វិធានការ​ប្រឆាំង​កូរ៉ូ​ណា​នៅ​សិង្ហបុរី​៖ អាច​ជាប់គុក​ឬ​ពិន័យ​ប្រាក់​គ្រាន់​តែ​ឈរ​ជិត​គ្នា​ក្រោម​១​ម៉ែត្រ​

222
ចែករម្លែក

​ក្រោម​ច្បាប់​ថ្មី​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​មីនា​ដើម្បី​ទប់ស្កាត់​ការចម្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា ប្រជាជន​សិង្ហ​បុរី​អាច​ត្រូវ​ដាក់​គុក​៦​ខែ បើ​ពួកគេ​មាន​ចេតនា​ឈរ​កៀក​គ្នា​។​

ប្រជាជន​សិង្ហ​បុរី​អាច​រង​ការ​ពិន័យ​ប្រាក់​១​ម៉ឺន​ដុល្លារ​សិង្ហ​បុរី​(៧.០០០​ដុល្លារ​អាម៉េរិក​)​ឬ​ជាប់គុក​៦​ខែ​ចំពោះ​ការ​ឈរ​ចម្ងាយ​៣​ហ្វីត​(០,៩១៤៤​ម៉ែត្រ​)​ពី​គ្នា​ចុះ

​រដ្ឋ​បែប​ជា​ទីក្រុង​នេះ បាន​ដាក់​ចេញ​វិធានការ​ថ្មីៗ​ជា​បន្តបន្ទាប់​ដើម្បី​ទប់ទល់​នឹង​វីរុស​ឆ្លងកូវី​ត​១៩ រួម​មាន​បិទ​រង្គសាល និង​រោងភាពយន្ត ព្រមទាំង​ហាម​​ប្រាម​ព្រឹត្តិការណ៍​ធំៗ​និង​រឹតត្បិត​ការធ្វើដំណើរ​។​

​វិធានការ​មួយ​ដើម្បី​ធានា​ការ​នៅ​ឆ្ងាយ​ពីគ្នា គឺ​ហាម​បុគ្គល​ម្នាក់ៗ​ឈរ​ជិត​គ្នា​ក្រោម​១​ម៉ែត្រ​ឡើង​នៅ​កន្លែង​កំណត់​មួយ​ចំនួន​។​ប្រជាជន​សិង្ហ​បុរី​អាច​រង​ការ​​ពិន័យ​ប្រាក់​១​ម៉ឺន​ដុល្លារ​សិង្ហ​បុរី​(៧.០០០​ដុល្លារ​អាម៉េរិក​)​ឬ​ជាប់គុក​៦​ខែ​ចំពោះ​ការ​ឈរ​ចម្ងាយ​៣​ហ្វីត​(០,៩១៤៤​ម៉ែត្រ​)​ពី​គ្នា​ចុះ ។​ម្ចាស់​ហាង ក៏​តំរូវ​អោយ​​អនុវត្ត​វិធានការ​ដូចគ្នា ដូចជា​ដាក់​កៅអី​មិន​ជាប់​នឹង​ឥដ្ឋ​(​ដី​)​នៅ​ចម្ងាយ​ពីគ្នា​១​ម៉ែត្រ​ឡើង ដើម្បី​ធានា​ថា​អតិថិជន​នៅ​ឆ្ងាយ​ពីគ្នា​នៅពេល​ឈរ​តម្រង់​ជួរ​។​

​ម្ចាស់​ហាង​ក៏​ប្រឈម​ការពិន័យ​ដូច​អតិថិជន​បើ​ត្រូវ​រក​ឃើញ​ថា​រំលោភ​ច្បាប់​។​

​ប្រជាជន​ក៏​ហាម​អង្គុយ​នៅ​តុ​ចម្ងាយ​ពី​គ្នា​ក្រោម​១​ម៉ែត្រ​ឡើង នៅពេល​រាល់​ហាង​ខារ៉ាអូខេ និង​រង្គសាល​ត្រូវបាន​បញ្ជា​អោយ​បិទ​។​

ដើម្បី​ធានា​ការបើក​ដំណើរការ​រកស៊ី​បាន បណ្តា​ហាង​ត្រូវ​ចាប់​បង្ខំ​អោយ​អតិថិជន​អនុវត្ត​ច្បាប់​នៅ​ឃ្លាត​ពីគ្នា​។​ក្នុង​រូបនេះ ហាង​កាហ្វេ​គូសសញ្ញា​នៅលើ​​ឥដ្ឋ​ដើម្បី​បង្ហាញ​កន្លែង​ដែល​អតិថិជន​ត្រូវ​ឈរ​

​សិង្ហ​បុរី​ដែល​ធ្លាប់តែ​ល្បី​ខាង​អនុវត្ត​ច្បាប់​និង​សណ្តាប់ធ្នាប់​តឹងរឹង ហើយ​មាន​បទឧក្រិដ្ឋ​ទាប​បំផុត បាន​ដាក់ចេញ​វិធានការ​ទប់ស្កាត់​តឹងរឹង​ជា​បន្តបន្ទាប់​​ដើម្បី​ប្រឆាំង​វីរុស​កូវី​ត​១៩ តែ​ការរកឃើញ​ចំនួន​អ្នក​កើត​ជម្ងឺ​នេះ​ហាក់​មិន​ស្រកស្រុត​មាន​ទាំង​អ្នកដំណើរ​ចូល​មក​ពី​ក្រៅ​ប្រទេស​និង​ការឆ្លង​នៅក្នុង​ស្រុក​​។​

​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​មីនា ប្រទេស​នេះ​បានប្រកាស​រក​ឃើញ​អ្នក​ឆ្លង​៤៩​នាក់​បន្ថែម​។​សរុប សិង្ហ​បុរី​មាន​អ្នក​ឆ្លងកូវី​ត​១៩​ចំនួន​៧៣២​នាក់ និង​១៨៣​នាក់​​បានជា​ចេញពី​មន្ទីរពេទ្យ​៕​ប្រែ​សម្រួល​៖​វាសនា​