លោក​ហ៊ុន ម៉ា​ណែ​ត : អ្នកនយោបាយ​ខ្លះ​ញុះញង់​កងកម្លាំងប្រដាប់អាវុធ​ផ្តួលរំលំ​រដ្ឋាភិបាល​

381
ចែករម្លែក

ដោយ:មុនី​រ័ត្ន​/​ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​បញ្ជាក់ថា អ្នក​ដែល​មាន​គោលបំណង​បំផ្លិចបំផ្លាញ​សុខសន្តិភាព គឺ​តែងតែ​ញុះញង់ ដោយ​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​ចូលរួម​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​។ ប៉ុន្តែ​នៅ​គ្រប់​ប្រទេស​នៅលើ​ពិភពលោក ការធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល​កម្លាំង​ប្រដាប់អាវុធ គឺជា​ការខុសច្បាប់ មិន​ថា​ប្រទេស​ប្រជាធិបតេយ្យ ឬ​ប្រទេស​ណា​នោះទេ​។ គ្មានអ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្តីសុខ​ដល់​ប្រទេសជាតិ​តាមរយៈ​ការវាយប្រហារ​គ្នា​នោះទេ​។ មិនចាំបាច់​មើល​ដល់​៤០ ឆ្នាំមុន​ទេ មើល​តែ​ប្រទេសមួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា​សព្វថ្ងៃ តើ​មាន​ប្រទេស​ណាមួយ​ដែលមាន​សេចក្តីសុខ​?​។​

ការ​ថ្លែង​បញ្ជាក់​នេះ នៅក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ស្រង់​របស់​បញ្ជា​ការដ្ឋាន​អង្គរក្ស និង​ខួប​អនុស្សាវរីយ៍​លើក​ទី​១០ ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩ នៅ​ខេត្តកណ្តាល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា គោលដៅ​សំខាន់​ពីរ នៃ​គោល​នយោបាយ​ការពារជាតិ គឺ​ការធ្វើ​ឲ្យ​មាន​សន្តិភាព​ឋិតថេរ​យូរអង្វែង និង​ការកសាង​អាកាស​សម្រាប់​កម្ពុជា​។ សន្តិភាព​ស្ថិរភាព​នយោបាយ និង​ការរីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ដែល​កម្ពុជា​កំពុងមាន​នៅក្នុងពេល​បច្ចុប្បន្ន​កំពុង​ស្ដាប់​ឱកាស​ដ៏​ប្រពៃ​សម្រាប់​ការកសាង​និង​អភិវឌ្ឍ​សមត្ថភាព​កងយោធពល​ខេមរៈភូមិន្ទ​។ ដូច្នេះ​កិច្ចការ​ស្នូល​អាទិភាព​ចាំបាច់​និង​មាន​សារសំខាន់​បំផុត​ដែល​កងយោធពល​ខេមរភូមិន្ទ​ត្រូវតែ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អនុវត្ត​ប្រកបដោយ​ភាពម៉ឺងម៉ាត់​ដាច់ខាត និង​ទទួលខុសត្រូវ​ដើម្បី​ធានាបាន​ទាំងស្រុង​នូវ​សុខសន្តិភាព​ស្ថិរភាព​សន្តិសុខ​ស្ថិតស្ថេរ​យុវវ័យ​កសាង​ឱកាស​សម្រាប់​អភិវឌ្ឍន៍​ជាតិ​និង​បន្ត​លើកកម្ពស់​កិច្ច​សហប្រជាជាតិ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​។​

