វីង និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”គាំទ្រអ្នកច្នៃប្រឌិត​បច្ចេក​វិទ្យា​

80
ចែករម្លែក

ដោយៈសុផល

ភ្នំពេញ៖ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតនិងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”​ឥឡូវ​នេះកំពុង​ធ្វើការរួមគ្នាដើម្បីជំរុញកំណើននៃធុរកិច្ចថ្មី និង សហគ្រាសធុន​តូច​និង​មធ្យម​នៅ​កម្ពុជា។បច្ចេកវិទ្យាចុងក្រោ​យ​រប​ស់វីង នឹងជួយគាំទ្រសមាជិក​មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី  “តេជោ​​” ខណៈពេលដែលពួកគេកសាងអ្នកជំនាន់ក្រោយនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា។

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ត្រូវបានបង្កើតឡើងនាចុងឆ្នាំ ២០១៨ ដែលមានទីតាំង​នៅក្នុងបរិវេណ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងគោលដៅជួយដល់ប្រទេស​ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចឌីជីថលឲ្យបានពេញលេញ។ តាមរយៈភាពជាដៃគូជាមួយធនាគារឯកទេសវីង នេះ​ មជ្ឈមណ្ឌល និងសមាជិករបស់ខ្លួនអាចប្រើប្រាស់បច្ចេកវិទ្យាសេវាទូទាត់ទំនើបចុងក្រោយ​តាមបែបឌីជីថលដើម្បីស្វែងរកឱកាសថ្មីម្រាប់ការច្នៃប្រឌិតបន្ថែមទៀត។

លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី“តេជោ”បានមាន​ប្រ​សា​​សន៍ថា៖«ភាពជាដៃគូនេះនឹងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់មជ្ឈមណ្ឌលចំពោះការ​អភិ​វ​ឌ្ឍ​ជាមូលដ្ឋាននៃការទូទាត់តាមបែបឌីជីថលសម្រាប់ការជម្រុញធុរកិច្ចថ្មីផ្នែកឌីជីថលនៅកម្ពុជា» ។

​លោកបានបន្តថា៖«សមាជិកធុរកិច្ចថ្មីរបស់មជ្ឈមណ្ឌលក៏នឹងអាចភ្ជាប់ទំនាក់ទំនងនិងរៀន​សូត្រ​ពីក្រុមហ៊ុនដែលប្រកបដោយនវានុវត្តន៍(ភាពច្នៃប្រឌិត)ដូចជាវីងក៏ដូចជាបានទទួល​ផល​ប្រយោ​ជន៍ពីអ្នកជំនាញបច្ចេក​ទេស និងដំណោះស្រាយទូទាត់តាមបែបឌីជីថលរបស់ វីងផងដែរ»។

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់សហគ្រិន និងកសាង​ផែន​ការដើម្បីបម្លែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច។ដោយបង្កើតឡើងសម្រាប់ជាស្ពានទំនាក់​ទំនង​​រវាងសហគ្រិន នឹងអ្នកពាក់ព័ន្ធដទៃទៀត មជ្ឈមណ្ឌលនេះនឹងផ្តល់ដល់សមាជិករបស់ខ្លួននូវ​ឧប​ករណ៍ដែលពួកគេត្រូវការដើម្បីជួយប្រទេសក្នុងការសម្របខ្លួនទៅនឹងនិន្នាការបច្ចេកវិទ្យាថ្មីនិងការ​ទទួលបានការច្នៃប្រឌិតថ្មី។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖«យើង​មាន​សេចក្តី​សោម​នស្ស​​រីករាយដែលយើងអាចប្រើប្រាស់ចំណេះដឹង​និងផលិតផល​របស់យើង​ដើម្បី​គាំទ្រដល់មជ្ឈមណ្ឌលបណ្តុះធុរ-កិ​ច្ច​​ថ្មី“តេជោ”ដែលមានចក្ខុវិស័យគាំទ្រថែរក្សារធុរកិច្ច​ដើម្បី​ពង្រីកទៅជាអាជីវកម្មដែលជោគ​ជ័យ។ តាមរយៈភាពជាដៃគូនេះយើងសង្ឃឹមថា វីងនឹង​អាច​ជួយបន្ថែមទៀតក្នុងការគាំទ្រដល់សហគ្រិនបច្ចេកវិទ្យាកម្ពុជាក្នុងការសម្របខ្លួនដើម្បីធ្វើសមាហរន្នកម្មស្របទៅតាមបដិវត្ត​សេដ្ធកិច្ចឧស្សាហកម្ម៤.០»។

ទាំងវីងនិងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី“តេជោ”សុទ្ធសឹងបានចែករំលែកគោលបំណងដូចគ្នា​ក្នុង​ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដើម្បីជំរុញការីកចម្រើនសេដ្ឋកិច្ចកម្ពុជានិងធ្វើឲ្យល្អប្រសើរនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។វីងត្រូវបានគេទទួលស្គាល់ជាធនាគារឯកទេស​ដែលមាន​បណ្តាញភ្នាក់ងារជាង៧៥០០ទូទាំងប្រទេសនិងមានកម្មវិធីទូទាត់ប្រាក់ចំណាយ​តាមបែប​ឌីជី​ថល​ តាមរយៈកម្មវិធីស្មាហ្វូនវីងជាមួយនឹងលក្ខណៈពិសេសជាច្រើនដែលជាតម្រូវការជីវ​ភាព​រស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី“តេជោ”​ មានគោលបំណងពន្លឿននិងផ្តល់សេវាបង្ហាត់បង្ហាញដែលបានរៀបចំឡើងសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម៕