ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” គឺជា​ការសម្តែង​សិល្បៈ​របស់​ប្រទេស​កម្ពុជា ដែល​ពាំ​នាំសារ​នៃ​ការផ្សះផ្សា​ជាតិ​

877
ចែករម្លែក
  • 17
    Shares

ប្រែ​សម្រួល​ដោយ ៖ អ៊ុន សុដាវី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ភ្នំពេញៈ​ការសម្តែង​ល្ខោននិយាយ “ ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ធ្លាប់បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេល​១០​ឆ្នាំ​កន្លងមកហើយ ដោយបាន​ផ្តល់ឱកាស​ដ​ល់​ប្រជាជន​ដែល​ធ្លាប់​បានរស់នៅ និង​ឆ្លងកាត់​របប​ខ្មែរក្រហម​។ ការសម្តែង​ល្ខោន​នេះ មិន​ត្រឹមតែ​ផ្តល់ឱកាស​ដល់​អ្នក​រស់​រាន​មានជីវិត​ពីរ​បប​ខ្មែរក្រហម ដោយសារតែ​ការបង្ខិតបង្ខំ​ឲ្យ​ធ្វើ​ការងារ​ហួសកម្លាំង និង​អត់ឃ្លាន ក្នុងអំឡុងពេល​នៃ​របប​ខ្មែរក្រហម​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការសម្តែង​ល្ខោន​នេះ ថែមទាំង​បានផ្តល់​ឱកាស​ដល់​ប្រជាជន​ទាំងអស់ ដែល​បាន​ចូលរួម​ជាមួយ​ចលនា​ខ្មែរក្រហម​ទៀតផង​។

ការសម្តែងល្ខោនទម្លាយភាពស្ងៀមស្ងាត់

​សាច់រឿង​ដែល​បាន​រៀបរាប់​ដោយ​តួអង្គ​នីមួយៗ​ក្នុង​ការសម្តែង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ផ្អែកទៅលើ​រឿងរ៉ាវ​ពិត​ដែល​ប្រជាជន​បាន​ចែករំលែក​ដល់​អ្នកស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​
​នៅពេលនោះ សាលាក្តី​ខ្មែរក្រហម​ទើបតែ​ចាប់ផ្តើម​បង្កើត ហើយ​បាន​ចំណាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​កាត់ក្តី​មេដឹកនាំ​ខ្មែរក្រហម ដូចជា កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច ដែល​ត្រូវបាន​ផ្តន្ទាទោស អំឡុង​ឆ្នាំ​២០១០ ចំណែកឯ នួន ជា និង ខៀវ សំផន ត្រូវបាន​ផ្តន្ទាទោស​អំឡុង​ឆ្នាំ​២០១៤​។​

ការសម្តែងល្ខោនទម្លាយភាពស្ងៀមស្ងាត់

​ក្រោយមក ការសម្តែង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ត្រូវបាន​ចាក់ផ្សាយ​តាម​វិទ្យុ​នៅក្នុង​ប្រទេស​កម្ពុជា​។ ល្ខោននិយាយ​នេះ ត្រូវបាន​នាំយកទៅ​សម្តែង​នៅក្នុង​ប្រទេស​រ្វ៉ា​ន់​ដា​នៅក្នុង​ឆ្នាំ​២០១២ ជាមួយ​តួអង្គ​ជនជាតិ​រ្វ៉ា​ន់​ដា​ចំនួន​២​នាក់ ចូលរួម​សម្តែង បន្ទាប់ពី​ការ​ប្រារព្ធ​ពិធីបុណ្យ​រំឭក​ខួប នៃ​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​ប្រទេស​រ្វ៉ា​ន់​ដា​។

​ក្នុង​ឆ្នាំ​២០១៩​នេះ ការសម្តែង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” គឺ​កំពុង​ចាប់ផ្តើម​រៀបចំ​សម្តែង​សារជាថ្មី​ម្តងទៀត​នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​គម្រោង​មួយ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដោយមាន​ការបន្ថែម​ឈុត​ឆាក​ថ្មី​មួយ នាំយក​លទ្ធផល​ចុងក្រោយ​របស់​តុលាការ​មក​បញ្ចូល​នៅក្នុង​សាច់រឿង​។ ការសម្តែង​ល្ខោន​នេះ គឺ​ត្រូវបាន​សម្តែង​នៅក្នុង​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ និង​បន្ត​សម្តែង​នៅតាម​បណ្តា​ខេត្ត​ចំនួន​៤​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។​

