រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ម៉ម ប៊ុន​លន ៖ អ្នក​ត្បាញ​សូត្រ​

254
ចែករម្លែក
​ម៉ម ប៊ុន​លន ថត​មុនពេល​រៀបការ​

ដោយ ៖ ប៊ា​ង ពី​វ័​ន្ត និង វេ​នី ខក​ហ្កៀ​ល​
​ ​រៀបរាប់​ប្រាប់​ដោយ​ប្រពន្ធ​របស់គាត់​ឈ្មោះ ជា នឿន ។​ប៊ុន​លន ធ្វើការ​នៅក្បែរ​ផ្សារ​រកា​កោង​ក្នុង​ខេត្តកណ្តាល​។ ខ្ញុំ​ធ្លាប់​ទៅ​ទីនោះ​ដើម្បី​ទិញ​ម្ហូបអាហារ​សម្រាប់​ក្រុមគ្រួសារ​។ គាត់​បាន​លួច​សម្លឹងមើល​ខ្ញុំ​អស់​រយៈពេល​ប្រហែល​មួយឆ្នាំ ប៉ុន្តែ​ខ្ញុំ​មិន​បានដឹង​ទាល់តែសោះ​។ ថ្ងៃមួយ ម្តាយ​ឪពុក​របស់គាត់​បានមក​ផ្ទះ​របស់ខ្ញុំ និង​រៀបចំ​ពិធី​រៀបការ​របស់​យើង​។​ខ្ញុំ​មិនបាន​ជួប​គាត់​ទាល់តែសោះ​រហូតដល់​ថ្ងៃ​រៀបការ​របស់​យើង​នៅក្នុង​ឆ្នាំ​១៩៦៩​។ ខ្ញុំ​មាន​អាយុ​១៩​ឆ្នាំ​ពេលដែល​យើង​រៀបការ​។


​ក្រោយពេល​រៀបការ​រួច ខ្ញុំ​បាន​ទៅ​រស់នៅ​ជាមួយ​ឪពុកម្តាយ​របស់គាត់​។ ឪពុកម្តាយ​របស់ខ្ញុំ​គឺជា​មនុស្ស​បុរាណ​។ គាត់​ចូលចិត្ត​ឲ្យ​កូនស្រី​រស់នៅ​ក្នុងផ្ទះ​ដើម្បី​ធ្វើ​កិច្ចការ​ផ្ទះ​។ ដូច្នេះ ខ្ញុំ​គ្មាន​ឱកាស​ទទួលបាន​ការអប់រំ​នោះទេ​។


​ ​ប៊ុន​លន កើត​នៅ​ទីក្រុង​ភ្នំពេញ​។ ឪពុក​របស់គាត់​គឺជា​វិស្វករ​សំណង់​។ នៅពេលដែល​គាត់​មាន​អាយុ​១៤​ឆ្នាំ​ឪពុកម្តាយ​របស់គាត់​បា​ន​ផ្លាស់ប្តូរ​ទៅ​រស់នៅ​ក្បែរ​ផ្ទះ​របស់ខ្ញុំ​នៅក្នុង​ខេត្តកណ្តាល​។ ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ គាត់​បាន​ចូល​ធ្វើជា​ទាហាន​។ ប៊ុន​លន ត្រូវបាន​បញ្ជូនទៅ​ឧដុង្គ​ក្រោយ​ពេលដែល​យើង​រៀបការ​បាន​រយៈពេល​៦​ខែ ប៉ុន្តែ​គាត់​បាន​លាឈប់​ដើម្បី​ជួយ​ឪពុកម្តាយ​របស់គាត់​ត្បាញ​ក្រមា​។ នៅក្នុង​ឆ្នាំ​១៩៧៣ មានការ​ទម្លាក់​គ្រាប់បែក​ជាច្រើន​នៅក្នុង​ភូមិ​របស់​យើង ហើយ​ក្រុមគ្រួសារ​របស់​យើង​ទាំង​ពីរបាន​ផ្លាស់​ទៅ​នៅ​ទីក្រុង​ភ្នំពេញ​វិញ​។
​ ​យើង​បាន​សម្រេចចិត្ត​ត្រឡប់មក​ភូមិ​របស់ ប៊ុន​លន វិញ នៅពេលដែល​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​។ ប៉ុន្តែ​នៅពេលដែល​យើង​មកដល់​ទីនោះ យើង​បានឃើញ​ផ្ទះ​ត្រូវបាន​បំផ្លិចបំផ្លាញ​នៅសល់តែ​ដំបូល​។ ដូច្នេះ យើង​បាន​កាត់​ធាងដូង​ដើម្បី​ធ្វើ​ជញ្ជាំង​។ មួយរយៈ​ក្រោយមក ប្តី​របស់ខ្ញុំ​និង​ខ្ញុំ បានសម្រេច​ចិត្ត​ទៅ​រស់នៅ​ស្រុកកំណើត​របស់ខ្ញុំ​។

