លោក​រ័ត្ន​ស្រ៊ាង​ឧបត្ថម្ភ​ស្បៀងអាហារ​និង​សម្ភារ​ដល់​ក្រុមការងារ​សង្កាត់​ទាំង​១២​ក្នុង​ខណ្ឌដង្កោ​

132
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ដោយ​អនុវត្តតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ព្រមទាំង​សេចក្តីណែនាំ​របស់លោក​ស្រី​កិត្តិ​សង្ក​ហ​បណ្ឌិត​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។​

​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន​ស្រ៊ាង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​,​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌដង្កោ​។

​លោក​បាន​នាំយក​នូវ​ស្បៀងអាហារ​និង​សម្ភារ​រក្សា​អនាម័យ ជាច្រើន​មុខ រួមមាន​៖ អង្ករ​១២​តោន​,​ទឹកត្រី​ទឹកស៊ីអ៊ីវ​១២០​យួរ​,​ម៉ាស់​វេជ្ជសាស្ត្រ​៤​ស្រទាប់​ការពារ​បាក់តេរី​៤៨​ប្រអប់​ស្មើនឹង​២.៤០០​ម៉ាស​, ស្រោមដៃ​១២០០​គូ​,​ក្រដាស់អនាម័យ​១២០​ដុំ​និង​សាប៊ូ​លៀងដៃ​២៤​កា​ដុង​ធំ​ស្មើនឹង​៤៨០​លីត្រ ។​

សម្ភារ​ប្រគល់ជូន​ដល់​ចៅសង្កាត់​ទាំង​១២​នៃ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​ក្នុង​ចំណែក​ស្មើៗ​គ្នា​ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុង​សង្កាត់​និង​ទុក​បម្រុង​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ នៅក្នុង​មូលដ្ឋាន​សង្កាត់​នីមួយៗ ក្នុងអំឡុង​ពេលដែល​ប្រទេស​កម្ពុជា កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង ទប់ស្កាត់​ការរីក​រាល​ជំងឺឆ្លង កូ​វីដ​១៩​។​

​ក្នុង​ពិធី​នេះ​ក៏មាន​ការចូលរួម ពី លោក​ប្រធាន​ក្រុមប្រឹក្សា លោកស្រី​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ អភិបាលរងខណ្ឌ​នាយក​នាយករង​រដ្ឋបាល​មន្ត្រីរាជការ​សាលាខណ្ឌ​ចៅសង្កាត់​ទាំង​១២​និង​ក្រុមការងារ​ចុះជួយ​ខណ្ឌ​សង្កាត់​ជាច្រើនរូប​ផងដែរ​។

​ឆ្លៀត​ក្នុងឱកាស​នាពេលនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​បាន​ផ្តាំផ្ញើ​ដល់​ក្រុមការងារ​ទាំងអស់​សូម​យកចិត្ត​ដាក់​ក្នុងការ​អនុវត្ត​និង​ផ្សព្វផ្សាយ​នូវ​គោលការណ៍​អនាម័យ​និង​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​ជាពិសេស​ត្រូវ​ចុះទៅ​ពន្យល់​ប្រជាពលរដ្ឋ​តាម​គ្រួសារ​នីមួយៗ​ឱ្យដល់​ខ្នង​ផ្ទះ​ផ្ទាល់​តែម្តង​ដោយ​ជៀសវាង​ការប្រមូលផ្តុំ​មនុស្ស​ជួបជុំ​ក្នុង​ចំនួន​ច្រើន​៕S/​