ទស្សនិកជនចូលទស្សនាការសម្តែងល្ខោន

​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​និយាយថា “​ការសម្តែង​ល្ខោន​នេះ​គឺជា​ការបំពេញបន្ថែម​នៃ​យុត្តិធម៌​ដែល​តុលាការ​ខ្មែរក្រហម​មិនអាច​ផ្តល់​ឲ្យ​បាន​”​។ “​តុលាការ​ខ្មែរក្រហម គឺ​មិនមែនជា​វេទិកា​នៃ​ការព្យាបាល​ឬ​ការផ្សះផ្សា និង​ជា​ថ្នាក់រៀន​ប្រវត្តិសាស្ត្រ​នោះទេ ប៉ុន្តែ​ការសម្តែង​ល្ខោន​នេះ គឺជា​វេទិកា​នៃ​ការផ្សះផ្សា ឬ​ថ្នាក់រៀន​ប្រវត្តិសាស្ត្រ​នោះឯង​។

ការសម្តែង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ពាក់ព័ន្ធ​នឹង​ការរៀបរាប់​បញ្ហា​មួយចំនួន​នៅក្នុង​ប្រទេស ៖ ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ដែលជា​របប​មួយ​បាន​បណ្តាល​ឲ្យ​ប្រជាជន​ស្លាប់​អស់​ប្រហែល​២​លាន​នាក់ នៅតែ​បន្ត​រស់នៅ​ជាមួយ​អតីត​កម្មាភិបាល​ខ្មែរក្រហម​។ លោក ឆាំង យុ បាន​បន្ថែមថា “​តើ​អ្នកដឹង​ឬទេ នៅតាម​ភូមិ​ជាច្រើន​ដែល​អ្នក​រស់រានមានជីវិត​ពីរ​បប​ខ្មែរក្រហម​រស់នៅ​លាយឡំ​ជាមួយគ្នា​រវាង​ជនរងគ្រោះ និង​ជនដៃដល់​”​។​

“​តើ​វា​កើតឡើង​ដោយ​របៀប​ណា​បានជា​ខ្មែរ​សម្លាប់​ខ្មែរ​” សំណួរ​ដែល​តួ​សម្តែង​ឈ្មោះ ម៉ម សុខលី បាន​ចោទសួរ​នៅក្នុង​បទ​ចម្រៀង​អំឡុងពេល​ចាប់ផ្តើម​ការសម្តែង​។​
“​ខ្ញុំ​ពិតជា​អាម៉ាស់​ណាស់​នៅក្នុង​ជីវិត​របស់ខ្ញុំ​” និយាយ​ដោយ ប៉ុក សុ​វណ្ណា តួអង្គ​អតីត​កម្មាភិបាល​ពេទ្យ​នៅក្នុង​ឈុត​មួយ “​ខ្ញុំ​មានសង្ឃឹម គឺ​ក្តីសង្ឃឹម​ដ៏​តិចតួច​ដែល​គេ​នឹង​អត់ឱន​ទោស​ឲ្យ​ខ្ញុំ​”​។ តួ​តួអង្គ​ឈ្មោះ ឈុន ស៊ីណា បាន​ឆ្លើយតប​ថា “​ខ្ញុំ​ព្យាយាម​អភ័យទោស ខ្ញុំ​ចង់​អភ័យទោស​ឲ្យ​គាត់​ខ្លាំងណាស់​។ ប៉ុន្តែ យើង​មិនគួរ​បំភ្លេច​នូវ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នោះទេ​”​។

