លោកស្រី​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ទៅ​ទស្សនកិច្ច​ផ្លាស់ប្តូរ​បទពិសោធន៍​ការគ្រប់គ្រង​រមណីយដ្ឋាន Paestum នៅ​ប្រទេស​អ៊ីតាលី​

1303
ចែករម្លែក
  • 25
    Shares

ដោយ​: បាយ័ន / សៀមរាប​: ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការចូលរួម​កិច្ចប្រជុំ​ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​បេតិកភណ្ឌ និង​ទេសចរណ៍ នៃ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​និង​អឺរ៉ុប នា​ប្រទេស​អ៊ីតាលី នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ផ្លាស់ប្តូរ​បទពិសោធន៍​ការគ្រប់គ្រង​រមណីយដ្ឋាន Paestum ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌ នៅ​ប្រទេស​អ៊ីតាលី​។ ការចែករំលែក​បទពិសោធ​ន៍​លើ​ការគ្រប់គ្រង ការរក្សាបាន​នូវ​តុល្យភាព​រវាង​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​ដោយ​ចីរភាព គឺជា​ប្រធានបទ​សំខាន់ៗ​ក្នុងការ​ផ្លាស់ប្តូរ​យោបល់​រវាង​ប្រតិភូ​ដែល​ដឹកនាំ​ដោយ​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​ថ្នាក់ដឹកនាំ​នៃ​រមណីយដ្ឋាន Paestum​។​

​រមណីយដ្ឋាន Paestum បញ្ចូល​ជា​ក្នុង​បេតិកភណ្ឌ​ពិភពលោក​នា​ឆ្នាំ​១៩៩៨ បាន​កសាង​ភាពល្បីល្បាញ និង​ទាក់ទាញ​ភ្ញៀវទេសចរ ដោយ​ផ្អែកទៅលើ​ការងារ​អភិរក្ស និង​ការថែរក្សា​ទេសភាព​វប្បធម៌​យ៉ាង​ខ្ជាប់ខ្ជួន ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ បច្ចុប្បន្ន​ភ្ញៀវទេសចរ​ប្រ​ម៉ាណ​ជាង​៤​លាន​នាក់ បាន​ទៅ​ទស្សនា​នៅ​ទីនោះ និង​ថែមទាំង​បាន​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​យ៉ាងសកម្ម​។

​បន្ទាប់​ពីនេះ ប្រតិភូ​ក៏បាន​អញ្ជើញ​ទៅ​ទស្សនា​សារមន្ទី​និង​កន្លែង​សិប្បកម្ម​ប្រពៃណី​។ នៅក្នុង​សារមន្ទី​មាន​តាំង​បង្ហាញ​នូវ​វត្ថុ​សិល្បៈ​បុរាណ ដែល​រកឃើញ​តាមរយៈ​កំណាយ​បុរាណវិទ្យា​ក្នុង​រមណីយដ្ឋាន Paestum ដែល​រំលេច​អំពី​ប្រវត្តិសាស្ត្រ​និង​តម្លៃ​របស់​រមណីយដ្ឋាន​នេះ​។ រីឯ​នៅ​កន្លែង​សិប្បកម្ម​ប្រពៃណី​មាន​តាំង​បង្ហាញ​វត្ថុ​សិប្បកម្ម​ជាច្រើន ជាពិសេស​បង្ហាញ​ពី​ការផលិត​ភាជន៍ ការ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង ការ​ឆ្លាក់​ពណ៌​លើ​ឥដ្ឋការ៉ូ ការផលិត​អាវុធ​និង​ឧបករណ៍​ការពារ​ខ្លួន​នា​សម័យបុរាណ​ជាច្រើន ដែល​រំលេច​អំពី​ការថែរក្សា​ទំនៀមទម្លាប់​ប្រពៃណី និង​អត្តសញ្ញាណ​តំបន់​នេះ​ពី​បុរាណ​រហូតមកដល់​បច្ចុប្បន្ន​៕ ល​