លោក គង់ ប៊ុន​រិ​ទ្ធ បន្ត​សុំ​អន្តរាគមន៍​ទៅ​ស្ថាប័ន​កំពូលៗ​ចំនួន​៤​ទៀត ពាក់ព័ន្ធ​តម្លាភាព​និង​យុត្តិធម៌​នៃ​ការប្រឡង​ចៅក្រម​

218
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: ខណៈ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ បានសម្រេច​អោយ​ធ្លាក់​នៃ​ការប្រឡង តែ​លោក គង់ ប៊ុន​រិ​ទ្ធ បាន​បន្ត​សុំ​អន្តរាគមន៍​ទៅ​ស្ថាប័ន​កំពូលៗ​ចំនួន​៤​ទៀត ពាក់ព័ន្ធ​តម្លាភាព​និង​ភាពយុត្តិធម៌​នៃ​ការប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០​។​

​ការបន្ត​សុំ​អន្តរាគមន៍​នេះ កើតឡើង​ក្រោយពេល​លោក គង់ ប៊ុន​រិ​ទ្ធ បាន​រង​បណ្តឹង​នៅ​តុលាការ ពាក់ព័ន្ធ​បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​អោយមាន​ការរើសអើង ខណៈ​លោក​បាន​រិះគន់​ការប្រឡង​នេះ ឥត​សំចៃមាត់​។​

​លោក គង់ ប៊ុន​រិ​ទ្ធ ថ្លែងប្រាប់​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ នេះ​ថា កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ម្សិលមិញ​នេះ លោក​បានដាក់​ពាក្យសុំ​អន្តរាគមន៍​បន្ថែមទៀត​ទៅ​ស្ថាប័ន​កំពូលៗ​ចំនួន​៤ រួមមាន ស្ថាប័ន​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល រដ្ឋសភា និង ព្រឹទ្ធសភា​។

​លោក​អះអាងថា ស្ថាប័ន​ទាំង​៤ បាន​សន្យា​ជាមួយ​លោក​ថា នឹង​ទៅ​សិក្សា​ជាមួយ​ថ្នាក់លើ ហើយ​ផ្តល់ដំណឹង​មក​លោក​វិញ​នៅពេល​ក្រោយ​។

​ទោះបីយ៉ាងណា កន្លងមក ខាង​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ បានប្រកាសថា ការប្រឡង​នេះ គឺ មាន​តម្លាភាព​និង​យុត្តិធម៌ ១០០% ពោលគឺ​គ្មាន​ភាពមិនប្រក្រតី ឬ ការប្រព្រឹត្ត​អំពើពុករលួយ​ឡើយ​៕ ល​