រ៉ូណាល់ឌីញ៉ូចេញពីពន្ធនាគារទៅជាប់ឃុំនៅសណ្ឋាគារប្រណីតក្នុងប្រទេសប៉ារ៉ាហ្គាយ

185
ចែករម្លែក

តារាបាល់ទាត់ចូលនិវត្តន៍ រ៉ូណាល់ឌីញ៉ូ ត្រូវបានដោះលែងពីពន្ធនាគារដែលមានសន្តិសុខខ្ពស់នៅប៉ារ៉ាហ្គាយ។

កីឡាករឆ្នើមប្រចាំឆ្នាំរបស់ហ្វីហ្វាសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានដោះលែង ក្រោយជាប់គុកជាង១ខែ ប៉ុន្តែត្រូវបានបង្គាប់ឱ្យនៅជាប់ឃុំក្នុងសណ្ឋាគារប្រណីតមួយ ខណៈគាត់កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយដើម្បីចូលប្រទេសនេះ។

រ៉ូណាល់ឌីញ៉ូនិងបងប្រុសរបស់គាត់ឈ្មោះ រ៉ូបឺតូ ដេអាសស៊ីស ក៏ត្រូវបង់ប្រាក់ធានាក្រៅឃុំម្នាក់ៗ ៦៥ ម៉ឺនផោន (៨០ ម៉ឺនដុល្លារ) ផងដែរ។

អតីតកីឡាកររបស់ Barcelona និង AC Milan ដែលជួយជម្រើសជាតិប្រេស៊ីលលើកពានបាល់ទាត់វើលខាប់ឆ្នាំ២០០២រូបនេះ បានជាប់គុកនៅថ្ងៃទី៦មីនា ក្រោយចូលមកប្រទេសតូចក្នុងទ្វីបអាម៉េរិកឡាទីនមួយនេះជាមួយលិខិតឆ្លងដែនប៉ារ៉ាហ្គាយក្លែងក្លាយ។

រ៉ូណាល់ឌីញ៉ូបានប្រាប់អាជ្ញាធរប៉ារ៉ាហ្គាយនៅក្នុងសវនាការថា ឯកសារនោះជាអំណោយពីអ្នកជំនួញប្រេស៊ីល ឈ្មោះ វីលម៉ុនដេស ស៊ូសា​ លីរីយ៉ា ដែលបានជាប់គុកផងដែរ។

នៅពេលចេញសេចក្តីសម្រេច ចៅក្រមឈ្មោះ ហ្គូស្តាវ៉ូ អាម៉ារីលឡា និយាយថា “ខ្ញុំសម្រេចចិត្តដាក់ពួកគេនៅក្នុងការឃុំខ្លួននៅផ្ទះ ព្រោះការស៊ើបអង្កេតបានពន្លឿនទៅមុខយ៉ាងរលូន ខុសពីស្ថានភាពកាលពីមួយខែមុន”៕ ដោយ៖ កញ្ញាដាលីស

រ៉ូណាល់ឌីញ៉ូត្រូវបានបញ្ជូនទៅដេកសណ្ឋាគារប្រណីតរង់ចាំការស៊ើបអង្កេតជាបន្ត