លោក​សួស អង្គា​រ៍​: ភ្នាក់ងារ​គណបក្សនយោបាយ​ពេញសិទ្ធិ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលក្នុង​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​

1270
ចែករម្លែក

​ដោយ​: ប៊ុន​ណាត / បាត់ដំបង​: នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​តា​ម៉ឺន និង​អូរ​តា​គី​ចំនួន​១១២​នាក់ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​ស្រុក​ថ្មគោល កាលពី​ព្រឹក​ថ្ងៃទី​៥ ​ខែកក្កដា ​ឆ្នាំ​២០១៨ លោក សួស អង្គា​រ៍ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ ចុះជួយ​ឃុំ​តា​ម៉ឺន​និង​អូរ​តា​គី មានប្រសាសន៍ថា ភ្នាក់ងារ​គណបក្សនយោបាយ​ពេញសិទ្ធិ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលក្នុង​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​។ ដូច្នេះ​ក្មួយៗ​ទាំង​១១២​នាក់ ក្នុងនោះ​មកពី​ឃុំ​អូរ​តា​គី​ចំនួន​៦០​នាក់ និង​មកពី​ឃុំ​តា​ម៉ឺន​ចំនួន​៥២​នាក់ ត្រូវបាន​គ្រូ​ឧទ្ទេសនាម​ចាស់វស្សា​ជា​អ្នកមាន​បទពិសោធន៍​ចំនួន​ពីរ​នាក់ ដើម្បី​បង្រៀន​ជូន​ក្មួយៗ​ទាំងអស់ ដូច្នេះ​សុំ​ក្មួយៗ​យកចិត្តទុកដាក់​ស្តាប់ និង​ក្រេបជញ្ជក់​នូវ​ចំណេះដឹង​នេះ​រយៈពេល​មួយ​ព្រឹក តាមពិត​ត្រូវ​ប្រើពេល​មួយថ្ងៃ ប៉ុន្តែ​ដោយពេល​វេលា​កៀក​ណាស់​ទៅហើយ ព្រោះ​ថ្ងៃទី​៧​ខែកក្កដា ត្រូវ​ហែ​របើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទូទាំង​ខេត្ត​។​

​លោក​ប្រធាន​ក្រុមការងារ​បានបញ្ជាក់​ជូន​ក្មួយៗ​ទាំង​១១២​នាក់​ថា ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ភារកិច្ច​៣​យ៉ាង​: ទី​១.​ភ្នាក់ងារ​ពេញសិទ្ធិ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលក្នុង​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​។ ភ្នាក់ងារ​បម្រុង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ជំនួស​ភ្នាក់ងារ​ពេញសិទ្ធិ ក្នុងករណី​ដែល​ភ្នាក់ងារ​ពេញសិទ្ធិ​អវត្តមាន​។ ភ្នាក់ងារ​គណបក្សនយោបាយ គឺជា​អ្នកសង្កេតការណ៍​ដែលមាន​សិទ្ធិ​ប្តឹងតវ៉ា ឬ​ប្តឹង​ជំទាស់​។ គណបក្ស​នីមួយៗ​មាន​សិទ្ធិ​ផ្លាស់ប្តូរ​ភ្នាក់ងារ​សង្កេតការណ៍រ​បស់​ខ្លួន​។ ទី​២.​ជា​ភ្នាក់ងារ​គណបក្សនយោបាយ​ត្រូវ​មានចិត្ត​ក្លាហាន​កុំ​ខ្លាច កុំ​ញញើត ហើយ​ក្មួយៗ​អាចធ្វើ​ការងារ​នេះ នៅ​អាណត្តិ​ក្រោយៗ​ទៀតហើយ​ក្មួយៗ​អាច​ក្លាយជា​អ្នកដឹកនាំ​ហ្នឹងហើយ​ជា​គម្រូ ជា​ទំពាំង​ស្នង​ឫស្សី​។ បើ​ក្មួយ​មានចំណេះដឹង មាន​សមត្ថភាព​បន្តវេន​ពី​អុំ​ចាស់ៗ​។ កត្តា​សំខាន់បំផុត​ត្រូវ​រក្សា​សន្តិភាព​ឲ្យ​បាន គឺ​បាន​សុខ​ហើយ​។ ទី​៣.​ចំពោះ​បញ្ហា​រក្សា​សន្តិសុខ​មាន​អស់ហើយ ប៉ុន្តែ​មាន​ជន​អគតិ​មួយចំនួន​អាច​អុកឡុក​តាម​ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស អាចមាន​ខ្លះ​យើង​ត្រូវ​បង្ការ​ទុកជាមុន ហើយ​ច្បាប់​ជា​អ្នកអនុវត្ត ច្បាប់​ជា​អ្នក​ដាក់​ទោសទណ្ឌ​។ យើង​ត្រូវ​ចាំ​ទាំងអស់គ្នា​ថា ការបោះឆ្នោត​នេះ​គឺ​ត្រឹមត្រូវ សេរី យុត្តិធម៌ និង​មាន​តម្លាភាព ព្រោះ​មាន​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​រាប់ពាន់​ម៉ឺន​នាក់មក​ចូលរួម​។ ចំណែក​បញ្ហា​សន្តិសុខ​បានរៀបចំ​អស់ហើយ គឺ​រាជរដ្ឋាភិបាល​និង​គណៈកម្មាធិការ​រៀបចំ​ការ​​បោះឆ្នោត​(​គ ជ ប​)​បាន​ត្រៀម​អស់ហើយ​។ បើ​មាន​ករណី​មិន​ប្រក្រតី​ត្រូវ​រាយការណ៍​ភ្លាមៗ ព្រោះ​គណបក្សប្រឆាំង​មានគំនិត​ជាក់លាក់​១០០​ភាគរយ នឹង​អុកឡុក​នៅតាម​បណ្តា​ការិយាល័យ​បោះឆ្នោត​ខ្លះៗ​។ ដូច្នេះ​យើង​ត្រូវ​ត្រៀម​នូវ​សភាពការណ៍​ជាយថាហេតុ​ដែល​អាច​កើតមានឡើង​ត្រូវ​គិត​ទាំងអស់គ្នា និង​ត្រូវ​រាយការណ៍​ជាបន្ទាន់​៕ ល​