​ការសម្តែង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ផ្អែក​តាម​សាច់រឿង​ពិត​
​ចំពោះ​ការសម្តែង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” មានការ​ចូលរួម​ពី​តួ​សម្តែង​ចំនួន​៥​នាក់​, អ្នកចម្រៀង​១​នាក់ គឺជា​អ្នក​ច្រៀង​រៀបរាប់​ពី​សាច់រឿង​, អ្នករាំ​របាំ​បុរាណ​ខ្មែរ​១​នាក់ និង​អ្នកលេង​ភ្លេងបុរាណ​ខ្មែរ​១​នាក់ ដែល​អមដោយ​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​។ ការសម្តែង​ល្ខោននិយាយ​នេះ​មុនដំបូង​មាន ៧​សាច់រឿង ដោយ​ផ្អែកទៅលើ​រឿងរ៉ាវ​ពិត​របស់​ប្រជាជន ដែល​ប្រមូល​ទិន្នន័យ​ដោយ​អ្នកស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចូលរួម​សហការ​ជាមួយ អ្នកស្រី អាន់​ម៉ា​រី ព្រី​នស៍ ដែលជា​អ្នកនិពន្ធ និង​ដឹកនាំ​ការសម្តែង​សាច់រឿង​នេះ​។ លោក ឆាំង យុ និយាយថា “​ឧទាហរណ៍ រឿងរ៉ាវ​របស់​កុមារ​ដែលជា​អតីត​យោធា​ខ្មែរក្រហម ត្រូវបាន​ដកស្រង់​ចេញពី​សាច់រឿង​ចំនួន​១០០”​។ លោក​ឆាំង យុ ក៏បាន​បន្ថែមទៀតថា “​រឿងរ៉ាវ​នៃ​ការរំលោភ​ដែល​បាន​រៀបរាប់​ឡើងវិញ​នៅក្នុង​ការសម្តែង​ល្ខោននិយាយ​នេះ​គឺ​ផ្អែកទៅលើ​សក្ខីកម្ម​ជាច្រើន​ដែល​បាន​កើតមានឡើង​នៅក្នុង​របប​ខ្មែរក្រហម​។

​អ្នកស្រី អាន់​ម៉ា​រី ព្រី​នស៍ បាន​និពន្ធ​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” នេះ អស់​រយៈពេល​១០​ឆ្នាំ​មកហើយ​។ អ្នកដឹកនាំ​ល្ខោន​ជនជាតិ​ហូ​ឡង់​នេះ បាន​ជួប​ជាមួយ​ប្រជាជន​មួយចំនួន ដោយមាន​ការជួយ​សម្រប​សម្រួល​ពី​បុគ្គលិក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ស្វែងយល់​នូវ​រឿងរ៉ាវ​របស់​ប្រជាជន​ទាំងនោះ​។ ក្រោយមក គាត់​ក៏បាន​ប្រែក្លាយ​សាច់រឿង​របស់​ប្រជាជន​ទៅជា​សាច់រឿង​ល្ខោន​មួយ​ដែលមាន​ចំនួន​៧​ឈុត​។ ទម្រង់​ថ្មី​នៃ​ល្ខោននិយាយ​ក្នុង​ឆ្នាំ​២០១៩​នេះ អ្នកស្រី អាន់​ម៉ា​រី ព្រី​នស៍ បាន​បន្ថែម​ឈុត​១​ទៀត​ដែល​ផ្តោត​សំខាន់​ទៅលើ​យុវវ័យ​ជំនាន់​ក្រោយ​របស់​ប្រទេស​កម្ពុជា​សព្វថ្ងៃនេះ​។

​អតីតជន​រងគ្រោះ និង​ជនដៃដល់ កំពុង​រស់នៅ​ជាមួយគ្នា​

​ការសម្តែង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” រៀបរាប់​ពី​ការឈឺចាប់​របស់​អ្នក​ដែល​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​មេដឹកនាំ​ខ្មែរក្រហម​ក្នុងអំឡុងពេល​នៃ​របប​ខ្មែរក្រហម​ចាប់ផ្តើម​ពី​ខែមេសា ឆ្នាំ​១៩៧៥ និង​បានបញ្ចប់​ក្នុង​ខែមករា ឆ្នាំ​១៩៧៩​។ ការកាត់ក្តី​មេដឹកនាំ​ខ្មែរក្រហម​មួយចំនួន​មិនបាន​ធ្វើ​ឲ្យ​សេចក្តី​ឈឺចាប់​របស់​ជនរងគ្រោះ​បាន​ធូរស្បើយ​ឡើយ​។

