វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក​ប្រមាណ​២៣,៥% ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆ្នាំ​២០១៨

547
ចែករម្លែក
  • 11
    Shares

ដោយ:មូល​សម្បត្តិ​/ភ្នំពេញ​ ៖ ​ថ្លែង​ក្នុង​​សន្និបាត​បូក​សរុប​វិស័យ​កសិកម្ម​ឆ្នាំ​២០១៨​ និង​ទិសដៅ​ឆ្នាំ២០១៩​ កាលពី​ថ្ងៃទី១២​ ខែមីនា​នេះ​​ លោក​វេ​ង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រ​មាញ់ ​និង​នេសាទ​បាន​វាយតម្លៃ​លទ្ធ​ផល​​ក្នុង​ឆ្នាំ​២០១៨ វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក​ប្រមាណ២៣,៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប ហើយ​តម្លៃបន្ថែម​សរុប​នៃ​វិស័យ​កសិកម្ម​បាន​បន្ត​កើន​ដល់២១៩១៣ ប៊ី​លាន​រៀល​នៅ​ឆ្នាំ​២០១៨​។

ការចូលរួមចំណែក​នៃ​អនុវិស័យ​ក្នុង​វិស័យ​កសិកម្ម​រួមមាន​៖ ផ្នែក​ដំណាំ​បាន​ចូលរួម ៥៨,១% ផ្នែក​ផលិតកម្ម​សត្វ​១១,២% ផ្នែក​ជលផល​២៤% និង​ផ្នែក​ព្រៃឈើ​៦,៧%​។ ចំពោះ​សមិទ្ធផល​សំខាន់ៗ​ដែល​សម្រេចបាន​នា ឆ្នាំ​២០១៨ មាន​ដូចតទៅ​៖ ១-ផល​ស្រូវ​សម្រេចបាន​លើ​ផ្ទៃដី​ចំនួន៣,៣៤​លាន​ហិកតា ស្មើនឹង​១១៣%​នៃ​ផែនការ ក្នុងនោះ​ស្រូវវស្សា ២,៧៥ លាន​ហិិកតា និង​ស្រូវ​រដូវប្រាំង០,៥៩​លាន​ហិកតា ទិន្នផល​គិត​ជា​មធ្យម ៣,៣៥​ត​/​ហិកតា (​ស្រូវវស្សា ៣,០៩៤​ត​/​ហិកតា ស្រូវប្រាំង ៤,៥១២​ត​/​ហិកតា​)​។

បរិមាណ​ផល​ស្រូវ​សរុប​ទទួលបាន​ប្រមាណ ១០,៨៩​លាន​តោន គឺ​កើន​ប្រមាណ ៣,៥១% ធៀប​នឹង​ឆ្នាំ​២០១៧ (​ស្រូវវស្សា​ជាង ៨,២១​លាន​តោន និង​ស្រូវ​រដូវប្រាំង​ជាង ២,៦៨​លាន​តោន និង​មាន​អតិរេក​ស្រូវ​ចំនួន​ជាង ៥,៨៣​លាន​តោន គិត​ជា​អង្ករ​ស្មើនឹង ៣,៧៣​លាន​តោន​។

ផលិតកម្ម​ដំណាំ​រួមផ្សំ និង​ឧស្សាហកម្ម​ទទួលបាន​ប​រិ​មាណ​ផល​ប្រមាណ​១៦,៦៤​លាន​តោន​នៅ​ឆ្នាំ​២០១៨​។ ការនាំចេញ​កសិផល​ស​រុ​ប​បាន​កើន​ឡើងដល់ ៤,២៣​លាន​តោន ក្នុងនោះ​អង្ករ​នាំចេញ​ផ្លូវការ​បាន​ជាង ៦២៦​ពាន់​តោន​។

ដោយឡែក ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៩​នេះ ការនាំចេញ​ស្រូវ​ក្រៅផ្លូវការ​មាន​ចំនួន​ជាង ៩០៩​ពាន់​តោន តាម​ច្រក​សំខាន់ៗ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ចំនួន​៥​ខេត្ត រួមមាន​​ខេត្តតាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និង​ខេត្តកំពត​។ ដំណាំ​កៅស៊ូ​ធម្មជាតិ​សម្រេចបាន​ជាង ៤៣៦​ពាន់​ហិកតា ក្នុងនោះ​កៅស៊ូ​ក​សិ​-​ឧស្សាហកម្ម​ជាង ២៧៥​ពាន់​ហិកតា និង​កៅស៊ូ​គ្រួសារ ១៦១​ពាន់​ហិកតា​។ ផ្ទៃដី​កៅស៊ូ​ចៀរ​ជ័រ​ចំនួន ២០២​ពាន់​ហិកតា ផល​កៅស៊ូ​សម្រេចបាន​ចំនួន ២២០​ពាន់​តោន​។

