លើកដែកទីបប៉ះខ្សែកាបភ្លើង ឆ្លង ផ្ទុះឆក់ ឆេះរលាករងរបួស ធ្ងន់ម្នាក់ស្រាល២នាក់

768
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសជាកម្មករជាងបាញ់ថ្នាំម្នាក់ ខណៈដែលធ្វេស ប្រហែស លើកដែកទីបទៅប៉ះនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ បណ្តាលឲ្យឆ្លងផ្ទុះឆក់ឆេះរលាកពេញខ្លួន រងរបួសធ្ងន់ ចំណែក២នាក់ទៀត រងរបួសស្រាល កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅការដ្ឋានសំណង់ចិនមួយកន្លែង ក្រុម១៤ តាមផ្លូវ២០០៤ ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។

ជនរងគ្រោះឈ្មោះ ឡុង ណារិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងបាញ់ បៀកថ្នាំ ទើបមកធ្វើការបាន៥ថ្ងៃហើយ មានទីលំនៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា សំណង់ខាងលើជាសំណង់ចិន សាងសង់ក្បែរនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ ហើយនៅវេលាម៉ោង ខាងលើ ខណៈដែលជនរងគ្រោះលើកដែកទីបយកឡើងទៅលើចាប់រន្ទា បែរជាប៉ះចំនឹងខ្សែកាប ទើបបណ្តាលឲ្យឆ្លងឆក់កម្មករចំនួន៣នាក់ ធ្ងន់ម្នាក់ ស្រាល២នាក់។

ជនរងគ្រោះ ក្រោយកើតហេតុត្រូវបានកម្មករ ប្រជាពលរដ្ឋជួយលើកជនរងគ្រោះ​របួសធ្ងន់ម្នាក់ដាក់ចុះ ដឹកតាមម៉ូតូកង់បីបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុ​ជីវិត។

តាមប្រជាពលរដ្ឋបានលើកឡើងថា សំណង់ជនជាតិចិនខាងលើ មិនដឹងថា មានច្បាប់ ឬអត់ច្បាប់នោះទេ សំណង់សង់កៀកជាប់នឹងខ្សែកាបភ្លើង ដែលបង្ក​ហានិភ័យច្រើន ប្រឈមគ្រោះថ្នាក់៕B/Ha