​តួអង្គ​បាន​រៀបរាប់​អំពី​ផល​លំបាក​ដែល​ប្រជាជន​ខ្លះ​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​ព្រោះ​អ្នក​ទាំងអស់នោះ​ដឹងថា​ខ្លួន​របស់គេ​កំពុងតែ​រស់នៅ​ជាមួយ​អ្នក​ធ្លាប់បាន​ចូលរួម​ក្នុង​ចលនា​ខ្មែរក្រហម ដែល​បានសម្លាប់​ជីវិត​មនុស្ស​ប្រហែល​២​លាន​នាក់​នៅ​រវាង​ខែមេសា ឆ្នាំ​១៩៧៥ ដល់​ខែមករា ឆ្នាំ​១៩៧៩​។ ការសម្តែង​ក៏​បង្ហាញ​អំពី​ភាពអាម៉ាស​របស់​អតីត​កម្មាភិបាល​ខ្មែរក្រហម​មួយចំនួន​ដែរ ព្រមទាំង​បង្ហាញ​ពី​អតីត​កម្មាភិបាល​ខ្មែរក្រហម​ដ៏ទៃទៀត​ដែល​បាន​បដិសេធថា​មិនបាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ណាមួយ​នៅក្នុង​របប​ខ្មែរក្រហម​ឡើយ​។
​នៅក្នុង​ឈុត​ដំបូង តួ​សម្តែង​ម្នាក់​បដិសេដ​មិន​ទទួលស្គាល់​កំហុស​។ តួ​សម្តែង​ម្នាក់​នោះ និយាយថា “​យើង​ត្រូវបាន​បញ្ជា​ពី​មេដឹកនាំ​ថ្នាក់លើ​”​។

​ទោះបីជា​យ៉ាងណា នៅ​ឈុត​បន្ទាប់មកទៀត អតីត​នារី​ពេទ្យ​ខ្មែរក្រហម និយាយ​ពី​ភាព​សោកស្តាយ​ដែល​តាម​លងបន្លាច​នាង​ព្រោះ​នាង​មិន​ត្រឹមតែ​មិនបាន​ជួយ​ព្យាបាល​អ្នកជំងឺ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជំនួស​ឲ្យ​ការសម្លាប់​ទៅវិញ​។ តួអង្គ​ឈ្មោះ ឈុន ស៊ីណា ប្រាប់​នាង​ថា “​ខ្ញុំ​ដឹងថា​ខ្ញុំ​គួរតែ​អភ័យទោស ប៉ុន្តែ​គាត់​សម្លាប់​ឪពុក​របស់ខ្ញុំ ហើយ​ស្រែក​ដាក់​ម្តាយ​ខ្ញុំ​ទៀត​”​។

ការបញ្ចេញមតិ​របស់​យុវជន​ចំពោះ​ការសម្តែង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​”​នាពេល​បច្ចុប្បន្ន​
​ឈុត​ទី​៨ គឺជា​ឈុត​ថ្មី​ដែល​បាន​បញ្ចូល​ក្នុង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” សម្រាប់​ការសម្តែង​ក្នុង​ឆ្នាំ​២០១៩​នេះ ដោយបាន​បន្ថែម​ការសម្តែង​ដ៏​ពិសេស​សម្រាប់​យុវជន​កម្ពុជា​ដែល​តំណាង​ឲ្យ​ប្រជាជន​កម្ពុជា​ក្នុង​វ័យ​ចន្លោះ​ពី​២០​ឆ្នាំ ឬ​៣០​ឆ្នាំ និង​ធ្លាប់បាន​ស្គាល់​ប្រទេស​កម្ពុជា​ក្នុងពេល​វេលា​នៃ​សន្តិភាព​។​
​តួអង្គ​ឈ្មោះ ណេ​ន ភា​រិ​ទ្ធ សួរថា “​ហេតុអ្វី​ពូ​មីង​ត្រូវ​ខ្លាច​? តើ​ខ្លាច​ដោយសារ​អ្វី និង​ដោយសារ​នរណា​? ហេតុអ្វី​ជា​កំហុស​ដោយ​គ្មាន​ទីបញ្ចប់​? ហេតុអ្វី​ស្ងៀមស្ងាត់​?​។ ខ្ញុំ​គោរព​ពូ​មីង​និង​រឿងរ៉ាវ​ពី​អតីតកាល​របស់​ពូ​មីង​។ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ធ្លាក់ចូល​ទៅក្នុង​ការចង​ចាំ​ដ៏​អាក្រក់​របស់​ពូ​មីង​ទេ​។

