រឿង «​ម៉ា​ដាម​អាប​» បួងសួង​ទ្រង់ទ្រាយ​ធំ​នៅ​វត្ត​កោះក្របី​

768
ចែករម្លែក
  • 17
    Shares

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: រឿង «​ម៉ា​ដាម​អាប​» បានសម្រេច​ធ្វើ​ពិធីបួងសួង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅមុខ​រូបសំណាក​ឧកញ៉ា​ក្រឡាហោមគង់ ស្ថិតនៅ​ច្រាំងទន្លេ​នៅ​ទល់មុខ​វត្ត​កោះក្របី កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២៥ មករា ២០១៩ ក្រោម​វត្តមាន​តារា​សម្តែង​ជាច្រើន​ដួង ដើម្បី​សុំ​សេចក្តីសុខ បានសម្រេច​នូវ​កិច្ចការ​ជាច្រើន​។

​លោក ហួរ សុផល ហៅ​ហួរ សិរី ម្ចាស់​ផលិតកម្ម​ក្លា​ស៊ិ​ក បាន​ប្រាប់​អោយដឹងថា ហេតុផល​ដែល​លោក​សម្រេច​ធ្វើ​ពិធី​នៅ​វត្ត​កោះក្របី គឺ​ដោយសារតែ​នៅខាងមុខ​វត្ត​នោះ មាន​បារមី​ស័​ក្ដ​សិទ្ធិ​គង់​សណ្ឋិត ដោយ​អ្នកស្រុក និង​អ្នក​មកពី​ចម្ងាយ​មាន​ជំនឿ​លើ​បារមី​នៅ​ទីនោះ​ខ្លាំងក្លា ទើប​លោក​សម្រេចចិត្ត​ទៅសុំ​សិរី​សួស្ដី និង​ជោគជ័យ​នៅ​ទីនោះ ដើម្បី​ឲ្យ​ពេល​ដាក់​បញ្ចាំង​រឿង​មាន​អ្នក​ចូល​ទស្សនា​ច្រើន​។ លោ​កថា​ហេតុផល​មួយ​នេះ ក៏​ដើម្បី​ឲ្យ​តួ​សម្ដែង បាន​ស្គា​ល់ពី​បារមី​នៅ​កោះក្របី និង​ចង់​ឲ្យ​ស្គា​ល់ពី​ទី​សក្ការ​:​នោះ​ផងដែរ ក្នុងពេលដែល​លោក ក៏​ចង់​លើក​កំពស់​លើ​ជំនឿ​ព្រហ្មញ្ញសាសនា​។​

​លោក​រំពឹងថា ក្រោយ​បញ្ចប់​ពិធីបួងសួង​ទ្រង់ទ្រាយ​ធំ ភាពយន្ត​រឿង «​ម៉ា​ដាម​អាប​» នឹងមាន​អ្នក​ចង់​ទស្សនា​ភាគច្រើន ដោយសារតែ​លោក​ជឿថា ភាពយន្ត​ដែល​ល្អ ក៏ត្រូវ​ការពឹង​លើ​ជំនឿ​ផងដែរ ដើម្បី​ឲ្យ​កាន់​តែមាន​ប្រជាប្រិយភាព​។ នៅក្នុង​ពិធីបួងសួង​នោះ គេ​ឃើញ​វត្តមាន កញ្ញា រំដួល​លិច​ទឹក លោក​ថៃ ប៊ុននាង លោក​ឈួន ពន្លឺ កញ្ញា ញឹម ចាន់ថន លោក​ទេព រិទ្ធី​នី លោក​អៀម សុខា លោក ឃីម រតន​: អ្នកនាង​សុគន្ធ អា​រី​យ៉ា និង​តារា​សម្ដែង​ជាច្រើនរូប​ទៀត​។

​កញ្ញា CiCi តួឯក​ក្នុង​រឿង «​ម៉ា​ដាម​អាប​» បានអោយដឹងថា នាង​សប្បាយចិត្ត​ដែល​បាន​សម្តែង​រឿង ជាមួយនិង​រៀមច្បង ជាពិសេស​ជាមួយនិង​តួ​ប្រុស ឌី​ជេ ម៉ៃ ​ក្នុងពេល​ចាប់​ដៃគូ​គ្នា​លើកដំបូង តែ​ពួកគេ​មាន​ភាពស៊ីសង្វាក់​គ្នា​ជាពិសេស គឺ​ឈុត​ឆាក​សម្តែង​រួមគ្នា​ក្នុង​សាច់រឿង​ទាំងមូល​៕ ល​