​លោក​បាន​លើកឡើងថា ចំពោះ​យុវជន​ជំនាន់​ក្រោយ អ្នក​ដែល​មិនបាន​ឆ្លងកាត់​សង្គ្រាម ត្រូវ​ចាំ​ថា គោលដៅ​ធំ​បំផុត​របស់​យើង​ត្រូវ​ថែរក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព​ដើម្បី​ប្រជាពលរដ្ឋ និង​កូនចៅ​យើង​គ្រប់​ជំនាន់​តទៅទៀត​។ សូមកុំ​ឲ្យ​សុខសន្តិភាព​បាត់បង់ ហើយ​កុំ​ចង់​សាក​នៅពេលដែល​វា​បាត់បង់​។ ប៉ុន្តែ​មាន​អ្នកនយោបាយ​ខ្លះ នៅតែ​ចង់​បំផ្លាញ​សុខសន្តិភាព ដោយ​ញុះញង់ បំផុសបំផុល​កងកម្លាំង​ប្រដាប់អាវុធ​ផ្តួលរំលំ​រដ្ឋាភិបាល​ធ្វើ​ឲ្យ​ប្រទេស​ខ្ទេចខ្ទាំ ប្រជាជន​លំបាក​វេទនា​ដើម្បី​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​។ ដូច្នេះ​កងកម្លាំងប្រដាប់អាវុធ​ត្រូវតែ​ច្បាស់លាស់​ដាច់ខាត មិន​អាចជា​ឧបករណ៍​បំផ្លាញ​សុខសន្តិភាព មិន​អាចជា​ឧបករណ៍​បម្រើ​មហិច្ឆតា​នយោបាយ​របស់​គណបក្ស​ឬ​អ្នកនយោបាយ​ណា​ដែល​មិន​គោរព​ព្រះមហាក្សត្រ ដែល​មិន​គោរព​រដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យ ដែល​បោះឆ្នោត​មិន​ឈ្នះ​ហើយ​ទៅ​បបួល​គេ​ធ្វើ​រដ្ឋប្រហារ​។ ដូច្នេះ​កុំ​ឲ្យ​មាន​ប្រវត្តិសាស្ត្រ​ដូច​អតីតកាល​។

អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ បាន​សង្កត់ធ្ងន់ថា ការនិយាយស្ដី​របស់​មេ​ដឹកនាំ​ម្នាក់​ដោយ​គ្មាន​ការទទួលខុសត្រូវ ហើយ​ចង់​មក​ដឹកនាំ​ប្រទេស ដោយ​បបួល​គេ​ធ្វើ​រដ្ឋប្រហារ​បំផ្លាញ​ជាតិ ដើរ​វាយប្រហារ​ការ​ឆ្កឹះឆ្កៀល​ញុះញង់​គ្រប់បែបយ៉ាង​ក្នុង គោលបំណង​បំផ្លាញ​សុខសន្តិភាព​ស្ថេរភាព​នៅក្នុង​ប្រទេស​។ ដូច្នេះ​អ្វីដែល​សំខាន់​សូម​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ពិនិត្យមើល​ឱ្យ​ច្បាស់ ប្រកាន់​ជំហរ​ឲ្យ​នឹងនរ​ច្បាស់​លាស់ ដើម្បី​ការពារ​ថ្នាក់ដឹកនាំ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ដោះស្រាយ​ការងារ​ធំៗ យក​សន្តិសុខ សន្តិភាព​ជូន​ជាតិ និង​ប្រជាជន​។ ការឆ្លងកាត់​និង​ការលះបង់​របស់​អ្នក​ថ្នាក់ដឹកនាំ​មាន​គ្រោះថ្នាក់​ច្រើនណាស់​ដើម្បី​ឲ្យ​បាន​អ្វីៗ មកដល់​សព្វថ្ងៃនេះ​។ យើង​ត្រូវ​ដាច់ខាត​បន្ត​ស្នាដៃ បន្ត​កសាង​សមិទ្ធផល​ជូន​ជាតិ​មាតុភូមិ​បន្តទៀត ព្រោះថា​កងទ័ព​ភ្ជាប់​និស្ស័យ​ជាមួយនឹង​ប្រជាជន កងទ័ព​ជា​របស់​ប្រជាជន ជា​កូនចៅ​ប្រជាជន បំរើប្រជាជន​។ នេះ​គឺជា​អ្វីដែល​សំខាន់​ដែល​ត្រូវធ្វើ​ភាពស្មោះត្រង់​ដាច់ខាត​៕B/