លទ្ធផល​នៃ​ទស្សនកិច្ច​ការងារ​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នៅ​សាធារណរដ្ឋ​តួ​ក​គី

1038
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​តួ​ក​គី ពីថ្ងៃ​ទី ២០ ដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាល​នៃ​សាធារណរដ្ឋ​តួ​ក​គី​។​

​យោង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែតុលា បាន​ឲ្យ​ដឹងថា នៅក្នុង​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល នៅ​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ លោក ប៊ី​ណា​លី យី​ល​ឌី​រី​ម ប្រធានរដ្ឋសភា តួ​ក​គី​។ លោក យី​ល​ឌី​រី​ម បានរៀបចំ​អាហារ​ការងារ​ថ្ងៃត្រង់​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​កិច្ចពិភាក្សា​នៅក្នុង​ឱកាស​នោះ គឺ​ផ្តោតជាសំខាន់​ទៅលើ​ការពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង ជា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម យី​ល​ឌី​រី​ម បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ជម្រុញ​ការផ្លាស់ប្តូរ ទស្សនកិច្ច​កម្រិត​ខ្ពស់ និង​ទំនាក់ទំនង រវាង​រដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ ជាពិសេស តាមរយៈ​ការ​ជម្រុញ ធ្វើ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​នូវ​ក្រុម​មិត្តភាព​អន្តរ​សភា​កម្ពុជា​-​តួ​ក​គី ក៏ដូចជា​បន្ត​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​នៅក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន​សន្និបាតសភា​អាស៊ី និង​សហភាព​អន្តរ​សភា​។​
​នៅ​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ លោក​ប្រធានាធិបតី រ៉េ​ជីប ថា​យ​យ៉ី​ប អ៊ែរ​ឌូ​ហ្គា​ន់​។ លោក​ប្រធានាធិបតី អ៊ែរ​ឌូ​ហ្គា​ន់ បាន​សំដែង​នូវ​ការអបអរសាទរ​យ៉ាង​កក់ក្តៅ ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​ត្រូវបាន តែងតាំង​សារជាថ្មី​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាការ​ឆ្លើយតប​វិញ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​អបអរសាទរ​ចំពោះ​លោក​ប្រធានាធិបតី ដែល​បានទទួល​ជ័យជំនះ ក្នុងការ​បោះឆ្នោត​នាពេល​កន្លងមក​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​យ៉ាង​ស៊ីជម្រៅ និង​ប្រកបដោយ​ផ្លែផ្កា ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី លើ​គ្រប់​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ ជាពិសេស លើ​ការលើកកម្ពស់​ការជឿជាក់ និង​ទំនុកចិត្ត​ផ្នែក​នយោបាយ​។ ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​គូសបញ្ជាក់​ពី​ជំហរ​រួម​ក្នុងការ​ប្រឆាំង​ការផ្លាស់ប្តូរ​រដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​ដំណើរការ​ណាមួយ​ដែល មិន​ប្រជាធិបតេយ្យ និង​បាន​សន្យា​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ប្រឆាំង ភេ​វរ​កម្ម និង​សន្តិសុខ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានលើកឡើង​នូវ​សំណើ​មួយចំនួន សម្រាប់​ការគាំទ្រ និង​សម្របសម្រួល​ពី​រដ្ឋាភិបាល​តួ​ក​គី រួមមាន ការត្រៀម​រៀបចំ​សម្រាប់​ការបើក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ទីក្រុង អង់កា​រ៉ា​នា​ឆ្នាំក្រោយ ជើងយន្តហោះ​ដឹក​អ្នកដំណើរ​ត្រង់​មក​កម្ពុជា អាហារូបករណ៍​សម្រាប់​និស្សិត​កម្ពុជា និង​ការទិញ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​។
​ជាការ​ឆ្លើយតប លោក​ប្រធានាធិបតី អ៊ែរ​ឌូ​ហ្គា​ន់ បាន​ទទួលយក​សំណើ​ទាំងនេះ ហើយនឹង​ចាត់​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ធ្វើការ​សិក្សា​លំអិត និង​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ក្រុមហ៊ុន​អាកាសចរណ៍ Turkish Airline នឹង​អាចធ្វើ​ប្រតិបត្តិ​ការដឹក​អ្នកដំណើរ​ហោះ​ត្រង់​មក​កម្ពុជា​នាពេល​អនាគត​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​អះអាង​សារជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​ក្នុង​ការបន្ត​ផ្តល់​ការគាំទ្រ​គ្នា​ទៅវិញទៅមក និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ​។ នៅក្នុង​បរិបទ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​តួ​ក​គី ដែល​បាន​គាំទ្រ​កម្ពុជា​ធ្វើជា​សមាជិក ECOSOC និង​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​ប្រធានាធិបតី អ៊ែរ​ឌូ​ហ្គា​ន់ ដែល​បាន​សន្យា​គាំទ្រ​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន នៅ​រាជធានី​ភ្នំពេញ​។​