​បន្ទាប់មក​ភា​រិ​ទ្ធ​បាន​ពន្យល់ថា កាល​នៅ​ពី​ក្មេង ឪពុក​របស់គាត់​បាន​ហាមឃាត់​មិន​ឲ្យ​គាត់​ទៅលេង​ជាមួយនឹង​អ្នកជិតខាង​ដែលជា​កូន​របស់​អតីត​កម្មាភិបាល​ខ្មែរក្រហម​ទេ​។ គាត់​និយាយ​ពី​ឪពុក​របស់គាត់​ថា “​ឪពុក​របស់គាត់​ត្រូវបាន​ជាប់គាំង​នៅក្នុង​ភាពឈឺចាប់​និង​អតីតកាល​របស់ខ្លួន​” ។ ដោយ​បន្ថែម​លើ​នេះ គាត់​មិនបាន​ធ្វើតាម​បញ្ជា​របស់​ឪពុក​គាត់​ទេ ហើយ​កូនប្រុស​របស់​អ្នកជិតខាង​នោះ​គឺជា​មិត្តភក្តិ​ដ៏​ល្អ​បំផុត​របស់គាត់​។
​តួអង្គ​ឈ្មោះ ប៉ុក សុ​វណ្ណា និយាយ​នៅក្នុង​ឈុត​មួយ​ថា “​ការ​ស្អប់​ដែល​គ្មាន​ទីបញ្ចប់ ធ្វើ​ឲ្យ​ក្លាយទៅជា​ជនរងគ្រោះ​នៃ​អំពើ​ស្អប់ ហើយ​ជា​ញឹកញាប់​កើតមាន​នៅក្នុង​គ្រួសារ​ទាំងមូល​របស់​យើង​។
​ការសម្តែង​ល្ខោន​នេះ​បញ្ចប់​ដោយ​ការ​ច្រៀង​របស់ យិន វុត្ថា “​សូម​ឲ្យ​មនុស្ស​ទាំងអស់​រស់នៅក្នុង​សុភមង្គល និង​សន្តិភាព​”​។

​តួ​សម្តែង​
​ក្រុម​អ្នក​សម្តែង​បាន​និយាយថា “​ការសម្តែង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​”​នៅ​ឆ្នាំ​២០១៩​នេះ គឺ​សម្តែង​ដោយ​តួអង្គ​ដដែល ដែល​បាន​សម្តែង​កាលពី​១០​ឆ្នាំមុន ដោយបាន​ជួបប្រទះ​បញ្ហា​ប្រឈម​ខ្លះៗ​។
​ខៀវ សុវណ្ណារិទ្ធ អ្នករាំ​របាំ​បុរាណ និង​សម្តែង​ជា​តួអង្គ​សត្វ​ស្វា ដែលជា​តួអង្គ​ត្រូវបាន​គេ​ស្គាល់​នៅក្នុង​ប្រទេស​កម្ពុជា យល់ឃើញថា សព្វថ្ងៃនេះ វា​ជួបប្រទះ​ការលំបាក​ខ្លះៗ​ក្នុងការ​ពណ៌នា​អំពី​តួអង្គ​ស្វា ពីព្រោះ​គាត់​មាន​វ័យ​ចំណាស់​ជាង​មុន​១០​ឆ្នាំ​ទៀតហើយ​។ គាត់​និយាយថា “​ពេលខ្លះ ការនិយាយ​រៀបរាប់ គឺ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​បង្ហាញ​ពីអ្វី​ដែល​បាន​កើតឡើង​នៅក្នុង​ការសម្តែង​នោះទេ​”​។ គាត់​ក៏​បន្ថែមទៀតថា “​ការសម្តែង​របស់ខ្ញុំ​គឺ​ត្រូវ​បង្ហាញ​ដល់​ទស្សនិកជន​អំពី​រូបភាព​នៃ​ហេតុការណ៍​នីមួយៗ​ដែល​កើតឡើង និង​ពិពណ៌នា​ដោយ​តួអង្គ​ប្រុស​និង​តួអង្គ​ស្រី​”​។ នៅក្នុង​ការសម្តែង​លើកដំបូង​នៅក្នុង​ខែមករា ឆ្នាំ​២០១៩ នេះ ទស្សនិកជន​កម្ពុជា បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​តួអង្គ​សត្វ​ស្វា​បាន​យ៉ាង​រហ័ស ដែល​មនុស្ស​មួយចំនួន​និយាយថា តួអង្គ​សត្វ​ស្វា​បាន​ជួយ​ឲ្យ​គេ​តាមដាន​សាច់​រឿងនេះ​។ គាត់​បន្ថែមថា “​ទោះបីជា​យ៉ាងណាក៏ដោយ គាត់​មាន​អារម្មណ៍​ថា​ធូរស្បើយ​បន្ទាប់ពី​ការសម្តែង​ឈុត​នីមួយៗ​”​។