​នៅ​ចុងឆ្នាំ​១៩៧៦ អង្គការ​បាន​បញ្ជូន​យើង និង​ប្រជាជន​ដទៃទៀត​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​មុនពេល​នៃ​របប​ខ្មែរក្រហម​ទៅកាន់​ភូមិ​ពោធិ៍​ក្នុង​ខេត្តពោធិ៍សាត់​។ គ្មាន​ប្រជា​ជនណាម្នាក់​រស់នៅ​កន្លែង​ដែល​ខ្មែរក្រហម​បញ្ជូន​យើង​ទៅនោះ​ទេ ប៉ុន្តែ​ខ្មែរក្រហម​មាន​គម្រោង​បង្កើត​សហករណ៍​នៅ​ទីនោះ​។ ភូមិ​ពោធិ៍ គឺជា​ភូមិ​ដាច់ស្រយាល​។ គ្មាន​ការដាំ​ដំណាំ​ទេ ប៉ុន្តែ​ដី​នៅ​ទីនោះ​មាន​ជីវជាតិ​ល្អ ហើយ​មិនយូរប៉ុន្មាន យើង​បានចាប់ផ្តើម​ដាំ​ស្រូវ​។​ខ្ញុំ​បាន​ព្រោះស្រូវ​និង​ដកសំណាប​។​ចំណែក​ប្តី​របស់ខ្ញុំ​ធ្វើការ​ក្នុង​កង​ភ្ជួរ​រាស់​។ ទោះបីជា​យើង​ដាំ​ស្រូវ​ក៏ដោយ ប៉ុន្តែ​ពួកយើង​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់​នោះទេ​។ ខ្ញុំ​មាន​រាង​ស្គមស្គាំង​ទៅៗ ហើយ​នៅពេលដែល​កូនច្បង​របស់ខ្ញុំ​មាន​អាយុ​៤​ខែ ក៏បាន​ស្លាប់​ព្រោះ​ខ្ញុំ​គ្មាន​ទឹកដោះ​គ្រប់គ្រាន់​ឲ្យ​វា​បៅ​ឡើយ​។


​មិនយូរប៉ុន្មាន ប៊ុន​លន បានចាប់ផ្តើម​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដោយ​កើត​ជំងឺគ្រុនចាញ់ ហើយ​បាន​ស្លាប់​។ ខ្ញុំ​គ្មាន​ឱកាស​សូម្បីតែ​យក​គា​ត់ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ខ្ញុំ​ក៏​ឈឺ​ដែរ ហើយ​ស្ទើរតែ​មិនអាច​ដើរ​បាន ដូច្នេះហើយ អ្នកភូមិ​បាន​យក​សាកសព​របស់គាត់​ចេញទៅ​ឆ្ងាយ​។ ខ្ញុំ​មិនដឹងថា​សព​របស់គាត់​កប់​នៅទីណា​ឡើយ​។

ជា នឿន​


​ ​ក្រោយមក ខ្ញុំ​រស់នៅ​ដោយ​ភ័យខ្លាច​ជា​រៀងរាល់ថ្ងៃ​។ ប៊ុន​លន បាន​ដោះស្រាយ​នូវ​បញ្ហាលំបាកៗ​ជាច្រើន​ដែល​យើង​បាន​ជួបប្រទះ ប៉ុន្តែ​បន្ទាប់មក​គាត់​បាន​ស្លាប់ទៅ​។ ដំបូង ភូមិ​ពោធិ៍​មាន​ប្រជាជន​ចំនួន​៣០០​គ្រួសារ​។ ប៉ុន្តែ​បន្ទាប់ពី​រយៈពេល​មួយឆ្នាំ និង​បន្ទាប់មកទៀត គឺ​នៅសល់តែ​១៧​គ្រួសារ​ប៉ុណ្ណោះ​។ ប្រជាជន​ទាំងនោះ​បាត់​ខ្លួន​ជា​បន្តបន្ទាប់​។ ខ្ញុំ​ស្នាក់នៅ​ទីនោះ​រហូតដល់​កងទ័ព​វៀតណាម​ចូលមក​នៅក្នុង​ឆ្នាំ​១៩៧៩ ហើយ​ប្រាប់​យើង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​ខ្ញុំ​បាន​ដើរ​អស់​រយៈពេល​ប្រហែល​មួយខែ​មុន​ពេលដែល​ខ្ញុំ​ត្រឡប់​មកដល់​ភូមិ​របស់ខ្ញុំ​៕សរន