លោក ចូ​សេ ម៉ូ​រី​ញ៉ូ ត្រៀម​ដណ្តើមយក​គោលដៅ​ផ្ទេរ​របស់​ឆេ​ល​ស៊ី​ជា​លើក​ទី​២

1127
ចែករម្លែក

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) អាច​នឹងធ្វើ​ក្តីសង្ឃឹម​របស់​ក្លិប​ឆេ​ល​ស៊ី​បាត់បង់​ក្នុង​ទីផ្សារ ផ្ទេរ​កីឡាករ​ជា​លើក​ទី​២​ក្នុង​រយ​:​ពេល​មួយ​សប្តាហ៍​ទៀត បន្ទាប់ពី​លោក​កំពុង​សម្លឹងមើល​លទ្ធភាព ផ្ទេរ​កីឡាករ ធី​ម៉ូ បា​កា​យ៉ូ (Tiemoue Bakayoko) ។​

​គេ​ជឿថា ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​បាន​ត្រៀមខ្លួន​ប្រជែង​យកឈ្នះ ក្រុម​ជើងឯក​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​នេះ ដែល​ការចរចា​សម្រាប់​កីឡាករ វ័យ​២២​ឆ្នាំ​រូបនេះ​ហាក់ដូចជា យឺតយ៉ាវ​មែនទែន​។​
​ក្លឹប​ឆេ​ល​ស៊ី​មាន​បញ្ហាលំបាក​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​តម្លៃ​៣៧​លាន​ផោន​សម្រាប់​ខ្សែបម្រើ​រូបនេះ ដែល​បាន​ជួយ​ក្លឹប Monaco ឲ្យ​លើក​ពាន​ជើង ឯក​នៅ​ប្រទេស​បារាំង​កាលពី​រដូវ​កាល​មុន និង​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​

​ចំណែក​ក្លឹប​យូ​ណាយ​ធី​ត​វិញ​បាន​ត្រៀមខ្លួន​ចំណាយ​ប្រាក់​៤០​លាន​ផោន ដើម្បី​ឆក់យក​កីឡាករ​រូបនេះ​ពី ក្លឹប​ឆេ​ល​ស៊ី​។ បើទោះបីជា បា​កា​យ៉ូ​កូ ពេញ​ចិត្តនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកលេង​នៅ​ទីក្រុង​ឡុង​ដ៍​ក៏ដោយ ក៏​ការដណ្តើមយក​អាច​នឹង​កើតមាន​ក្រោម​ស្នាដៃ​របស់លោក ម៉ូ​រី​ញ៉ូ ។​

​ប្រសិនបើ​យូ​ណាយ​ធី​ត​ទទួលបាន​ជោគជ័យ​មែន វា​នឹង​ក្លាយជា​រឿង​អាម៉ាស់​ទី​២​សម្រាប់​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ដែល​បាត់បង់​គោលដៅ​ផ្ទេរ​លេខ​១ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ទៅ​ក្លឹប​បិសាច​ក្រហម​កាលពី​សប្តាហ៍​មុន​។​

​គេ​ជឿថា បា​កា​យ៉ូ​កូ មាន​បញ្ហា​របួស​ក្បាលជង្គង់ ដែល​អាចធ្វើ​ឲ្យ​កីឡាករ​រូបនេះ ខកខាន​ការប្រកួត ដើមរដូវ​កាល​ថ្មី ប៉ុន្តែ​គេ​ជឿថា នឹងមិន​រារាំង​ដល់​កិច្ចព្រមព្រៀង​ផ្ទេរ​នោះទេ​។​

​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ ២០១៧​បាន​ឲ្យ​ដឹងថា កូ​ស្តា ដែល​គ្រាប់​បាល់​របស់ខ្លួន​ជួយ​ឲ្យ​ក្លឹប​នេះ​លើក​ពាន​ជើងឯក​ជា​លើក​ទី​២​ក្នុង​រយ​:​ពេល បី​រដូវ​កាល​នោះបាន​បង្ហើប​ប្រាប់ថា លោក កុន​តេ បាន​ផ្ញើ​សារ​ទៅ​ខ្លួន​ប្រាប់ថា លោក​លែង​ត្រូវការ​រូបគេ ទៀតហើយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ធី​ម៉ូ បា​កា​យ៉ូ (Tiemoue Bakayoko)