​តួអង្គ​ស្រី​ឈ្មោះ ប៉ុក សុ​វណ្ណា សព្វថ្ងៃ​មាន​អាយុ​៥៧​ឆ្នាំ បាន​និយាយថា គាត់​ពិតជា​បារម្ភ​ណាស់​ចំពោះ​ការ​ភ្លេចភ្លាំង​នូវ​ឃ្លា​ដែល​គាត់​ត្រូវ​និយាយ​។ គាត់​បាន​រំឭក​ពី​ការសម្តែង​កាលពី​រយៈពេល​១០​ឆ្នាំមុន​ថា “​ទឹកភ្នែក​របស់ខ្ញុំ​បាន​ស្រក់​ចុះ​មកលើ​ផ្ទៃមុខ​ពីព្រោះ​សាច់រឿង​ទាំងអស់នេះ​បាន​ប្រាប់​ពីអ្វី​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​ក្នុង​របប​ខ្មែរក្រហម​។ ដូច​ច្នេះ ពេលខ្លះ​ខ្ញុំ​សម្តែង​មិនសូវ​បានល្អ​ទេ​”​។​
​អ្នកស្រី អាន់​ម៉ា​រី ព្រី​នស៍ ក៏បាន​និយាយ​ដែរ​ថា “​អ្នក​សម្តែង​ទាំងអស់​អាច​សម្តែង​តួអង្គ​របស់ខ្លួន​បាន​យ៉ាង​ស្ទាត់ជំនាញ​និង​ល្អប្រសើរ​ជាង​មុន​”​។

ការឆ្លើយតប​ពី​ទស្សនិកជន​
​ទស្សនិកជន​មក​ចូល​រូ​ម​ក្នុង​ការសម្តែង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩​នេះ មាន​សិស្សានុស្សិស្ស​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី​១០ ដល់ទី​១២ សិស្សានុសិស្ស និង​គរុ​សិស្ស​មកពី​វិទ្យាស្ថាន​ជាតិ​អប់រំ ថែមទាំង​ប្រជាជន​ដែល​រស់នៅ និង​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ដែរ​។

“​វ៉ុ​ន សាល សិស្ស​ថ្នាក់​ទី​១១ មកពី​សាលា​អន្តរជាតិ​ឡាយ​ហ្គឺ ស្ថិតក្នុង​ទីក្រុង​ភ្នំពេញ​បាន​និយាយថា “​ខ្ញុំ​ធ្លាប់បាន​ទស្សនាការ​សម្តែង​ល្ខោន​ស្រដៀង​គ្នា​នេះ​ជា​ច្រើនដង​មកហើយ ប៉ុន្តែ​វា​គឺជា​លើកដំបូង​ដែល​ខ្ញុំ​បាន​ទស្សនា​ការសម្តែង​ដែល​ពោ​ពេញ​ទៅដោយ​ភាព​ច្នៃប្រឌិត​។ ជាការ​ពិតណាស់ ល្ខោន​នេះ បង្ហាញ​សាច់រឿង​ខុសៗ​គ្នា​ដែល​ផ្សាភ្ជាប់​ពី​សាច់រឿង​មួយ​ទៅ​សាច់រឿង​មួយទៀត​ជាជាង​រៀបរាប់​អំពី​សាច់រឿង​តែមួយ ឬ​ផ្តោត​សំខាន់​លើ​រឿងរ៉ាវ​របស់​មនុស្ស​តែ​ម្នាក់ និង​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​គ្នា​រវាង​សម័យ​បច្ចុប្បន្ន និង​អតីតកាល ថា​តើ​អ្នក​ត្រូវ​បានទទួល​ការស្តីបន្ទោស​ឬក៏​អត់ឱន​។ ខ្ញុំ​ចង់​ឲ្យ​សិស្ស​ដ៏ទៃទៀត​ដឹង​ពី​រឿងរ៉ាវ​ទាំងនេះ និង​ស្វែងយល់ថា​វា​មិន​ត្រឹមតែ​ជនរងគ្រោះ​ទេ ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​ទៀត​ដែល​ទទួលបាន​បទពិសោធ​ន៍​ទាំងអស់នោះ​”​។

