លោក​ម៉ាសខ៍ គំរាម​ចាកចេញ​ពី​កាលីហ្វ័​រញ៉ា ដោយសារ​ការ​រឹតត្បិត​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​

97
ចែករម្លែក

​នាយក​ធំ​របស់​ក្រុមហ៊ុន​Tesla លោក​អេ​ឡុន ម៉ាសខ៍​(Elon Musk)​កាលពី​ថ្ងៃ​សៅរ៍​ទី​០៩​ឧសភា បាន​គំរាម​រើ​រោងចក្រ​និង​ស្នាក់​ការ​របស់​ក្រុមហ៊ុន​របស់លោក​ចេញ​ពី​រដ្ឋ​កាលីហ្វ័​រញ៉ា សហរដ្ឋ​អាម៉េរិក និង​​បាន​ប្តឹង​មន្ត្រី​មូលដ្ឋាន​ដែល​បាន​ឃាត់​មិន​អោយ​ក្រុមហ៊ុន​បើក​ដំណើរការ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​របស់​លោក​ឡើង​វិញ​។​

​ក្នុង​បណ្តឹង​ក្នុង​តុលាការ​សហព័ន្ធ ក្រុមហ៊ុន​Tesla​បាន​ចោទប្រកាន់​នាយកដ្ឋាន​សុខាភិបាល​សង្កាត់​អា​ឡា​មេ​ដា ថា​ធ្វើ​ហួស​ពី​ការ​រឹតត្បិត​ស្តី​ពី​វីរុស​កូរ៉ូណា​របស់​សហព័ន្ធ​និងរ​ដ្ឋ ដោយ​នាយកដ្ឋាន​នេះ​រារាំង​​មិន​អោយ​ក្រុមហ៊ុន​Tesla​ចាប់ផ្តើម​ផលិតកម្ម​ឡើងវិញ​។​បណ្តឹង​ទាមទារ​អោយ​កម្មករ​របស់​Tesla​អាច​ចូល​ធ្វើការ​វិញ​ក្នុងអំឡុង​មាន​បទបញ្ជា​ស្នាក់​នៅផ្ទះ ដោយសារ​តែ​រោងចក្រ​នេះ​ត្រូវបាន​គិតថា​ជា​ហេ​​ដ្ឋា​រចនាសម្ពន្ធ​សំខាន់​។​

​លោក​ម៉ាសខ៍ បាន​និយាយថា «​និយាយ​ដោយ​ស្មោះ នេះ​ជា​ការអត់ធ្មត់​ចុងក្រោយ​។​Tesla នឹង​រើ​ស្នាក់​ការ​របស់​ខ្លួន​និង​កម្មវិធី​អនាគត​របស់​ខ្លួន​ទៅកាន់​រដ្ឋ​តិច​សាស់ ឬ ណេវ៉ា​ដា »​។​

​ទោះជា​យ៉ាងណា ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍ នាយកដ្ឋាន​សុខាភិបាល​សង្កាត់​អា​ឡា​មេ​ដា​បាន​និយាយថា ខ្លួន​កំពុង​ធ្វើការ​ជាមួយ​Tesla​ដើម្បី​បង្កើន​ផែនការ​សុវត្ថិភាព​មួយ​ដើម្បី​អនុញ្ញាត​​អោយ​រោងចក្រ​រថយន្ត​នេះ​ដំណើរការ​វិញ ដោយ​កម្មករ​ត្រូវបាន​ការពារ​ទល់នឹង​វីរុស​ឆ្លង​៕​ប្រែ​សម្រួល​៖​វាសនា​

​លោក​ម៉ាសខ៍ គំរាម​រើ​រោងចក្រ​និង​ស្នាក់​ការ​ចេញ​ពី​កាលីហ្វ័​រញ៉ា ដោយសារ​តែ​ការបិទ​ខ្ទប់​ប្រឆាំង​វីរុស​កូរ៉ូ​ណា​មិន​អោយ​រោងចក្រ​រថយន្ត​Tesla​របស់លោក​ដំណើរការ​