លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា​: ក្លិប​ស៊ី​ធី​នឹងមិន​ចំណាយ​១០០​លាន​ផោន ដើម្បី​ផ្ទេរ រូ​បេន ណេ​វ៉េ​ស ទេ​

517
ចែករម្លែក

​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) អះអាងថា ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នឹងមិន ចំណាយ​រហូតដល់​១០០​លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ រូ​បេន ណេ​វ៉េ​ស (Ruben Neves) ទេ​។​
​ ​
​គេ​ជឿថា ណេ​វ៉េ​ស ជា​កីឡាករ​របស់​ក្លិប វូ​ល​វេស​(Wolves) ស្ថិតនៅលើ​តារាង​កីឡាករ ជា​គោលដៅ​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ខណៈ​ពួកគេ​ព្យាយាម​ស្វែងរក​អ្នក​ដែល​អាច​សម្រាល បន្ទុក​របស់​ខ្សែបម្រើ ហ្វឺ​ណាន​ឌី​ញ៉ូ (Fernandinho) ។​
​ ​
លោក ហ្គា​ឌី​អូ​ឡា មើលឃើញថា កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​មានតម្លៃ​១០០​លាន​ផោន ប៉ុន្តែ​នឹងមិន​ហ៊ាន​ផ្តល់​ខ្ពស់​ដល់​ថ្នាក់​នេះ​ទេ បើទោះបីជា​ខ្សែបម្រើ​រូបនេះ គឺជា​អាទិភាព​នៃ​ការផ្ទេរ របស់ខ្លួន​ក៏ដោយ​។​
​ ​
​លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា “​កាលពី​មួយខែ​មុន ខ្ញុំ​បាន​អាន​អំពី​កីឡាករ រូ​បេន ណេ​វ៉េ​ស ដែលមាន​តម្លៃ​១០០​លាន​ផោន​។ វា​នឹង​មិនអាច​កើតមាន​ទេ​។ យើង​នឹងមិន​ចំណាយ​១០០​លាន ផោន​សម្រាប់​ខ្សែបម្រើ​ម្នាក់​នោះទេ​”​។​
​ ​
លោក​បន្តថា “​ជាពិសេស​តួនាទី​របស់ ហ្វឺ​ណាន​ឌី​ញ៉ូ ពិបាក​នឹង​ស្វែងរក​ណាស់​។ យើង​ដឹង​ពី ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក បន្ទាប់ពី​ចំណាយពេល​បី​ឆ្នាំ​ជាមួយគ្នា​នៅទីនេះ​។ យើង​ដឹង​អ្វីៗ ហើយ​វា​ពិតជា​សំខាន់​ណាស់​”​។​
​ ​
លោក ហ្គា​ឌី​អូ​ឡា ច្រានចោល​ការចោទប្រកាន់​ថា ស៊ី​ធី​បាន​ចំណាយ​ប្រាក់​ផ្ទេរ​កីឡាករ​ច្រើន ហួសហេតុ ហើយ​និយាយថា មាន​ក្លឹប​ជាច្រើន​បាន​ចំណាយ​លើសពី​ការចំណាយ​ខ្ពស់បំផុត របស់​ស៊ី​ធី​ទៅទៀត​។ ស៊ី​ធី​ធ្លាប់​ចំណាយ​៦០​លាន​ផោន​ទៅ​ក្លិប លៃ​សេ​ស្ទ័​រ​(Leicester) កាលពី​រដូវ​កាល​មុន​សម្រាប់​ខ្សែបម្រើ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) ។​
​ ​
លោក​និយាយថា “​ប្រាក់​ឈ្នួល​សម្រាប់​កីឡាករ​របស់​យើង​គឺ​ស្ថិតក្នុង​កម្រិត​ទី​៨ ទី​៩​ឬ​ទី​១០ នៅ​តំបន់​អឺរ៉ុប ដូច្នេះ​មាន​ក្លិប​៨​ឬ​៩​ទៀត​ដែល​ផ្តល់ប្រាក់​ឈ្នួល​ខ្ពស់ជាង​អ្វីដែល​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ចំណាយ​។ ពេលដែល​យើង​ចំណាយ​ច្រើន​កាលពី​រដូវ​កាល​មុន គឺ​ដោយសារតែ​ក្រុម​មាន កីឡាករ​ចាស់ៗ​ច្រើន​។ ពួកគេ​មាន​អាយុ​ខ្ទង់​៣០​ទៅ​៣១​ឆ្នាំ ដូច្នេះហើយ​យើង​បាន​ចំណាយ ប៉ុន្តែ​យើង​មិនអាច​ធ្វើបែបនេះ រាល់​រដូវ​កាល​នោះទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ រូ​បេន ណេ​វ៉េ​ស (Ruben Neves)