ក្រសួង​បាន​បង្កើត​សហគមន៍​កសិកម្ម​ចំនួន ១១១៦​សហគមន៍ ក្នុងនោះ​១២០​សហគមន៍​​កំពុង​ត្រូវបាន​ជំរុញ​ឱ្យក្លាយ​ទៅជា​សហគម​ន៍​គំរូ​និង​ក​សិ​-​ធុរកិច្ច​។ ក្រសួង​ក៏បាន​ផលិត​ពូជស្រូវ​ចំនួន ១៨៨​ពាន់​តោន និង​គ្រាប់ពូជ​ដំណាំ​សាកវប្បកម្ម​បាន​ចំនួន ២៥​តោន និង​បាន​បញ្ចេញ​ពូជ​សណ្តែកដី “​ខេ​ប​១-CAP1” ជា​ពូជ​មាន​ទិន្នផល​ខ្ពស់​។
២-ផលិតកម្ម​សត្វ​សម្រេចបាន​ចំនួន ៤៤,៣​លាន​ក្បាល​ការចិញ្ចឹម​សត្វ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​បាន​កើន​២០% ។ ​ក្នុងនោះ​ផលិតកម្ម​បក្សី​កើនឡើង ២១,៣%​។ ការផលិត​និង​ផ្គត់ផ្គង់​សាច់មាន​ការកើនឡើង​ស្របទៅនឹង​កំណើនប្រជាជន និង​ភ្ញៀវទេសចរ ពោលគឺ​បាន​កើន​ដល់ ២៣១​ពាន់​តោន​។ ៣-វិស័យ​ជលផល និង​ការអភិវឌ្ឍ​វារីវប្បកម្ម នៅក្នុង​ឆ្នាំ​២០១៨​នេះ​មាន​សហគមន៍​នេសាទ ៥១៦​សហគមន៍ (​សហគមន៍​នេសាទ​ទឹកសាប ៤៧៥ និង​នេសាទ​សមុទ្រ ៤១) មាន​សមាជិក​សរុប​ចំនួន​ជាង ៣៣២​ពាន់​នាក់ ហើយ​ក្នុងនោះ​២៧​សហគមន៍​កំពុង​ប្រែក្លាយ​ទៅជា​សហគមន៍​អេកូ​ទេសចរណ៍​ធម្មជាតិ​។ កន្លែង​អភិរក្ស​ទូទាំងប្រទេស​ចំនួន ៦៦៥​កន្លែង និង​ស្រះ​ជម្រក​ត្រី ៨៨៤​កន្លែង​។ ផល​ចាប់ពី​ធម្មជាតិ និង​ផល​វារីវប្បកម្ម​សម្រេច​បាន​ចំនួន ៩១០​ពាន់​តោន (​ទឹកសាប ៥៣៥ សមុទ្រ ១២១ និង​វារីវប្បកម្ម ២៥៤)​។ ការកែច្នៃ​ទាំង​ផល​នេសាទ​ទឹកសាប និង​សមុទ្រ​សម្រេចបាន ៨៤​ពាន់​តោន និង​ការនាំចេញ​បាន ១៤​ពាន់​តោន​។
៤- មាន​សហគមន៍​ព្រៃឈើ​ចំនួន ៦១៤​សហគមន៍ គ្របដណ្តប់​លើ​ផ្ទៃដី​សរុប​ជាង ៥០៨​ពាន់​ហ​.​ត ដាំ​ដើមឈើ​បាន ៣៤៣​ហ​.​ត បាន​បំពេញ​ទម្រង់​បែបបទ​សុំ​ចុះបញ្ជី​ដី​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ចំនួន​៣៨​ទីតាំង លើ​ផ្ទៃដី​ទំហំ ២១២​ពាន់​ហិកតា។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រសួង​បានធ្វើ​ការណែនាំ​ឲ្យ​អនុវត្ត​នូវ​វិធានការ​ជា​គន្លឹះ​សំខាន់ៗ​មួយចំនួន​តាមរយៈវេទិកាសាធារណៈ​ ដើម្បី​បន្ត​និរន្តរភាព​លើ​ការគ្រប់គ្រង​ និង​អភិវឌ្ឍន៍​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​បាន​ចូលរួម​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ច្បាប់​ស្តីពី​ព្រៃឈើ ដោយ​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​។

