ស្ថានការណ៍​បង្ហាញ​ពី​ភាពផ្ទុយ​គ្នា​រវាង​ប្រធានាធិបតី​ត្រាំ​និង​អូ​បា​ម៉ា

1911
ចែករម្លែក

​រូប ដែល​បាន​ថត​នៅក្នុង​បន្ទប់​ស្ថានការណ៍​របស់​សេត​វិមាន​អំឡុង​ការសម្លាប់​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម អា​ប៊ូ បាក់​អាល់​បា​កដា​ឌី កាលពី​ថ្ងៃ​សៅរ៍​ទី​២៦ តុលា និង មេដឹកនាំ​ក្រុម​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន កាលពី​ប្រាំបី​ឆ្នាំមុន បាន​ផ្តិត​នូវ​ស្ទីល​ផ្ទុយគ្នា​ទាំងស្រុង​នៃ​ប្រធានាធិបតី​អាម៉េរិក​ពីររូប​។

​សេត​វិមាន​កាលពី​ថ្ងៃអាទិត្យ​បាន​បញ្ចេញ​រូបថត​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ជាន់ខ្ពស់​៥​រូប​របស់គាត់​កំពុង​តាមដាន​ប្រតិបត្តិការ​នា​រាត្រី​ថ្ងៃ​សៅរ៍​ប្រឆាំងនឹង​លោក​អា​ល់បាក​ដា​ឌី​ក្នុងប្រទេស​ស៊ី​រី​។

​រូបនេះ​បានបង្ហាញ​បុរស​ទាំង​៦​នាក់​ក្នុង​ឈុតខ្មៅ​ឬ​ឯកសណ្ឋាន​យោធា អង្គុយ​ជុំគ្នា​ថតរូប និង​សម្លឹងមើល​ទៅមុខ​ក្នុង​ទឹកមុខ​មាំ ខណៈ​ពួកគេ​អង្គុយ​ជុំវិញ​តុ​មួយ​។ សញ្ញា​សម្គាល់​ប្រធានាធិបតី​នៅលើ​ជញ្ជាំង​មើលទៅ​ឃើញ​នៅ​ចំ​ពីលើ​ក្បាល​លោក​ត្រាំ​តែម្តង​។

​រូបថត​នេះ​បាន​ទាក់ទាញ​ការប្រៀបធៀប​ទៅនឹង​រូបថត​បន្ទប់​ស្ថានការណ៍​ដែល​បញ្ចេញ​ដោយ​សេត​វិមាន​របស់​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា បន្ទាប់ពី​ប្រតិបត្តិការ​ខែឧសភា​ឆ្នាំ​២០១១ ដែល​ក្នុងនោះ​កងទ័ពជើងទឹក​អាម៉េរិក​បានសម្លាប់​ប៊ី​ន​ឡា​ដិ​ន​។

​នៅក្នុង​ឈុត​ឆាក​មិនបាន​រៀប​ឫក​ឱ្យគេ​ថត​នោះ គេ​ឃើញ​មុខ​មនុស្ស​១៣​នាក់​កំពុង​ចោមរោម​នៅ​ជុំវិញ​តុ​ដ៏​ច​ង្អៀ​ន​ណែន​មួយ​។

​លោក​អូ​បា​ម៉ា ដែល​ពាក់អាវ​កាក់​ធម្ម​តា​និង​អាវយឺត​កបត់ អង្គុយ​សម្លឹងមើល​អេក្រង់​ទូរទស្សន៍ និង​ក្តោប​ដៃ​។ បន្ទាប់មក រដ្ឋមន្ត្រីការបរទេស​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ដែល​បញ្ចេញ​ទឹកមុខ​តក់ស្លុត​ជាងគេ បាន​យកដៃ​ដាក់​បាំង​មាត់​របស់គាត់ ខណៈ​រដ្ឋមន្ត្រី​ការពារជាតិ លោក រ៉ូបឺត ហ្គេ​ត អង្គុយ​ក្រពាត់ដៃ​នៅក្បែរ​លោកស្រី​។​

​រូបថត​ត្រាំ ដែលមាន​ប្រធានាធិបតី​អង្គុយ​ចំ​កណ្តាល​និង​បញ្ចេញ​ទឹកមុខ​ម៉ឺងម៉ាត់ គឺមាន​លក្ខណៈ​ផ្លូវការ​ជាង និង ផ្តិត​ជាប់​នូវ​ចំណាប់អារម្មណ៍​របស់​ប្រធានាធិបតី​ក្នុងការ​បង្ហាញ​នូវ​អំណាច​របស់គាត់ និង ភាព​អស្ចារ្យ​នៃ​ការិយាល័យ​របស់គាត់​។ វា​ក៏​ឆ្លុះបញ្ចាំង​ផងដែរ​នូវ​ការក្តោបក្តាប់​យ៉ាង​ណែន​នូវ​ពួក​ទីប្រឹក្សា ដែល​ផ្តល់យោបល់​ឱ្យ​គាត់​។

​រូបថត​អូ​បា​ម៉ា​វិញ បង្ហាញ​នូវ​លក្ខណៈ​ក្រៅផ្លូវការ ដែល​ក្នុង​បន្ទប់​មាន​មនុស្ស​ច្រើនពេក​ដល់​ថ្នាក់​បាំង​សញ្ញា​សម្គាល់​ប្រធានាធិបតី​។ បន្ទប់​ណែន​នេះ​ហាក់​ឆ្លុះបញ្ចាំង​នូវ​ក្រុមទី​ប្រឹក្សា​ដែល​ធំ​ជាង និង ការចាប់អារម្មណ៍​រប​ស់លោក​អូ​បា​ម៉ា​ក្នុងការ​ទទួលយក​មតិ​យោបល់​ពី​មនុស្ស​គ្រប់ទិសទី​។​

​លោក​ត្រាំ​មិនចេះ​អឹមអៀន​នោះឡើយ​ក្នុងការ​ប្រកាស​អំពី​ការប្រៀបធៀប​បេសកកម្ម​ជំនាន់​គាត់​ទៅនឹង​បេសកម្ម​កម្ម​បង្ក្រាប​ប៊ី​ឡា​ដិ​ន​។ គាត់​និយាយថា “​នេះ​ជា​ប្រតិបត្តិការ​ធំជាងគេ​បំផុត​”៕ ដោយ៖ កញ្ញាដាលីស

រូបថត​ប្រៀបធៀប​ក្នុង​បន្ទប់​ស្ថានការន៍​របស់លោក​ត្រាំ​និង​លោក​អូ​បា​ម៉ា