​ខាន ផាន់​ស៊ី គរុ​សិស្ស​ជំនាញ​អក្សរសាស្ត្រ​ខ្មែរ កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​បាន​និយាយថា​” គាត់​ធ្លាប់បាន​សិក្សា​អំពី​របប​ខ្មែរក្រហម​នៅ​សាលា និង​តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍​ពី​ម្តាយ​ឪពុក​របស់គាត់ ដែល​ទទួលរង​នូវ​ការឈឺចាប់​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​អំឡុង​ពេលនោះ ដែល​នេះ​គឺជា​មូលហេតុ​ធ្វើ​ឲ្យ​គាត់​តែងតែ​ស្អប់​ខ្មែរក្រហម​។ ប៉ុន្តែ នៅពេល​ស្តាប់ឮ​នូវ​រឿងរ៉ាវ​របស់​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ទាប ដែលជា​នារី​ពេទ្យ នៅក្នុង​ការសម្តែង​នោះ បានធ្វើ​ឲ្យ​គាត់​គិតពិចារណា​អំពី​បញ្ហា​ទាំងនេះ​ឡើងវិញ​”​។​

​សំ វិចិត្រ គ្រូបង្រៀន​ផ្នែក​ប្រវត្តិសាស្ត្រ​ថ្នាក់​ទី​១២​នៅ​ខេត្តកណ្តាល បាន​និយាយថា “ នៅពេលដែល​តួ​សម្តែង​បានចាប់ផ្តើម​ដើរ​ឡើង​ទៅលើ​ឆាក ខ្ញុំ​ចាប់ផ្តើម​ព្រឺ​សម្បុរ​ខ្ញាក​។ ទាំង​ការសម្តែង​សាច់រឿង និង​ការរៀបចំ​គឺ​ពិតជា​ល្អ​ខ្លាំងណាស់ ជាពិសេស​តួអង្គ​សត្វ​ស្វា ដែល​បង្ហាញ​ពី​រឿងរ៉ាវ​នីមួយៗ​”​។ គាត់​បន្ថែមថា “​សិស្ស​មួយចំនួន​មិន​ជឿ​ពីអ្វី​ដែល​បាន​និយាយ​អំពី​ការកើតឡើង​នៃ​របប​ខ្មែរក្រហម​ទេ​។ ជំពូក​ខ្មៅ​ងងឹត​នៃ​ប្រវត្តិសាស្ត្រ​អាច​នឹង​បង្រៀន​ដល់​សិស្ស ដែល​អាច​ឲ្យ​សិស្ស​ទាំងអស់​ចូលរួម​ការពារ​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ដ៏​គ្រោតគ្រាត​នេះ​កើតឡើង​ម្តងទៀត និង​ជំនួស​ឲ្យ​អ្វី​ដែលមាន​ភាព​វិជ្ជមាន​ឡើងវិញ​”​។​
​លោក ផេង ពង្ស​រ៉ាស៊ី នាយក​មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​បូព៌ា យល់ស្រប​អំពី​សារសំខាន់​នៃ​ការអប់រំ​អំពី​ប្រវត្តិសាស្ត្រ ដើម្បី​ឲ្យ​ប្រាកដថា​អំពើ​ប្រល័យពូជសាសន៍​នឹងមិន​កើតឡើង​សារជាថ្មី​ម្តងទៀត​។ “​តុលាកា​ខ្មែរក្រហម​ស្ទើរតែ​បញ្ចប់​ទាំងស្រុង​ទៅហើយ និង​មិនអាច​ផ្តល់​ឲ្យ​នូវ​យុត្តិធម៌​បាន​គ្រប់គ្រាន់​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​នោះទេ​”​។
“​ប្រសិនបើ​តុលាការ​ខ្មែរក្រហម មិនអាច​រក​យុត្តិធម៌​ឲ្យ​អ្នក​បាន​គ្រប់គ្រាន់​ទេ តើ​អ្នក​អាចធ្វើ​អ្វី​សម្រាប់​សហគមន៍​របស់​អ្នក​? ដូច​ច្នេះ ការអប់រំ គឺជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ​បំផុត​។ យើង​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​និយាយ​អំពី​បទពិសោធន៍​ជីវិត​នៅក្នុង​របប​ខ្មែរក្រហម ចំណែកឯ​ក្មេងៗ​ជំនាន់​ក្រោយ​អាច​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​តាមរយៈ​បទពិសោធន៍​ទាំងនោះ និង​បន្ទាប់មក​ធ្វើការ​ចែករំលែក និង​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ​។ ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​យុត្តិធម៌​ដែរ​”​។