​ដោយ​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការបើក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ទីក្រុង​អង់កា​រ៉ា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ជូន​លោក​ប្រធានាធិបតី អ៊ែរ​ឌូ​ហ្គា​ន់ ថា ស្ថានទូត​នេះ​នឹង​ក្លាយជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​កម្ពុជា​ចាក់​ឬ​ស ក្នុង​ការកសាង​ទំនាក់ទំនង​រយៈពេល​វែង ជាមួយ​តួ​ក​គី​។​

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​តួ​ក​គី ដែល​ក្នុងខណៈ​នេះ​ផងដែរ លោក​ប្រធានាធិបតី​តួ​ក​គី ក៏បាន​បង្ហាញ​ពី​បំណង​ក្នុងការ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​រំពឹងថា​នឹង​បានឃើញ​នូវ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ទាំងអស់​ដែល​បាន​ចុះហត្ថលេខា​នៅក្នុង​ថ្ងៃនេះ​។ ថ្នាក់ដឹកនាំ​ទាំងពីរ​បានបង្ហាញ ពី​ក្តីសង្ឃឹម​យ៉ាង​មុតមាំ និង​បាន​ឯកភាពគ្នា​ក្នុងការ​បង្កើន​បរិមាណ​ពាណិជ្ជកម្ម​ទ្វេភាគី ឲ្យ​ឈានទៅដល់ មួយ​ពាន់​លាន​ដុល្លារ​នៅពេល​ខាងមុខ​។​

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​ទ្វេភាគី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​លោក​ប្រធានាធិបតី អ៊ែរ​ឌូ​ហ្គា​ន់ បាន​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​/​អនុស្សរណៈ ចំនួន​ប្រាំបី រួមមានៈ ១. កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​វប្បធម៌​។ ២. កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ​។ ៣. កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កីឡា​។ ៤. អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​។ ៥. កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទឹក​។ ៦. កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​។ ៧. កិច្ចព្រមព្រៀង​ស្តីពី​ការ​ជម្រុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ និង​៨. អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន និង​មជ្ឈមណ្ឌល​ជាតិ​សកម្មភាព​មីន​តួ​ក​គី​។​

​ក្រៅ​អំពី​ដំណើរ​ទស្សន​កិច្ចការងា​រ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​វេទិកា​ធុរកិច្ច​កម្ពុជា​-​តួ​ក​គី​។ ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​ស្តីពី​ការលើក​កំពស់ និង​ការការពារ​វិនិយោគ​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ទំនិញ​ដែល​ផលិត​នៅ​កម្ពុជា មិនមែន​សម្រាប់តែ​ប្រើប្រាស់​ទីផ្សារ​ក្នុងស្រុក ដែលមាន​ប្រជាជន​ជាង​១៦​លាន​នាក់​នោះទេ ប៉ុន្តែ ទំនិញ​នេះ​អាច​ត្រូវបាន​នាំ​ចេញមក​លក់​ដល់ទី​ផ្សា​រ​អនុតំបន់​ទន្លេមេគង្គ ដែលមាន​ប្រជាជន ២៥០​លាន​នាក់ និង​ទីផ្សារ​អាស៊ាន ដែលមាន​អ្នកប្រើប្រាស់​ប្រហែល ៦៣០​លាន​នាក់​។ ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​នាពេល​អនាគត​នៅ​អាស៊ី​បូព៌ា នឹង​រួមមាន​ទីផ្សារ​ដែលមាន​អ្នកប្រើប្រាស់​ដល់​ទៅ ៣​ពាន់​លាន​នាក់​។ យើង​អាច​ចូលទៅ​កាន់​ទីផ្សារ​សំខាន់ៗ​ផ្សេងទៀត នៅ​ទូទាំង​ពិភពលោក​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ឆ្លៀតឱកាស​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស​តួ​ក​គី​នៅក្នុង​បរិយាកាស​ស្និទ្ធស្នាល និង​កក់ក្តៅ​ផងដែរ​៕ ល​