លោក ម៉ែន វិបុល បន្តនាំយកអំណោយមនុស្សធម៌ របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុករមាសហែក

99
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសមាជិកសមាជិការនៃគណៈកម្មាធិការសាខា អនុសាខា

កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១២០ បានបន្តនាំយកអំណោយមនុស្សធម៌ របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២០ ចំនួន ៣១ ខ្នង ចំនួន ៥ ឃុំ ក្នុងស្រុករមាសហែក គឺឃុំជ្រៃធំ សំបួរ អំពិល ចន្ត្រី និងឃុំត្រស់ ក្នុងនោះខូចខាតទាំងស្រុង ៦ ខ្នង មធ្យម ៩ ខ្នង និងខូចខាតស្រាល ១៦ ខ្នង បណ្តាលឲ្យរបួសមនុស្ស ១ នាក់ និងបានសួរសុខទុក្ខពលករដែលទើបនឹងត្រឡប់មកពីធ្វើការនៅក្រៅប្រទេសចំនួន ៣ នាក់ (ថៃ ២ នាក់ កូរ៉េ ១ នាក់)ដែលបច្ចុប្បន្នពួកគាត់កំពុងរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ។

ក្នុងឱកាសនោះ លោក ម៉ែន វិបុល បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។

ទន្ទឹមនេះលោកក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សា ឲ្យបានទាន់ពេលវេលា ចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់នៅពេលទៅណាមកណាដើម្បីការពារពីការឆ្លងនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៍ដូចជានៅលើពិភពលោកផងដែរ ចំពោះបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេសដែល កំពុងរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ប្រសិនបើមានអារៈដូចជា ក្តៅខ្លួន ហត់ពិបាកដកដង្ហើម ក្អក ឈឺក្បាល សូមប្រញាប់ទៅជួបគ្រូពេទ្យដែលនៅជិតបំផុត ។

អំណោយដែលបានចែកជូនចំនួន ៣១ គ្រួសារ ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ៦ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០ រៀល ។ គ្រួសាររងគ្រោះមធ្យម ៩ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០ រៀល និង សម្រាប់គ្រួសាររងគ្រោះស្រាល ១៦ គ្រួសារ ទទួលបានថវិកា ៥០,០០០ រៀល អ្នករបួស ១ នាក់ ក្នុងម្នាក់ថវិកា ២០០,០០០ រៀល៕/B