​សន្និបាត ក៏​មិន​ភ្លេច​នូវ​ការលើកឡើង​នៃ​ចំណុច​អវិជ្ជមាន​និង​បញ្ហា​ប្រឈម​ដែល​ក្រសួង​កំពុង​ជួបប្រទះ​មួយចំនួន​មាន​ជាអាទិ៍​៖ ១. ទិន្នផល និង​គុណភាព​ផលិតកម្ម​នៅ​ទាប ការធ្វើ​ពិពិធ​កម្ម និង​ពាណិជ្ជ​តូបនីយកម្ម​កសិកម្ម​នៅមានកម្រិត កង្វះ​ប្រព័ន្ធ​កែច្នៃ និង​ទីផ្សារ​មានការ​ប្រកួតប្រជែង​ខ្ពស់​។ ២. ការងារ​ស្រាវជ្រាវ និង​សេវា​ផ្សព្វផ្សាយ​នៅ​មិនទាន់បាន​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅឡើយ​។ ៣. ប្រព័ន្ធ​ស្រោចស្រព​តាម​លក្ខណៈ​សន្សំសំចៃ​ទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​កសិកម្ម​នៅ​មិនទាន់​គ្រប់គ្រាន់​។ ៤. ការគ្រប់គ្រង និង​ការប្រើប្រាស់​ដី​កសិកម្ម​ឲ្យ​ចំ​គោលដៅ និង​សក្តានុពលភាព​នៅតាម​ភូមិសាស្ត្រ​នីមួយៗ​ស្ថិត​នៅតែ​ជា​បញ្ហា​។ ៥. ការទប់ស្កាត់​បទល្មើស​ព្រៃឈើ ជលផល ការនាំ​ចូល​សត្វ និង​សម្ភារៈកសិកម្ម​ខុសច្បាប់ រួមទាំង​ការត្រួតពិនិត្យ អនាម័យ​និង​ភូតគាម​អនាម័យ​នៅមានកម្រិត។​ សកម្មភាព​កាប់​រាន​ហ៊ុមព័ទ្ធ​ដីព្រៃ​ឈើ ព្រៃ​លិច​ទឹក ដោយ​ខុសច្បាប់​នៅតែ​កើតមាន​រហូតមកទល់​បច្ចុប្បន្ននេះ​។ ៦. ការរក​ទីផ្សារ​លក់​ផលិតផល​កសិកម្ម ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​នៅ​ជួប​បញ្ហា​។​

​ទាក់ទង​នឹង​បញ្ហាសំខាន់ៗ​ខាងលើ និង​ជាពិសេស​ដើម្បី​បន្ត​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ថែមទៀត លោក​​រដ្ឋមន្ត្រី​បានស្នើ​ដល់​អង្គសន្និបាត​ទាំងមូល ពិសេស​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គ្រប់​អង្គភាព​ជំនាញ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេ​សា​ទ រាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ពិចារណាលើអនុសាសន៍សំខាន់ៗដែលជារួមទាក់ទងនឹងយន្តការ ឬវិធានការដោះស្រាយបញ្ហា ការធ្វើទំនើបកម្មកសិកម្ម​ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ដំណាំកៅស៊ូ ដាំណាំកសិឧស្សាហកម្ម ដំណាំស្រូវ និងដំណាំរួមផ្សំ ការលើក​កម្ពស់ផលិតភាពផលិតកម្មចិញ្ចឹមសត្វ ចំណី ការបង្កាត់ពូជ ការផ្គត់ផ្គង់សាច់ និងការ​គ្រប់គ្រងជំងឺ។ ពង្រឹងការគ្រប់គ្រងធនធានជលផល ជំរុញវារីវប្បកម្ម ទាំងទឹកសាប និងសមុទ្រ ការចិញ្ចឹមត្រីក្នុងស្រែនិង ការអភិរក្សតំបន់ការពារមេពូជ និងការ​បង្ក្រាប​បទល្មើស។ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ជំរុញការស្តារដាំដុះព្រៃ​ឈើឡើង​វិញ ដោយសហការជាមួយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងធ្វើបច្ចុប្បន្នភាពកម្មវិធី​ព្រៃឈើជាតិ។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេច​ឲ្យបាននូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មនាឆ្នាំ២០១៩-២០៣០៕B/Ha