លោក ព្រហ្ម ញាណ​វិចិត្រ អតីត​សមា​ជិ​ក្រុមប្រឹក្សាធម្មនុញ្ញ ទទួលមរណភាព ក្នុង​ជន្មាយុ ៧៤​ឆ្នាំ ដោយ​រោគាពាធ​

862
ចែករម្លែក

​ដោយ​:​ម៉េង​ឆៃ​/​ភ្នំពេញ​: អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ដំណឹង​ថា លោក ព្រហ្ម ញាណ​វិចិត្រ អតីត​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ បានទទួល​មរណភាព នៅ​ថ្ងៃ​អង្គារ ទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ០២:២៥ នាទី​ទៀបភ្លឺ ក្នុង​ជន្មាយុ ៧៤​ឆ្នាំ ដោយ​រោគាពាធ​។ សព​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​គេហដ្ឋាន ផ្ទះ​លេខ​១ ផ្លូវ​លេខ​៣៥២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

លោក ព្រហ្ម ញាណ​វិចិត្រ អតីត​សមា​ជិ​ក្រុមប្រឹក្សាធម្មនុញ្ញ

​ឯកសារ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ បង្ហាញថា ក្រៅពី​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ រយៈពេល ១២​ឆ្នាំ ចាប់ពី​ឆ្នាំ​២០០៤ លោក ព្រហ្ម ញាណ​វិចិត្រ ក៏​ជា​អតីត​សមាជិក​គ​.​ជ​.​ប​. ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ជា​អតីត​សាស្ត្រាចារ្យ និង​ជា​អតីត​អ្នកកាសែត តាំងពី​ជំនាន់​សង្គមរាស្ត្រនិយម បន្ត​ដល់​សម័យ​រដ្ឋ​កម្ពុជា និង​ជា​អតីត​អ្នកកាសែត ក្នុងសម័យ​អ៊ុនតាក់ ឆ្នាំ​១៩៩១ ផងដែរ​។​

​កើត​នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​១៩៤៤ លោក ព្រហ្ម ញាណ​វិចិត្រ មាន​ទីកន្លែង​កំណើត នៅ​សង្កាត់​លេខ​៣ ក្រុងភ្នំពេញ​។ លោក​បានបញ្ចប់​បរិញ្ញាប័ត្រ​អក្សរសាស្ត្រ​ខ្មែរ ផ្នែក​អត្ថាធិប្បាយ ព្រមទាំង​បរិញ្ញាប័ត្រ​ច្បាប់ ផ្នែក​តុលាការ និង​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​វិទ្យា និង​ច្បាប់ព្រហ្មទណ្ឌ សញ្ញាប័ត្រ​សារព័ត៌មាន សញ្ញាប័ត្រ​ផ្នែក​ចារកម្ម​វិទ្យា​និង​សញ្ញាប័ត្រ​ផ្នែក​សង្គ្រាមចិត្តសាស្ត្រ​វិភាគ​វាយតម្លៃ​យុទ្ធវិធី និង​យុទ្ធសាស្ត្រ​នយោបាយ​។​
​ឯកសារ​បង្ហាញថា ពី​ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៧០ លោក ព្រហ្ម ញាណ​វិចិត្រ ជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ និង​អង់គ្លេស នៅ​ពុទ្ធិកវិទ្យាល័យ​ព្រះសីហនុ​រាជ្យ និង​វិទ្យាល័យ​ព្រះ​សុរាម្រិត ក្រុងភ្នំពេញ និង​ជា​អ្នកកាសែត​។ ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ក្នុងសម័យ​លន់ នល់ លោក ព្រហ្ម ញាណ​វិចិត្រ ជា​ទីប្រឹក្សានយោបាយ អម​ទីស្តីការ​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​សារព័ត៌មាន ឃោសនា និង​ការផ្សាយ ( PIP )​។ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ក្នុងសម័យ​ខ្មែរក្រហម លោក ព្រហ្ម ញាណ​វិចិត្រ ជា​កសិករ នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ​។ ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៨ លោក ព្រហ្ម ញាណ​វិចិត្រ ជា​ប្រធាន​គណៈ​លេខា​និពន្ធ​កាសែត​កម្ពុជា​។​

​ ​ឯកសារ បង្ហាញថា ពី​ឆ្នាំ​១៩៨៨ ដល់​ឆ្នាំ​១៩៨៩ លោក ព្រហ្ម ញាណ​វិចិត្រ ជា​ប្រធាន​គណៈ​និពន្ធ​កាសែត​កម្ពុជា ជា​អគ្គលេខាធិការរង​សមាគម​អ្នកកាសែត​កម្ពុជា នៃ​សមាគម​អ្នកកាសែត​កម្ពុជា និង​ជា​សមាជិក​អង្គការ​អ្នកកាសែត​អន្តរជាតិ នៃ​អង្គការ​កាសែត​អន្តរជាតិ OIJ​។ ពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩១ លោក ព្រហ្ម ញាណ​វិចិត្រ ជា​អគ្គនាយករង​កាសែត​កម្ពុជា​។ ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៣ លោក ព្រហ្ម ញាណ​វិចិត្រ ជា​ចាងហ្វាង​នយោបាយ និង​ចាងហ្វាង​ការផ្សាយ​ព្រឹត្តិប័ត្រ “​សន្តិភាព​”​។​

​ឯកសារ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បាន​បង្ហាញថា ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៧ លោក ព្រហ្ម ញាណ​វិចិត្រ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ទទួល​ដឹកនាំ​ការងារ​មជ្ឈមណ្ឌល​ព័ត៌មាន អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា TVK និង​អគ្គនាយកដ្ឋាន AKP​។ ជា​សាស្ត្រាចារ្យ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល និង​ជា​សមាជិក​ក្រុមការងារ​ពិសេស​របស់​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០២ លោក ព្រហ្ម ញាណ​វិចិត្រ ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​អចិន្ត្រៃយ៍ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ការិយាល័យ​ព័ត៌មាន​សាធារណៈ​ ( ឋានៈ​ស្មើ​រដ្ឋលេខាធិការ )​។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​អង្គ​សវនាការ គ​.​ជ​.​ប និង​ជា​អនុ​ប្រធាន​អនុគណៈកម្មាធិការ​អចិន្ត្រៃយ៍​ផ្នែក​ប្រតិបត្តិការ ព្រមទាំង​ជា​អនុប្រធាន​អនុគណៈកម្មាធិការ​អចិន្ត្រៃយ៍ ផ្នែក​សេវាកម្ម​ច្បាប់ គ​.​ជ​.​ប​។​

​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៤ លោក ព្រហ្ម ញាណ​វិចិត្រ ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ( ឋានៈ​ស្មើ​រដ្ឋមន្ត្រី )​។ ចាប់ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៦ លោក ព្រហ្ម ញាណ​វិចិត្រ ជា​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​៕សរន