​ក្នុងចំណោម​អ្នកទស្សនា មានការ​ផ្តល់​មតិ​ផ្សេងៗ​គ្នា​ជាច្រើន​ថា​តើ​ខ្មែរក្រហម​ទាំងអស់​គួរតែ​ត្រូវ​អភ័យទោស​ឲ្យ​ឬទេ​។ ទីន មហាម៉ាត់ មាន​អាយុ​៣០​ឆ្នាំ​នៅ​សម័យ​ខ្មែរក្រហម ជឿជាក់ថា​ការសម្តែង​ល្ខោន​នេះ បាន​ពាំ​នាំយក​នូវ​សារ​ដ៏​មាន​សារសំខាន់​ទៅដល់​យុវជន​បច្ចុប្បន្ននេះ​។ ចំពោះ​ការលើកលែងទោស​វិញ គឺ​គាត់​មិនអាច​លើកលែងទោស​ឲ្យ​មេដឹកនាំ​ខ្មែរក្រហម​ថ្នាក់លើ​បានទេ​។ គាត់​បាន​បន្ថែមថា “​ខ្ញុំ​ចង់​ឲ្យ​ជនដៃដល់ ត្រូវបាន​សម្លាប់​ដូចដែល​ប្រជាជន​ត្រូវបាន​ពួកគេ​សម្លាប់​ដែរ​”​។

​អ៊ុង វណ្ណា ភេទ​ស្រី មាន​អាយុ​៣០​ឆ្នាំ​ក្នុងអំឡុងពេល​នៃ​របប​ខ្មែរក្រហម ចាប់អារម្មណ៍​ចំពោះ​ការផ្សះផ្សា​។ គាត់​បាន​និយាយ​អំពី​ការសម្តែង​ល្ខោន​នេះ​ថា “​ខ្ញុំ​ចូលចិត្ត​បទ​ចម្រៀង​ចុងក្រោយ​ណាស់​៖ ប្តូរ​ពី​ទន្លេ​ឈាម​ទៅជា​ទន្លេ​នៃ​ការផ្សះផ្សា​។ ទន្លេ​នៃ​ការទទួលខុសត្រូវ​។ នេះ​គឺជា​ឈុត​ដែល​ខ្ញុំ​ចូលចិត្ត​។ ខ្ញុំ​ចង់​ឲ្យ​ការសម្តែង​នេះ​បន្ត​ពង្រីក​ឲ្យ​បាន​ទូលំទូលាយ​នៅក្នុង​ប្រទេស​សម្រាប់​ការផ្សះផ្សា​ជាតិ​”​។
​គម្រោង​នៃ​ការសម្តែង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ទទួលបាន​ការឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត និង​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ និង​សម្ព័ន្ធ​អន្តរជាតិ​នៃ​ទីតាំង​មនសិការ​។​

​ការសម្តែង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” គឺ​ដើម្បី​សងគុណ​ដល់​ម្តាយ​ទាំងអស់​ដែល​ចិញ្ចឹម​កូន​របស់ខ្លួន​ដោយ​បាត​ដៃទទេ​,​គ្មាន​ស្បែកជើង​, គ្មាន​ការសិក្សា ហើយនឹង​ដែលជា​អ្នក​កសាង​ប្រទេស​ឡើងវិញ​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩​៕