លោក សុវណ្ណ រិទ្ធី ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធការផ្សាយព័ត៌មានញុះញង់បង្កចលាចលក្នុងសង្គម ដោយប្រឈមទោសពី៦ខែទៅ២ឆ្នាំ

106
ចែករម្លែក

ដោយ:ឆាយានាថ/ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នេះ លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយកសារព័ត៌មាន TVFB ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” តាមមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការផ្សាយព័ត៌មានបង្កភាពចលាចលក្នុងសង្គម ។

សមត្ថកិច្ចបានចាប់ខ្លួនលោក សុវណ្ណ រិទ្ធី កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ដល់ទីស្នាក់ការសារព័ត៌មាន TVFB នៅខណ្ឌសែនសុខ ក្រោយស្ថាប័នមួយនេះ ផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និង កាត់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់អ្នករត់ម៉ូតូឌុប នៅពេលជួបវិបត្តិជំងឺកូវីដ១៩ ។

ជាមួយគ្នានេះ ក្រសួងព័ត៌មាន ក៏បានសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានរបស់ TVFB ផងដែរ៕/B