រំលោភយកដីព្រៃកាន់តែខ្លាំង នៅក្នុងស្រុកកំពង់លែង កម្លាំងប៉េអឹមចាប់គ្រឿងចក្រ៥គ្រឿងនិងមនុស្ស៥នាក់

219
ចែករម្លែក

ដោយ: ទេពកង្រី:កំពង់ឆ្នាំង ៖ មួយរយៈនេះត្រូវគេមើលឃើញថានៅក្នុង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សម្បូរទៅដោយដីតំបន់ ៣ របស់រដ្ឋលិចទឹក ដែលជាជម្រកត្រីពងកូន រងនូវការរំលោភបំពានពីសំណាក់ប្រជាជនផង ពីសំណាក់ឈ្មួញផង និងពីសំណាក់អ្នកមានឥទ្ធិពលមួយចំនួននៅក្នុងខេត្តផង ជាពិសេសនៅក្នុងឃុំស្វាយរំពារ ឃុំច្រណូក និងភូមិសំរោងសែន ។

ល្បិចកិច្ចកលរំលោភបំពានក្នុងការឈូសឆាយយកដីរដ្ឋ គេតែងតែមើលឃើញ​ប្រើល្បិចយកស្រូវទៅព្រោះនៅលើដីនោះ នៅពេលដែលស្រូវដុះបានប្រហែល​ជាមួយចង្អាម គេចាប់ផ្ដើមយកត្រាក់ទ័រ ទៅធ្វើជាឈូសឆាយ ដើម្បីបំភាន់បន្លំភ្នែក​សមត្ថកិច្ចថាជាដីស្រែរបស់ប្រជាពលរដ្ឋ ប៉ុន្តែស្រូវនោះគឺមិនមែនសម្រាប់យក​ផលទេ ។

ទន្ទឹមនោះផងដែរអ្នកយកព័ត៌មានយើងទទួលព័ត៌មានមកថាមានអ្នកមានអំណាចនិងឥទ្ធិពលមួយចំនួនទាំងក្នុងខេត្ត និងក្នុងស្រុក ក៏កំពុងនៅពីក្រោយខ្នងរឿងនេះ​ផងដែរ ដោយអ្នកខ្លះអះអាងថាជាដីស្រែរបស់ប្រជាជនសុំពង្រាបស្រែប្រាំង តែនេះគឺគ្រាន់តែជាល្បិចកិច្ចកល ជួយការពាររារាំង ដែលប្រជាជន​ទាំងនោះគឺគ្រាន់តែជារបស់សិប្បនិមិត្តតែប៉ុណ្ណោះ អ្វីដែលជារឿងពិតនោះ​ប្រហែលជាអ្នកមានអំណាចយកជាធំ។

លោកវរសេនីយ៍ទោ ហង្ស សុជាតិ ដឹកនាំកម្លាំងមេបញ្ជាការរង កងរាជអាវុធ​ហត្ថខេត្តកំពង់ឆ្នាំង ទទួលផែនយុត្តិធម៌ ដឹកនាំកម្លាំងសរុប១០នាក់ ក្នុងនោះមាន កម្លាំងកងរាជអាវុធហត្ថស្រុកផងដែរ ដោយមានការសម្របសម្រួលពីលោក​ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក អ៊ិតសុធា បានចុះធ្វើការ​បង្រ្កាបគ្រឿងចក្រ ឈូសឆាយដីព្រៃដោយខុសច្បាប់នៅតំបន់៣ ចំណុចថ្លុកកម្ពាញ ស្ថិតក្នុងភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

កិច្ចសហប្រតិបត្តិការ បង្រ្កាបគ្រឿងចក្រឈូសឆាយដីព្រៃខុសច្បាប់ខាងលើនេះ ត្រូវបានធ្វើឡើង នៅវេលាម៉ោង៣:៣០ នាទី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០​ម្សិលមិញ ឃាត់គ្រឿចក្រ ប្រភេទត្រាក់ទ័របានចំនួន៥គ្រឿង និងឃាត់មនុស្ស​៥នាក់ ជាអ្នកបើកបរ ក្រោមការបញ្ជាដោយ លោកព្រះរាជអាជ្ញា​អមសាលាដំបូង​ខេត្តកំពង់ឆ្នាំង។

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកវរសេនីយ៍ទោ ហង្សសុជាតិ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះទី១.ឈ្មោះ អៃ អេន ភេទប្រុស អាយុ២៩ ឆ្នាំ មានទីលំនៅភូមិដា ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ២.ឈ្មោះ ឈួន ធិន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិតាឡាត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៣.ឈ្មោះ ញ៉ែម ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិដំណាក់កន្សែង ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ៤.ឈ្មោះ ម៉ន សឺ ភេទប្រុស អាយុ១៨ឆ្នាំ ៥.ឈ្មោះ ណាំ សៅ ភេទប្រុស អាយុ២៤ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិតាំងរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ករណីបង្ក្រាបបទល្មើសឈូសឆាយដីព្រៃលិចទឹក ក្នុងដែនបឹងទន្លេសាប នៅតំបន់ហាមឃាត់ ត្រូវបានគេមើលឃើញថាមិនមានការថយចុះនោះឡើយបើ ទោះបីអាជ្ញាធរ អនុវត្តច្បាប់ លើការរុករាន្ទដីរបស់រដ្ឋ ដោយខុសច្បាប់យ៉ាងណា​ក៏ដោយ ៕/Ha