លោកម៉ាក្រុងបន្លាយពេលបិទប្រទេសបារាំងរហូតដល់ថ្ងៃទី១១ឧសភា

194
ចែករម្លែក

ប្រធានាធិបតីបារាំងលោក អេមម៉ានូអែល ម៉ាក្រុង កាលពីថ្ងៃចន្ទ ទី១៣ មេសាបានប្រកាសថា លោកនឹងបន្លាយពេលដើម្បីទប់ស្កាត់មេរោគកូរ៉ូណារហូតដល់ថ្ងៃទី ១១ ខែឧសភា។ លោកបន្ថែមថាវឌ្ឍនភាពបានធ្វើឡើងប៉ុន្តែការប្រយុទ្ធនៅតែមិនទាន់ឈ្នះនៅឡើយទេ។

ដោយទទួលស្គាល់ថាប្រទេសរបស់លោកមិនបានត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយជាមុនដើម្បីប្រឈមនឹងការផ្ទុះឡើងនៃកូវីដ១៩ លោកម៉ាក្រុងនិយាយថា ការរឹតបន្តឹងមិនធ្លាប់មានពីមុនមកបានបង្ហាញលទ្ធផល។

លោកម៉ាក្រុងនិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រទេសថា “ជំងឺរាតត្បាតនេះកំពុងចាប់ផ្តើមថមថយ។ លទ្ធផលគឺនៅទីនោះ។ សូមអរគុណចំពោះការខិតខំរបស់អ្នករាល់គ្នា រាល់ថ្ងៃនេះយើងកំពុងមានវឌ្ឍនភាព”។

លោកប្រធានាធិបតីបានបន្ថែមទៀតថា “ខ្ញុំយល់ច្បាស់ពីការខិតខំប្រឹងប្រែងដែលខ្ញុំកំពុងស្នើសុំពីអ្នករាល់គ្នា។ តើពេលណាទើបយើងអាចវិលត្រឡប់ទៅរកជីវិតធម្មតាវិញ? ខ្ញុំចង់ឆ្លើយជូនអ្នករាល់គ្នា។ ប៉ុន្តែនិយាយដោយស្មោះ ខ្ញុំត្រូវតែប្រាប់ដោយបន្ទាបកាយដល់អ្នកទាំងអស់គ្នាថាយើងមិនមានចម្លើយច្បាស់លាស់ទេ”។

លោកម៉ាក្រុងបានបន្ថែមថា “ប៉ុន្តែប្រទេសរបស់យើងមិនបានត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់វិបត្តិនេះទេ។ យើងទាំងអស់គ្នានឹងជួបគ្រប់ផលលំបាកទាំងអស់”។

ការថ្លែងរបស់លោកម៉ាក្រុងធ្វើឡើងខណៈបារាំងបានបញ្ចប់ការបិទប្រទេស៤សប្តាហ៍ ដោយអនុញ្ញាតឱ្យចេញក្រៅបានតែសម្រាប់ទិញអាហារ ទៅធ្វើការ ពិនិត្យសុខភាព ឬ ហាត់ប្រាណតិចតួចប៉ុណ្ណោះ៕ ដោយ៖ កញ្ញាដាលីស

លោកម៉ាក្រុងប្រកាសបិទប្រទេសបន្ថែមទៀតរហូតដល់ថ្ងៃទី១១ឧសភា